ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ លោក ជេម សុខ វិភាគត្រូវខ្លះ តែលោក មាស នី ខុសទាំងអស់ ពីឆ្វេងទៅស្តាំ លោក ជេម សុខ លោក មាស នី និងលោក ឡៅ ម៉ុងហៃ
× ភ្នំពេញ៖ អ្នកវិភាគចំនួន៣នាក់ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមដានរាល់ពាក្យសម្ដី និងទស្សនៈរបស់ពួកគេ ជុំវិញបញ្ហានានា នៅក្នុងប្រទេសកម្ពុជា។ នោះគឺលោក មាស នី ,លោក ឡៅ ម៉ុងហៃ និងលោក ជេម សុខ ឬ សុខ សុគន្ធ។
មនុស្សទាំង៣នាក់ ដែលសម្ដេច ហ៊ុន សែន និយាយចំៗឈ្មោះនេះ គឺមានអ្នកវិភាគត្រូវខ្លះ និងខុសតែម្ដង។ តាមរយៈការស្ដាប់និងតាមដានកន្លងមក សម្ដេច ហ៊ុន សែន បានឲ្យតម្លៃការវិភាគរបស់លោក ជេម សុខ ចំនួន៣០ភាគរយ ។ ដ្បិតពលរដ្ឋខ្មែររស់នៅអាមេរិករូបនេះ ដែលគេសង្កេតឃើញថា ភាគច្រើនចេញមុខវិភាគលើចំណុចអវិជ្ជមានរបស់គណបក្សប្រឆាំងក្តី តែសម្ដេច អះអាងថា លោក ជេម សុខ វិភាគ១០លើក ទទួលយកបាន៣លើក ហើយផ្ទុយពីលោក ឡៅ ម៉ុងហៃ ដែលវិភាគ១០ករណី ទទួលយកបាន១ករណីទេ លើបញ្ហាសង្គមកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល។ ចំណែកលោក មាស នី ដែលជាអ្នកស្រាវជ្រាវបញ្ហាសង្គមវិញ មានភាពអវិជ្ជមានខ្លាំងមែនទែន។ សម្រាប់សម្ដេច ហ៊ុន សែន រាល់ការវិភាគរបស់លោក មាស នី ចំនួន១០លើកជុំវិញការដឹកនាំរដ្ឋាភិបាល គឺមានភាពអាក្រក់ទាំង១០ ដោយគ្មានចំណុចវិជ្ជមានណា ដែលសម្ដេច ទទួលយកបានឡើយ។
ទោះជាការវិភាគ វាតែងតែមានចំណុចល្អ និងអាក្រក់ របស់រដ្ឋាភិបាលដឹកនាំប្រទេសក្តី ក៏សម្ដេច ហ៊ុន សែន ត្រូវទទួលយករឿងនេះ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី៤ មីនា សម្តេចនាយករដ្ឋមន្ត្រី នៅលើកទឹកចិត្តឲ្យអ្នកវិភាគខាង បញ្ចេញរាល់ទស្សនៈខ្លួន ដើម្បីជាគតិសម្រាប់ការដោះស្រាយបញ្ហាជាតិដែរ៕
Tag:
សម្តេច ហ៊ុន សែន
អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com