កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool តាម Man City ១​ពិន្ទុ​វិញ​នៅ EPL ក្រោយ​ស្មើ Everton
04, Mar 2019 , 11:43 am        
រូបភាព
Liverpool ទទួលបាន​លទ្ធផល​ខ​ក​ចិត្ត ក្រោយ​ស្មើ ០-០ ជាមួយ Everton នា​ជំនួប​ក្របខណ្ឌ Premier League សប្តាហ៍​ទី​២៩ នៅ​យប់​ថ្ងៃទី​៣ ខែមីនា​។ លទ្ធផល​នេះ​បាន​នាំ​ក្រុម​ហង្ស​ក្រហម​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​២​វិញ ខណៈ Manchester City ឡើងទៅ​ឈ​កំពូល​តារាង​បន្ទាប់ពី​ពួកគេ​ឈ្នះ AFC Bournemouth ១-០​។​



អត្ថបទទាក់ទង


​ការប្រកួត​ដែល​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី ជា​លទ្ធផល​សោកស្តាយ​មួយ​សម្រាប់​លោក Jurgen Klopp ដែល​មិនអាច​រក​៣​ពិន្ទុ​បាន ដើម្បី​នាំ Liverpool រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង​បណ្តោះអាសន្ន​នៃ​លី​គ​កំពូល​អង់គ្លេស​។

​ឱកាស​មាន​ច្រើនលើក​សម្រាប់​កូនក្រុម​លោក Klopp ដូចជា Mohamed Salah និង Fabinho ប៉ុន្តែ​ពួកគេ​មិនអាច​សម្រេច​ទី​បាន ដោយសារ​មានការ​រំខាន​ពី​សំណាក់​ខ្សែការពារ និង​អ្នកចាំទី​របស់ Everton​។ សម្រាប់​លទ្ធផល​នេះ បានធ្វើ​ឲ្យ​ក្រុម​របស់លោក Pep Guardiola នាំមុខ Liverool ១​ពិន្ទុ​វិញ ក្រោយ​រកបាន​៧១​ពិន្ទុ​ពី​ការប្រកួត​២៩​លើក ហើយ​ឡើងឈ​ចំណាត់ថ្នាក់​ទីមួយ​តាំងពី​ពួកគេ​ឈ្នះ AFC Bournemouth ១-០ ម្ល៉េះ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់ Riyad Mahrez​។​



​ក្រោយ​ចប់​ការប្រកួត​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នៅតែ​រីករាយ​ក្នុងការ​ដេញតាម​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Man City​។ «​ខ្ញុំ​បាន​មើល​ការប្រកួត​របស់ Man City រួចហើយ ពួកគេ​មានឱកាស ៩០០​ដង និង​សម្រេច​ទី​១ គ្រាប់ ហើយ​ស៊ុត​ខុស​ជើង​ជំនាញ​ទៀត​។ Liverpool ក៏មាន​ឱកាស​ច្រើន​ដែរ គ្រាន់តែ​ធ្វើ​មិនបាន​សម្រេច​ប៉ុណ្ណោះ​»​។​

​ដោយឡែក​តំណែង Top 4 នៅតែ​ប្រទាញប្រទង់​គ្នា ដោយ​ក្នុងនោះ Manchester United, Arsenal និង Chelsea កំពុង​ប្រជែង​គ្នា​ខ្លាំង​។ Man Utd ឈ​លេខ​៤​បណ្តោះអាសន្ន​មាន ៥៨​ពិន្ទុ តាម​ពីក្រោយ​ដោយ Arsenal ដែលមាន​៥៧​ពិន្ទុ ក្នុងចំណោម​២៩​ប្រកួត​។ Chelsea ដែល​ស្ថិតនៅ​លេខ​៦ មាន​៥៦​ពិន្ទុ ក្រោយ​ឈ្នះ Fulham ២-១ សម្រាប់​ប្រកួត​លើក​ទី​២៨ ជា​ក្រុម​មានឱកាស​ច្រើន​ដើម្បី​ដណ្តើមយក​លេខ​៤ ដ្បិត​សល់​ប្រកួត​ក្នុង​ដៃ​មួយលើកទៀត​។​



Tottenham Hotspur ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣ ក៏​មិនទាន់​ប្រាកដថា​អាច​រក្សា​តំណែង Top 4 បាន​នៅឡើយ​ដែរ បន្ទាប់ពី​បង្ហាញខ្លួន​មិនល្អ​សោះ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​។ Spurs មាន​៦១​ពិន្ទុ នាំមុខ​ក្រុម​លេខ Man Utd ៣​ពិន្ទុ​៕




Tag:
 បាល់ទាត់​
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com