អន្តរជាតិ
មុន​ចូល​ស្រុក​វិញ មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកូក​ប្រកាស​ឲ្យ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ
04, Mar 2019 , 2:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ នៅ​ថ្ងៃទី​៣ ខែមីនា បានប្រកាស​ឲ្យ​ប្រជាជន​ប្រមូលផ្ដុំ​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ លោក ក្វៃ​ដូ កំពុង​ស្ថិតនៅ​បរទេស​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅតាម​ប្រទេស​តំបន់​អាមេរិក​ឡាទីន​មួយចំនួន​ដែល​ទទួលស្គាល់​លោក​ជា​មេដឹកនាំ​ស្របច្បាប់​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ទោះ​ប្រកាសថា​នឹង​ត្រឡប់​ចូល​ស្រុក​វិញ មេដឹកនាំ​ប្រឆាំង​រូបនេះ​មិន​បញ្ជាក់​ពី​ពេលវេលា ឬ​ផ្លូវ​ធ្វើដំណើរ​ជាក់លាក់​ឡើយ​។​



​តាំងពី​សប្ដាហ៍​មុន លោក ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា បានធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ក្នុង​តំបន់​ដែល​ដើរ​តាម​អាមេរិក​ក​ក្នុងការ​ទទួលស្គាល់​លោក​ជា​មេដឹកនាំ​ស្របច្បាប់​តែមួយគត់​។ ពី​ទឹកដី​បរទេស លោក ក្វៃ​ដូ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ទូទាំងប្រទេស ធ្វើបាតុកម្ម​នៅ​ថ្ងៃទី​៤ ខែមីនា​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​នៅតែ​មិន​ព្រម​ចេញពី​តំណែង​។​

​លោក ក្វៃ​ដូ បាន​ចាក​ចេញពី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ទៅកាន់​កូ​ឡុំ​ប៊ី​ក្រោម​ហេតុផល​ថា ដើម្បី​បើកផ្លូវ​ដល់​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ចូល​វ៉េ​ណេ​ស៊ុយ​អេ​ឡា ព្រោះ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ បាន​បិទផ្លូវ​។ ប៉ុន្តែ​មកទល់ពេលនេះ គេ​នៅតែ​មិនឃើញ​មាន​ជំនួយ​មនុស្សធម៌​អាមេរិក​ឆ្លងកាត់​ព្រំដែន​បាន​ដដែល​។ ការចេញ​ក្រៅប្រទេស​នេះ បាន​បំពាន​សេចក្ដីសម្រេច​របស់​តុលាការ​កំពូល​ដែលជា​គ្នា​ខ្នង​របស់លោក ម៉ា​ឌុយ​រ៉ូ ដែល​ហាមឃាត់​លោក ក្វៃ​ដូ ធ្វើដំណើរ​ទៅ​បរទេស​។​

​ទោះ​ប្រឈមមុខ​ការចាប់ខ្លួន​ក្ដី លោក ក្វៃ​ដូ ប្រកាស​ហើយ​ថា លោក​នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​។ ការវិលត្រឡប់​របស់​មេដឹកនាំ​ប្រឆាំង នឹង​ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​លោក ម៉ា​ឌុយ​រ៉ូ ព្រោះ​ត្រូវ​សម្រេចចិត្ត​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​រូបនេះ​ពីបទ​បំពាន​បម្រាម​តុល​ការ​កំពូល​របស់​ប្រទេស​ឬក៏​យ៉ាងណា​។ បើសិន​មានការ​ចាប់ខ្លួន​លោក ក្វៃ​ដូ បែបនេះ វា​ប្រាកដជា​ធ្វើ​ឲ្យ​លោកខាងលិច​ក្ដៅស្លឹកត្រចៀក​ខ្លាំង​មិន​ខាន ហើយ​លោក ម៉ា​ឌុយ​រ៉ូ ក៏​អាច​ជួប​គ្រោះ​ផង​។​

​តាមពិតទៅ សហគមន៍​អន្តរជាតិ ក៏​បង្ហាញ​ក្ដីបារម្ភ​រួចហើយ​ដែរ​ជុំវិញ​គម្រោង​ត្រឡប់​ទៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​របស់លោក ក្វៃ​ដូ ពិសេស​បញ្ហា​សុវត្ថិភាព​តែម្ដង​។ ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini កាលពី​សប្ដាហ៍​កន្លងទៅ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់​ជាស្រេច​ពី​លទ្ធភាព​ចាប់ខ្លួន​មេដឹកនាំ​ប្រឆាំង​វ័យក្មេង​រូបនេះ​។ លោកស្រី Mogherini ដាស់តឿន​លោក ម៉ា​ឌុយ​រ៉ូ ថា នឹង​ជួប​ការ​ថ្កោលទោស​ខ្លាំងៗ បើសិនជា​បង្ក​គ្រោះភ័យ​ដល់​លោក ក្វៃ​ដូ ។​

​លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ថ្ងៃទី​២៣ ខែមករា ក្លាយជា​អ្នកនយោបាយ​ជើង​ថ្មី​ម្នាក់ ដែល​គំរាម​ខ្លាំងក្លា​ដល់​កៅអី​លោក ម៉ា​ឌុយ​រ៉ូ ។ ប្រទេស​ជាង​៥០​បានទទួល​ស្គាល់​លោក​ជំនួស​លោក ម៉ា​ឌុយ​រ៉ូ ដែល​ភាគច្រើន​ជា​ប្រទេស​នៅ​តំបន់​អាមេរិក​ខាងត្បូង និង​តំបន់​អឺរ៉ុប​ជាដើម​។ យ៉ាងណាមិញ លោក ម៉ា​ឌុយ​រ៉ូ ដែលមាន​កងទ័ព​ក្នុង​ដៃ​នោះ មិនទាន់​បញ្ចេញ​សញ្ញា​លាលែង​ឡើយ ខណៈ​មានការ​គាំទ្រ​ពី​មហាអំណាច​រុស្ស៊ី ចិន និង​តួ​ក​គី​ផង​៕ 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com