អន្តរជាតិ
ក្រោយ​លេច​រឿង Momo Challenge អ្នកជំនាញ​ថៃ​ប្រាប់​ឪពុកម្តាយ​ឲ្យ​ប្រយ័ត្ន​កូនៗ​
04, Mar 2019 , 9:19 pm        
រូបភាព
ដោយ:
​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​របស់​ថៃ (MHD) បាន​ទទូច​ឲ្យ​ឪពុកម្តាយ ឬ​អាណាព្យាបាល​ទាំងអស់​ឃ្លាំមើល​ឲ្យ​បាន​ដិតដល់​ចំពោះ​សកម្មភាព​លើ​ប្រព័ន្ធ​អន​ឡាញ​របស់​កូនៗ​របស់​ពួកគេ ជាពិសេស ការប្រើប្រាស់ YouTube​។ ការស្នើសុំ​នេះ គឺធ្វើឡើង​ក្រោយពី​លេច​ធ្លាយ​របាយការណ៍​ជាច្រើន​ដែល​បង្ហាញ​ពី «Momo Challenge» ដែល​គួរ​ឲ្យ​ភ័យខ្លាច​ពិសេស​ដល់​កុមារ​តូចៗ​។



«Momo Challenge» ដែល​ប្រភព​ជាច្រើន​អះអាងថា​ជា​រឿងប្រឌិត បាន​ក្លាយជា​ក្តីកង្វល់​មួយ​សម្រាប់​មហាជន​ទូទៅ​ជាពិសេស​អាណាព្យាបាល​តែម្តង ព្រោះថា​ប្រសិនបើ​របាយការណ៍​នោះ​គឺជា​រឿង​ពិត​វិញ​នោះ កុមារ​តូចៗ​ងាយស្រួល​នឹង​ក្លាយជា​ជនរងគ្រោះ​។​

​កន្លងទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​ចុះផ្សាយ​ថា វីដេអូ​គួរ​ឲ្យ​ខ្លាច​ឈ្មោះថា «Momo» បាន​លេចមុខ​លើ YouTube និង YouTube Kids និង​បាន​គំរាមកំហែង​អ្នក​ដែល​បាន​មើល​វីដេអូ​នោះ​ឲ្យ​ធ្វើបាប​ខ្លួនឯង​។ បើតាម​របាយការណ៍​ខ្លះ ក្មេងៗ​មួយចំនួន​បានធ្វើ​តាម​ការ​គំរាម​នោះ ដោយ​យក​កាំបិត​មក​កា​ត់ក​.​ដៃ​របស់​ពួកគេ​ទៀតផង​។​

​ទាក់ទិន​នឹង​រឿង «Momo Challenge» ដែល​បង្ក​ភាពភ័យខ្លាច​ដល់​អាណាព្យាបាល​ទូទាំង​ពិភពលោក​នេះ ប្រធាន​នាយកដ្ឋាន​សុខភាព​ផ្លូវចិត្ត​របស់​ថៃ លោក​វេជ្ជបណ្ឌិត Kiattibhoom Vongrachit គូសបញ្ជាក់ថា លោក​បានដឹងថា Momo នេះ​អាច​ជ្រៀតចូល​ទៅក្នុង YouTube ដោយ​ជោគជ័យ ព្រោះ​អ្នកបង្កើត​វា​បាន​ប្រើប្រាស់​រូប​តុក្កតា​ដើម្បី​គេច​ពី​ប្រព័ន្ធ​តាម​ចាប់​។

​បើតាម​សារព័ត៌មាន​ថៃ The Nation លោក Kiattibhoom ព្រមាន​ថា​៖«​ឪពុកម្តាយ ឬ​អាណា​ព្យា​យា​ល​គួរតែ​ឃ្លាំមើល​ឲ្យ​ល្អិតល្អន់​លើ​កូនតូចៗ​របស់​ពួកគេ នៅពេលដែល​ក្មេងៗ​ទាំងនោះ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ ជាពិសេស YouTube ជា​ម្តង​»​។ លោក​ថា ប្រសិនបើ Momo Challenges ពិតជា​កើតមាន​មែន​នោះ ជនរងគ្រោះ​ដែល​ភាគច្រើន​ជា​កូនក្មេង​តូចៗ អាច​ធ្លាក់​ចូលក្នុង​វិបត្តិ​ផ្លូវចិត្ត និង​ចុងក្រោយ​ធ្វើបាប​ខ្លួនឯង​តែម្តង​។

​យ៉ាងណាមិញ យោងតាម​ទស្សនា​វ​ដ្តី Forbes គេ​មិនទាន់មាន​ភស្តុតាង​ដែល​បញ្ជាក់​ពី​គ្រោះថ្នាក់​កើតឡើង​ដោយសារ Momo Challenge នេះ​នៅឡើយ​ទេ​។ តាម​ទស្សនៈ​របស់​កវីនិពន្ធ​ម្នាក់​របស់ Forbes ឈ្មោះថា Andy Robertson វា​គ្រាន់តែ​ជា​រឿង​ខ្មោច​ដែល​បែកធ្លាយ​តាម​ប្រព័ន្ធ​អន​ឡាញ​ប៉ុណ្ណោះ​។ ដោយ​ពុំ​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​រឿងនេះ លោក​បានផ្តល់​យោបល់​ឲ្យ​យកចិត្តទុកដាក់​លើ​ការផ្តល់​ដំបូន្មាន​ល្អៗ​ដល់​កូនតូចៗ និង​ចាប់អារម្មណ៍​លើ​សកម្មភាព​តាម​ប្រព័ន្ធ​អន​ឡាញ​របស​ពួកគេ​៕


Tag:
 ថៃ​
  Momo Challenge
© រក្សាសិទ្ធិដោយ thmeythmey.com