ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ភាពរាំងស្ងួត​រួតរឹត​កសិករ​នៅ​ខេត្តបន្ទាយមានជ័យ​
04, Mar 2019 , 7:59 pm        
រូបភាព
គោស៊ីស្មៅ នៅក្នុងវាលស្រែមួយក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានកសិករបោះបង់ចោល ដោយសារកង្វះទឹក។ ថ្មីៗនេះ រដ្ឋាភិបាល​បាន​ប្រកាស​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង និង​គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ។ (ស៊ុន ណារិន/VOA)
គោស៊ីស្មៅ នៅក្នុងវាលស្រែមួយក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានកសិករបោះបង់ចោល ដោយសារកង្វះទឹក។ ថ្មីៗនេះ រដ្ឋាភិបាល​បាន​ប្រកាស​អំពី​អាកាសធាតុ​ក្តៅ​ខ្លាំង និង​គ្រោះ​រាំង​ស្ងួត នៅ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​— សត្វ​កុកស​មួយ​ហ្វូង​កំពុង​ចិក​ចំណី​នៅក្នុង​អាងទឹក​ត្រពាំងថ្ម​ដែល​ស្ថិតក្នុង​ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​នៃ​ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ ខណៈដែល​ប្រជាជន​មួយចំនួន​កំពុង​រកត្រី​នៅក្នុង​អាងទឹក​ដ៏​ធំ​ល្វឹងល្វើយ​នេះ ហើយ​ខ្លះទៀត​កំពុង​បូមទឹក​ដែល​នៅសល់​តិចតួច​ដាក់​ស្រែ​របស់​ពួកគេ​។​

 
​ទោះបីជា​អាងទឹក​ត្រពាំងថ្ម​នេះ​គឺជា​ទំនប់​ដែល​ធំជាងគេ​នៅ​ក្នុងសម័យ​ខ្មែរក្រហម​ក៏ដោយ ក៏​បឹង​អភិរក្ស​ទំហំ​ជាង​១២០០០​ហិកតា​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្ដល់​ទឹក​ធ្វើស្រែ​ចម្ការ និង​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅទីនេះ កំពុង​ប្រឈម​នឹង​កង្វះ​ទឹក ដោយសារតែ​ភាពរាំងស្ងួត​។​


សត្វកុក​នៅក្នុង​បឹង​ត្រពាំងថ្ម ដែលជា​បឹង​អភិរក្ស និង​ជាដែន​ជម្រក​សត្វ​ស្លាប​ផងដែរ។ (ស៊ុន ណារិន/VOA)
 
​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំស្រុក បាន​ត្អូញត្អែរថា​មេឃ​មិនមាន​ភ្លៀង តាំងពី​រដូវវស្សា​ឆ្នាំមុន រហូតដល់​រដូវប្រាំង​ឆ្នាំនេះ​។ ការណ៍​នេះ​បានធ្វើ​ឲ្យ​ពួកគេ​មិនអាច​ធ្វើស្រែ​ទទួលបាន​ផល​ច្រើន​ដូច​ការរំពឹងទុក​នោះទេ​។​
 
​អ្នកស្រី ពីង ចន្ទ្រា អាយុ​៣០​ឆ្នាំ ជា​កសិករ​ម្នាក់​ក្នុងភូមិ​ពោធិ​រាំ​បុណ្យ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​បឹង​ត្រពាំងថ្ម បាន​ថ្លែងប្រាប់ VOA ថា អ្នកស្រី​បានធ្វើ​ស្រែវស្សា កាលពី​ឆ្នាំមុន​ចំនួន​៤​ហិកតា ដោយ​ជួល​ដី​គេ​២​ហិកតា​ក្នុងតម្លៃ​ជាង​៣០០​ដុល្លារ តែ​មិនបាន​ទិន្នផល​ស្រូវ​ច្រើន​នោះទេ​។​
 
​អ្នកស្រី​បាន​ថ្លែងប្រាប់ VOA នៅផ្ទះ​របស់​អ្នកស្រី​ថា​៖
 
«​តាមពិតទៅ​មួយឆ្នាំ ធ្វើស្រែ​វស្សា​តែម្ដង​។ តែ​ឆ្នាំនេះ​ធ្វើ​ស្រូវប្រាំង​ដែរ ស្រែវស្សា​យើង​ខូច​។ អញ្ចឹង​យើង​ធ្វើ​ស្រូវប្រាំង​ទុក​ហូប ពេលនោះ​ស្រូវប្រាំង​ខូច​ដែរ​។ ស្រូវវស្សា ទឹកភ្លៀង​ក៏​វា​អត់​មាន វា​ស្កក​អស់​។ ពេល​យើង​ធ្វើ​ស្រូវប្រាំង​ទៅ ខូច​ទៀត អត់​ទាំងអស់​»​។​


អ្នកស្រី ពីង ចន្រ្ទា ត្អូញត្អែរ​ថា​ឆ្នាំនេះ​មិនមាន​ភ្លៀង ដូច្នេះ​អ្នកស្រី​មិនអាច​ធ្វើស្រែ​រដូវប្រាំង​បាន​ផល​នោះ​ទេ។ (ស៊ុន ណារិន/VOA)

​អ្នកស្រី​ក៏បាន​បង្ហាញ​ក្តីបារម្ភ​ថា ប្រសិនបើ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ នោះ​ការ​ធ្វើស្រែ​នៅ​រដូវ​កាល និង​ឆ្នាំ​បន្តបន្ទាប់​ទៀត នឹង​មិនអាច​ទទួលផល​នោះទេ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ប្លែក​ខ្លាំង​។ ឆ្នាំនេះ​រឹតតែ​ប្លែក​ទៀត​។ មិនដឹង​ឆ្នាំក្រោយ ធ្វើស្រែ​បាន​ហូប​អត់​។ កាលពី​ឆ្នាំ​កន្លងទៅ ខែ​ចែ​ត្រ​មាន​ភ្លៀង​ខ្លះ ដល់ពេល​ឆ្នាំនេះ អត់​មាន​សុទ្ធ​»​។​
 
​អ្នកស្រី ពីង ចន្ទ្រា បាន​បញ្ជាក់ថា អ្នកស្រី​សម្រេច​ធ្វើស្រែ​រដូវប្រាំង​នេះ ដោយសារ​សង្ឃឹម​លើទឹក​ពី​អាង​ត្រពាំងថ្ម ប៉ុន្តែ ទឹក​នោះ​មិន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទេ ខណៈ​ប្រជាកសិករ​បាន​សម្រុក​នាំគ្នា​ធ្វើស្រែ​ប្រាំង​ដូចៗ​គ្នា ដោយសារ​ពួកគេ​មិនអាច​ធ្វើស្រែ​រដូវវស្សា​បាន ដោយសារតែ​ខ្វះ​ទឹកភ្លៀង​។​
 
​អ្នកភូមិ​មួយចំនួនទៀត​ក៏បាន​ត្អូញត្អែរ​ចំពោះ​ភាពរាំងស្ងួត​នេះ​ផងដែរ​។​
 
​លោក ឡាំង ធំ អាយុ​៤៦​ឆ្នាំ ដែលជា​កសិករ​ម្នាក់​នៅក្នុង​ភូមិ​ជាមួយ​អ្នកស្រី​ចន្ទ្រា​ដែរ បាន​ថ្លែងប្រាប់ VOA ថា អាកាសធាតុ​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្ដៅ​ខ្លាំង​មិនមាន​ភ្លៀង និង​មិនមាន​ខ្យល់​ដូច​ឆ្នាំ​កន្លងទៅ​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ប្លែក​ព្រឹក​ឡើង​អត់​មាន​ខ្យល់​ទេ​។ ព្រឹក​ចាប់ពី​ម៉ោង​៨ ដើរ​បើកភ្នែក​មិន​រួច​ទេ ក្តៅ​។ ខ្ញុំ​ទៅ​វាល​[​ស្រែ​] ក្តៅ ពាក់​មួយ​ហើយ បែកញើស​ស្រាក់ៗ​»​។​
 
​ដូច​អ្នកស្រី​ចន្ទ្រា​ដែរ លោក ឡាំង ធំ និយាយថា លោក​ក៏បាន​ខាតបង់​ប្រាក់​ទៅលើ​ការធ្វើ​ស្រែប្រាំង​លើដី​ជិត​៣​ហិកតា​របស់លោក ដោយសារ​ភាពរាំងស្ងួត​នេះ​។​
 
​កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ជាច្រើន​ទៀត ដែល​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​
 
​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ប្រទេស​កម្ពុជា​នឹង​ប្រឈម​បាតុភូត​«​អែល​នី​ណូ​»​ដែល​បណ្ដាល​ឲ្យ​អាកាសធាតុ​ក្ដៅ​ហួតហែង ហើយ​សីតុណ្ហភាព​អាច​នឹង​ហក់​ឡើងដល់​៤០​ទៅ​៤២​អង្សា​សេ និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន​។ នេះ​បើ​យោងតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ បាតុភូត​នេះ​នឹង​ចាប់ផ្ដើម​ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩​។​


កសិករ​ម្នាក់​កំពុង​ប្រមូល​ទិន្នផល​ស្រូវ ដែល​ត្រូវបាន​ដាក់​ហាល​នៅ​លើ​ផ្លូវ​លំ​មួយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ឆ្នាំនេះ ស្របពេលដែល​តម្លៃ​ស្រូវ​ធ្លាក់ថ្លៃ កសិករ​ក្នុង​សហគមន៍​មិនអាច​ផលិត​ស្រូវ​បាន​ច្រើន​ដោយ​សារ​ការ​ខ្វះ​ទឹក​ភ្លៀង និង​ទឹក​ស្តុក​ទុក។ (ស៊ុន ណារិន/VOA)

​បើតាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​«​អែល​នី​ណូ​» អាច​ឲ្យ​ការ​បង្កបង្កើនផល​ស្រូវប្រាំង បានតែ​មួយដង​ប៉ុណ្ណោះ បើទោះជា​ទឹក​នៅតាម​អាង​ដែល​បាន​រក្សាទុក ឬ​ទីកន្លែង​ដែលមាន​បឹង ព្រែកក្តី ក៏​មិនអាច​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​គ្រប់គ្រាន់​ឡើយ​។​
 
​មេភូមិ​ពោធិ​រាំ​បុណ្យ លោក មៀន សឿ​ម មានប្រសាសន៍ថា ទិន្នផល​ស្រូវ​ដែល​ប្រជាពលរដ្ឋ​ប្រមូលបាន​ក្នុងភូមិ​របស់លោក មាន​តិចជាង​១០​ភាគរយ​តែប៉ុណ្ណោះ​។ លោក សឿ​ម ដែល​ស្រែ​របស់លោក ក៏​រង​ផលប៉ះពាល់​ដោយសារ​កង្វះ​ទឹក​ដែរនោះ បាន​បញ្ជាក់ថា ឆ្នាំនេះ មេឃ​មិនមាន​ភ្លៀង និង​ខ្វះខាត​ទឹក មាន​លក្ខណៈ​អាក្រក់​ជាងគេ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុនៗ​។​
 
​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖
 
«​បូម​ចែក​ថ្ងៃ​គ្នា​។ ក្នុង​ពីរ​ថ្ងៃ​ហ្នឹង យើង​ត្រូវ​ចែក​នៅ​ភូមិ​យើង​។ ចែក​ទៅតាម​កន្លែង​យើង​ដែល​ធ្វើ តំបន់​នេះ តំបន់​នោះ​ទៅ​។ បានតែ​ម្នាក់​២​ម៉ោង​ទេ ក្នុង​មួយ​វាលៗ​នេះ​។ អ្នក​ដែល​ជិត​បាន អ្នក​ដែល​ឆ្ងាយ​តិច អត់​»​។​
 
​មេភូមិ​រូប​នោះបាន​បញ្ជាក់ថា​៖
 
«​អាក្រក់​ជាងគេ​។ បើសិន​មិនមាន​ទឹក​អាង​នេះ យើង​មិនបាន​ស៊ី​មួយ​គ្រាប់​ទេ ទាំង​វស្សា ទាំង​ប្រាំង​។ បើសិន​មិនមាន​ទឹក​អាង អត់​សោះ​បណ្ដោយ​»​។​
 
​លោក​មានប្រសាសន៍ថា ការមិនទទួលបាន​ផល​ស្រូវ​នេះ​បាន​ប៉ះពាល់​ជីវភាព​ប្រជាកសិករ​នៅក្នុង​ភូមិ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ការធ្វើ​ស្រែ និង​អាចធ្វើ​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​កាន់តែច្រើន ឬ​ឪពុកម្ដាយ​បង្ខំ​កូន​ឲ្យ​ធ្វើការ ដើម្បី​រកប្រាក់​ចំណូល​។​
 
​លោក​មេភូមិ ក៏បាន​បង្ហាញ​ក្ដីបារម្ភ​ថា ពលរដ្ឋ​នឹង​បន្ត​ធ្លាក់​ក្នុងការ​ជំពាក់​បំណុល​កាន់តែ​ច្រើនឡើងៗ​។​
 
​លោក​បញ្ជាក់ថា​៖ «​បំណុល​កាន់តែ​កើន កើន​ហើយ​ម្នាក់ៗ​។ ឆ្នាំនេះ អ្នកខ្លះ ចូល​២០​ម៉ឺន​(​បាត​)​។ អ្នក​ដែល​មិន​ជំពាក់​លុយ​គេ​ដូច​មិនមាន​ទេ សម័យនេះ សព្វថ្ងៃនេះ​»​។​
 
​លោក​បន្ថែមថា​៖ «​យើង​គិតថា​ឆ្នាំនេះ​ចេះ តែ​ឆ្នាំក្រោយ ស្មើ​ប៉ុន​នេះ​ទៀត អ្នកស្រុក​យ៉ាប់​ហើយ រឹតតែ​យ៉ាប់​ទៅ​។ ហើយ​ធ្វើស្រែ​នេះ មិនមែន​យកលុយ​ខ្លួនឯង​ទៅ​ទិញ​ណា​»​។​


មេភូមិពោធិរាំ​បុណ្យ លោក មៀន សឿម ក៏បាន​ត្អូញត្អូរ​ថា​មិនអាច​ធ្វើស្រែ​នៅ​រដូវប្រាំង​បាន។ (ស៊ុន ណារិន/VOA)

​ប្រជាកសិករ​ខ្មែរ​នៅក្នុង​ខេត្ត​មួយចំនួន​ធ្វើស្រែ​ពីរ​រដូវ គឺ​រដូវវស្សា​ដែល​ចាប់ផ្ដើម​ពី​ខែឧសភា ដល់​ខែតុលា និង​រដូវប្រាំង ដែល​ចាប់ផ្ដើម​ពី​ខែវិច្ឆិកា រហូតដល់​ខែមេសា​។​
 
​សម្រាប់​ប្រជាជន​កម្ពុជា ដែល​មួយចំនួនធំ​ក្នុងចំណោម​ប្រជាជន​ប្រមាណ​១៦​លាន​នាក់ នៅ​ពឹង​ផ្អែកលើ​ការធ្វើ​ស្រែចម្ការ ជាពិសេស​ដំណាំ​ស្រូវ​នេះ បញ្ហា​ទឹក​គឺជា​រឿង​សំខាន់​មួយ​សម្រាប់​ពួកគេ ក្នុង​ការធានា​ស្ថិរភាព​គ្រួសារ​។​
 
​លោក ឌឿ យ៉ុ​ច អាយុ​៤៦​ឆ្នាំ កសិករ​ម្នាក់ទៀត​នៅក្នុង​ស្រុក​ភ្នំស្រុក​នេះ មានប្រសាសន៍ថា លោក​មាន​ដី​១​ហិកតា​កន្លះ ហើយ​លោក​បាន​ជួល​ដី​គេ​ចំនួន​៦​ហិកតា ដើម្បី​ធ្វើស្រែ​វស្សា តែ​លោក​បាន​ខាតបង់​ប្រាក់ ដោយសារតែ​កង្វះ​ទឹក​។​
 
​លោក​បញ្ជាក់ថា​៖ «​គ្មាន​បានទេ អត់​ហ្មង​។ ផល​មិន​បានទេ អត់​ទទេ​សុទ្ធៗ​»​។​
 
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​រដូវវស្សា​មិនអាច​ធ្វើស្រែ​បាន លោក​ក៏​សម្រេច​ធ្វើស្រែ​រដូវប្រាំង​តែ​២​ហិកតា​កន្លះ​ប៉ុណ្ណោះ ហើយ​ទទួលបាន​ផល​ស្រូវ​តិចតួច​លើដី​តែ​១​ហិកតា​។​
 
​លោក យ៉ុ​ច បាន​បញ្ជាក់ថា​៖
 
«​ស្រែវស្សា​យើង​មិនបាន​ហើយ ខ្ញុំ​ខំ​ធ្វើ​អា​ប្រាំង​នេះ ក្រែង​វា​បាន​។ ចុះ​ឡើងទៅ វា​មិនបាន​ដដែល​។ វា​មិន​មានទឹក ខាស់ទឹក​អាង​អស់​។ មើល​អាង​ទៅ រំពឹងថា​មានទឹក អាច​ធ្វើបាន​គ្រប់គ្នា​។ ដល់ពេល​ទឹក​វា​តិច​ទៅ ធ្វើ​ច្រើន វា​មិនបាន​»​។​


 លោក ឌឿ យ៉ុច អាយុ៤៦ឆ្នាំ ជា​កសិក​រម្នាក់ ប្រឈម​នឹង​បំណុល​កើន​ឡើង ដោយសារ​ធ្វើស្រែ​មិនបាន​ផល និង​មិន​អាច​លក់​បាន។ (ស៊ុន ណារិន/VOA)
 
​ទោះជា​យ៉ាងណា លោក​មានប្រសាសន៍ថា លោក​ប្រមូលបាន​ស្រូវ​មួយចំនួន​ទុក​សម្រាប់​ហូប​ប្រចាំឆ្នាំ តែ​លោក​បារម្ភ​អំពី​ការ​ជំពាក់​បំណុល​គេ ដែល​បាន​កើនឡើង​រហូតដល់​ជិត​៣​ពាន់​ដុល្លារ​រួចទៅហើយ​។​
 
​លោក​បញ្ជាក់​បន្ថែមថា​៖ «​អា​រឿង​ហូប វា​បានដែរ​រឿង​ហូប​។ វា​យ៉ាប់ អា​រឿង​ជំពាក់​គេ​។ មួយ​ហិកតា​ហូប​ដែរ​អស់​។ វា​យ៉ាប់​អា​រឿង​ជំពាក់​គេ​»​។​
 
​លោក មៀ ស៊ី​ស អាយុ​៥៨​ឆ្នាំ ជា​អ្នក​រកត្រី​ម្នាក់​នៅ​បឹង​ត្រពាំងថ្ម បានបង្ហាញ​ក្តីបារម្ភ​ថា បើ​អាកាសធាតុ​រឹតតែ​ក្តៅ មិនមាន​ភ្លៀង លោក​នឹង​មិនអាច​រកត្រី​បាន​ដូច​មុន​នោះទេ​។ លោក​កត់សម្គាល់ថា ឆ្នាំនេះ មាន​ភាពរាំងស្ងួត​ជាង​ឆ្នាំមុនៗ​។​
 
​លោក​បាន​ថ្លែង​ពេល​កំពុង​រើស​ត្រី​ពី​សំណាញ់​ថា​៖ «២​ឆ្នាំ​ហើយ ឆ្នាំមុន​អត់​មាន​ខាស់​ដូច​ឆ្នាំនេះ​ទេ​។ អា​ឆ្នាំនេះ ខាស់​ជាង​ឆ្នាំមុន​ទៀត​»​។​
 
​ប្រសិនបើ​ស្ថានភាព​អាកាសធាតុ​កាន់តែ​អាក្រក់ ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅក្នុង​ឃុំ​ប៉ោយចារ ក្នុងស្រុក​ភ្នំស្រុក នឹងរង​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​មេឃុំ​។​
 
​មេឃុំ​ប៉ោយចារ លោក ឃុ​ត ឃួន មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​យ៉ាងតិច​៤០​ភាគរយ​នៅក្នុង​ឃុំ​របស់លោក​បាន​ពឹងផ្អែក​ទាំងស្រុង​លើទឹក​អាង​ត្រពាំងថ្ម​នេះ​ជាប្រចាំ ក្នុងនោះ​មានការ​ប្រើប្រាស់​សម្រាប់​ងូត ការបោក​គក់ និង​ការនេសាទ​ផងដែរ​។​
 
​លោក​បន្តថា អាជ្ញាធរ​បាន​ជីក​ផ្លូវ​ជាង​៦​គីឡូម៉ែត្រ ដើម្បី​ទាញ​ទឹក​ពី​ខេត្តសៀមរាប និង​ឧ​ត្ត​រ​មានជ័យ តាម​ប្រព័ន្ធធារាសាស្ត្រ​ដែល​ត្រូវបាន​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​។​
 
​លោក​មានប្រសាសន៍ថា​៖ «​ដំណោះស្រាយ​របស់​យើង គឺ​យើង​បាន​អូស​ប្រឡាយ​ចេញពី​ស្ទឹង​ចូលក្នុង​អាង​។ ប៉ុន្តែ​ការព្រួយបារម្ភ​ខ្លាច​វា​រាំងស្ងួត​ខ្លាំង​វា​ជួប​បញ្ហា​ផ្សេងៗ ជាពិសេស​សម្រាប់​មនុស្ស​ប្រើប្រាស់ សត្វ​គោក្របី គ្រប់​ប្រភេទ ជីវចម្រុះ​ក្នុង​អាង​ហ្នឹង វា​អាច​បាត់បង់​»​។​
 
​លោក ឯម ដា​រ៉ា មន្ត្រី​ជំនួយ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​អ្នកពិនិត្យមើល​អាងទឹក​ត្រពាំងថ្ម មានប្រសាសន៍ថា ភាពរាំងស្ងួត​នេះ​កំពុង​ប៉ះពាល់​ដល់​សត្វ​ដែល​ពឹង​ផ្អែកលើ​អាងទឹក​មួយ​នេះ​។​
 
​លោក​បន្ថែមថា​អាងទឹក​នេះ​អាច​ផ្ទុក​ទឹកបាន​ទៅដល់​១៨០​លាន​ម៉ែត្រ​គីប តែ​នៅ​ឆ្នាំនេះ ទឹក​នៅក្នុង​អាង​សល់​មិន​ដល់​១​លាន​ម៉ែត្រ​គីប​ផង​។​
 
​លោក​បញ្ជាក់ថា​៖ «​ទាល់តែ​ទឹក​វា​បាន បាន​អំណោយ​។ តែ​ទឹក​មិនបាន​អស់ហើយ​។ អស់ទាំង​សត្វ អត់​ទាំង​ត្រី​»​។​


 ប្រឡាយ​ដែល​សង់​ដោយ​ក្រុមហ៊ុន​ចិន នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA)
 
​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក លឹម គានហោ ដែល​បាន​ចុះ​ពិនិត្យ​អាងទឹក​ត្រពាំងថ្ម កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ បាន​ថ្លែង​យ៉ាងខ្លី​ប្រាប់​អ្នកយកព័ត៌មាន VOA នៅ​កន្លែង​ហូបបាយ​ថ្ងៃត្រង់​មួយ​ក្នុង​ក្រុង​បន្ទាយមានជ័យ​ថា ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក បាន​សម្រុក​ធ្វើស្រែ​ប្រាំង​លើស​ការកំណត់​ដែល​ទឹក​មាន​។​
 
​លោក​បញ្ជាក់ថា​៖«​យើង​ខ្វះ​ទឹក ហើយ​គាត់​ធ្វើស្រែ​លើស​កំណត់​។ គេ​ហាម​មិន​ឲ្យ​ធ្វើ​លើស​៥​ពាន់​ហិកតា​»​។​
 
​លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​កម្ពុជា​អាច​នឹងមាន​ភ្លៀង​ឡើងវិញ​នៅ​ពាក់កណ្ដាល​ខែឧសភា​ខាងមុខ​។​
 
​ភាពរាំងស្ងួត​បាន​ប៉ះពាល់​ដី​ជាង​២​ម៉ឺន​ហិកតា​នៅក្នុង​ខេត្ត​ចំនួន​១៣​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២ ដោយសារ​បញ្ហា​ភាពរាំងស្ងួត និង​ខ្វះ​ទឹក​នេះ​។​


 ប្រជាជន​មួយ​ចំនួន​បូម​ទឹក​ពី​បឹង​ត្រពាំងថ្ម​ដាក់ស្រែ​របស់​ពួកគេ ខេត្ត​បន្ទាយមានជ័យ។ (ស៊ុន ណារិន/VOA)
 
​កាលពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​រង​ផលប៉ះពាល់​ភាពរាំងស្ងួត​ខ្លាំង​បំផុត​នៅក្នុង​រយៈពេល​៥០​ឆ្នាំ ដែល​ប៉ះពាល់​ទូទាំងប្រទេស ហើយ​ប្រជាជន​ប្រមាណ​២,៥​លាន​នាក់ បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។​
 
​មេឃុំ​ប៉ោយចារ លោក ឃុ​ត ឃួន បាន​ឲ្យ​ដឹងថា​នៅ​រដូវចូលឆ្នាំ​ក្នុង​ខែមេសា​ខាងមុខនេះ ប្រជាពលរដ្ឋ​នឹងធ្វើ​ពិធី​សុំ​ទឹកភ្លៀង​ពី​ទេវតា​ផងដែរ​។ 
 
​លោក ឌឿ យ៉ុ​ច កសិករ​ក្នុងស្រុក​ភ្នំស្រុក មានប្រសាសន៍ថា លោក​នៅតែ​បន្ត​ធ្វើស្រែ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ដើម្បី​ដោះបំណុល​របស់លោក​ប្រមាណ​៣​ពាន់​ដុល្លារ​។​
 
​លោក​បញ្ជាក់ថា​៖ «​ធ្វើ​ផ្សងសំណាង​ចុះ​ហើយ​។ ធ្វើ​រាល់​តែ​ឆ្នាំ អត់​ម៉េច​បាន បើ​ជំពាក់​គេ​។ មាន​ប្រា​ក់ណា​នឹង​ទៅ​ដោះ​គេ​។ ផ្សងសំណាង ខ្លាច​ទេវតា​វា​មក មាន​ទឹកភ្លៀង​។ ក្រែង​បាន បើ​វា​មិនមាន អត់​ទៀត​ទៅ​»​។​
 
​សម្រាប់​ពេលនេះ ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ភ្នំស្រុក​នេះ ហាក់​មិនមាន​ជម្រើស​អ្វី​ក្រៅពី​ការធ្វើ​ស្រែ ដោយ​ពឹង​ផ្អែកលើ​ទឹកភ្លៀង​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com