អន្តរជាតិ
អាមេរិក កំពុងស៊ើបអង្កេតករណីប៉ាគីស្ថានប្រើយន្តហោះខ្លួនបាញ់ទម្លាក់យន្តហោះឥណ្ឌា
× សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែមីនា ប្រកាសថា ខ្លួនកំពុងស្វែងរកព័ត៌មានទាក់ទងការប្រើប្រាស់យន្តហោះ F-16 ពីសំណាក់យោធាប៉ាគីស្ថានក្នុងការបាញ់ទម្លាក់យន្តហោះឥណ្ឌា។ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលសុទ្ធតែជាមិត្តរបស់អាមេរិកនោះ បានតានតឹងដោយសារការប៉ះទង្គិចគ្នានៅឯរដ្ឋកាស្មៀររហូតដល់មានការបាញ់ទម្លាក់យន្តហោះឥណ្ឌាផង។ ប៉ាគីស្ថាន អាចជួបបញ្ហាធំ បើសិនប្រើ F-16 ក្នុងប្រតិបត្តិការយោធានៅកាស្មៀរមែននោះ។
ប៉ាគីស្ថាន និងឥណ្ឌា បានបើកយុទ្ធនាការដែនអាកាសលើតំបន់គ្រប់គ្រងរបស់គូប្រជែងខ្លួននៅតំបន់កាស្មៀរ រហូតដល់មានការបាញ់ទម្លាក់យន្តហោះឥណ្ឌាធុន MiG ពីសំណាក់យោធាប៉ាគីស្ថាន។ ការប៉ះទង្គិចដែលមានតាំងការផ្លោងគ្រាប់ដាក់គ្នាផងនោះ ធ្វើឲ្យមានការបារម្ភថា មហាអំណាចអាស៊ីខាងត្បូងទាំងពីរនេះ អាចធ្វើសង្គ្រាមទ្រង់ទ្រាយធំផង។
យោធាឥណ្ឌាអះអាងថា ប៉ាគីស្ថានប្រើយន្តហោះអាមេរិកធុន F-16 ក្នុងប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែក្រុងអ៊ីស្លាម៉ាបាដបានបដិសេធ។ ទោះជាយ៉ាងណា អាមេរិកនៅតែស៊ើបអង្កេតករណីនេះដដែល។ ស្ថានទូតអាមេរិកប្រចាំអ៊ីស្លាម៉ាបាដប្រកាសនៅថ្ងៃទី៣ ខែមីនា ថា ខ្លួនកំពុងពិនិត្យមើលព័ត៌មានពីការប្រើប្រាស់ F-16 ទៅបាញ់ទម្លាក់យន្តហោះឥណ្ឌារហូតមានការចាប់ខ្លួនអ្នកបើកបរ ដែលបានដោះលែងរួចហើយដែរ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យស្ថានទូតអាមេរិកចាត់ទុកការបំពានកិច្ចព្រមព្រៀងការពារជាតិនេះ ជារឿងសំខាន់។ យ៉ាងណាមិញ ស្ថានទូតអាមេរិកមិនបានបញ្ជាក់ពីបញ្ញត្តិណាដែលប៉ាគីស្ថានបំពានឡើយ តែកិច្ចព្រមព្រៀងទិញលក់បានចែងពីការកំណត់ការប្រើប្រាស់ F-16 នេះ។ ចំណែកឯប៉ាគីស្ថានវិញ ក៏មិនបង្ហាញពីប្រភេទយន្តហោះដែលប្រើប្រាស់ដែរ ខណៈក្រៅពី F-16 ប៉ាគីស្ថានក៏ប្រើយន្តហោះធុន JK-17 ដែលសហការផលិតជាមួយចិន។
ប៉ាគីស្ថាន គឺជាម៉ូអាវុធដ៏ធំមួយរបស់អាមេរិក។ បរិមាណសព្វាវុធដែលប៉ាគីស្ថានទិញ បានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០០១ មក ពេលប៉ាគីស្ថានក្លាយជាដៃគូសំខាន់របស់អាមេរិកក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម។ ក្រុងអ៊ីស្លាម៉ាបាដបានទិញយន្តហោះ F-16 ជាច្រើនគ្រឿងដែលផលិតដោយ Lockheed Martin Corp ។ ប៉ុន្តែរយៈពេលចុងក្រោយ ទំនាក់ទំនងធ្លាប់ស្អិតល្មួតក៏ប្រែទៅជាជូរចត់វិញ។
សូមបញ្ជាក់ថា ការបាញ់ផ្លោងដាក់គ្នាទៅវិញរវាងយោធាប៉ាគីស្ថាន និងឥណ្ឌានៅតំបន់កាស្មៀរ បានសម្លាប់ជនស៊ីវិលជាច្រើននាក់ ហើយការភៀសខ្លួនក៏កើតមានផងដែរ។ ស្ថានការណ៍ហាក់ស្ងប់ស្ងាត់នៅចុងសប្ដាហ៍កន្លងទៅ ប៉ុន្តែក្នុងទឹកដីកាស្មៀរកាន់កាប់ដោយឥណ្ឌា ក្រុមរក្សាសន្តិសុខបានសម្លាប់សកម្មជនពីរនាក់ក្នុងការប៉ះទង្គិចមួយដែលសម្លាប់យោធាឥណ្ឌាអស់ប្រាំនាក់ផងដែរ៕
Tag:
អាមេរិក
ប៉ាគីស្ថាន
ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com