កីឡាអន្តរជាតិ
អន្តរជាតិ
ជុំវិញ​ចចាមអារ៉ាម​ជាមួយ Real៖ Neymar ថា «​ខ្ញុំ​សប្បាយចិត្ត​នៅ PSG តែ​ថ្ងៃ​អនាគត​អ្វីៗ​អាច​ប្តូរ​»
04, Mar 2019 , 4:12 pm        
រូបភាព
​មិនទាន់មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ ទាក់ទង​នឹង​ការចរចា​ទិញដូរ​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម Neymar ពី​ក្លិប Paris Saint-Germain ទៅ​ក្លិប Real Madrid នៅឡើយ​ទេ ខណៈ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ហាក់​បង្ហាញ​បំណង​បើកផ្លូវ​ឲ្យ​ក្លិប​យក្ស​នៅ​អេស្បាញ​ដែរ​។​



«​ខ្ញុំ​ជឿជាក់ថា​វា​ជា​បំណងប្រាថ្នា​របស់​កីឡាករ​ជាច្រើន​ដើម្បី​បាន​ទៅលេង​នៅ Real Madrid ប៉ុន្តែ​ពេលនេះ​ខ្ញុំ​សប្បាយចិត្ត​នៅ​ជាមួយ PSG»​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល វ័យ​២៧​ឆ្នាំ​ប្រាប់​ទូរទស្សន៍ Globo បែបនេះ កាលពី​ថ្ងៃទី​៣ ខែមីនា ។ ប៉ុន្តែ​យ៉ាងណា​រូបគេ​ក៏បាន​និយាយ​បើកផ្លូវ​សម្រាប់ Real ថា ថ្ងៃ​អនាគត​អ្វីៗ​អាច​នឹងធ្វើ​ទៅបាន​។  Neymar និយាយ​បែបនេះ​ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​ការផ្ទេរ​ទៅកាន់​ក្លិប​យក្ស Real Madrid​។​

Neymar បាន​ក្លាយជា​កីឡាករ​បាល់ទាត់​មានតម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក ក្រោយ​ចាក​ចេញពី Barcelona ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​បារាំង​កាលពី​ឆ្នាំ​២០១៧​។ សព្វថ្ងៃ​រូបគេ​កំពុងស្នាក់នៅ​ប្រទេស​ប្រេ​ស៊ី​ល​ដើម្បី​ព្យាបាល​របួស​ស្របពេល​មាន​ទំនាក់ទំនង​ទៅនឹង​ការផ្លាស់​ទៅកាន់​ក្របខណ្ឌ La Liga វិញ​ទៀតផង​។ Neymar ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុងការ​ទៅកាន់​ទឹកដី Santiago Bernabeu ដើម្បី​ជំនួស​តំណែង Cristiano Ronaldo ដែល​ទៅ​ចូលរួម​ជាមួយ Juventus ដើមរដូវ​កាល​នេះ​។

​បើទោះជា​បង្ហាញ​ពី​ការពេញចិត្ត​ជាមួយ​ក្រុម PSG តែ​អតីត​សមាជិក​ក្រុម Sao Paulo រូបនេះ​បាន​រៀបរាប់​ពី​លទ្ធភាព​នៃ​ការចូល​រួមជាមួយ Real ដែលជា​អតីត​ក្រុម​គូប្រជែង​របស់ខ្លួន​ផងដែរ​។ Neymar ប្រាប់ Globo ថា​«​ប្រសិនបើ​ខ្ញុំ​ចង់​លេង​ឲ្យ Real Madrid? ពួកគេ​គឺជា​ក្លិប​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​»​។​

«​ខ្ញុំ​មាន​អារម្មណ៍​រីករាយ​នៅ​ប៉ារីស ខ្ញុំ​ពិតជា​ចូលចិត្ត​ទីនេះ​ណាស់ ... ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​គ្មាន​នរណាម្នាក់​ដឹង​ទេ​។ ជាការ​ពិតណាស់ Real ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​ក្នុងចំណោម​ក្រុម​ល្អ​បំផុត​លើ​ពិភពលោក ហើយ​ខ្ញុំ​មាន​ការគោរព​យ៉ាងខ្លាំង​ចំពោះ​ពួកគេ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​ថា​នៅ​ជាមួយ PSG»​។​

​ក្រៅពី Real Madrid ក៏មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា Neymar ក៏​កំពុង​ទាក់ទង​ទៅនឹង​ការវិល​ត្រលប់​ទៅកាន់​ក្រុម​ចាស់ Barcelona វិញ​ផងដែរ​៕

Tag:
 បាល់ទាត់​
  Neymar
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com