ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជន​ត្រូវ​ចោទ​មិនអាច​ជាប់ឃុំ​លើស​១៨​ខែ តែ​លោក កឹម សុខា មិនត្រូវ​បានចាត់ទុក​ថា​ជាប់ឃុំ​
04, Mar 2019 , 9:39 pm        
រូបភាព
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
លោក កឹម សុខា អង្គុយនៅមុខផ្ទះ។ រូបពីហ្វេសប៊ុករបស់លោក មុត ចន្ថា​ ជំនួយការលោក កឹម សុខា
ដោយ: ថ្មីៗ
​បើ​លោក កឹម សុខា (​ជន​ត្រូវ​ចោទ​) ស្ថិតក្នុង​ពន្ធនាគារ រហូតដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ដែល​គ្រប់​រយៈពេល​១៨​ខែ ចៅក្រម​ស៊ើ​សួរ ត្រូវ​ជ្រើស​រើសយក​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​ពីរ គឺ​ទម្លាក់​បទ​ចោទ ហើយ​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព ឬ​បើ​មិន​ដូច្នោះ​ទេ ត្រូវបញ្ជូន​លោក ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ បច្ចុប្បន្ន លោក កឹម សុខា មិនមែនជា​ជន​ត្រូវ​ចោទ ដែល​ជាប់ឃុំ​ទេ គឺជា​ជន​ត្រូវ​ចោទ នៅក្រៅ​ឃុំ​។​



​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​របស់ខ្លួន គឺ​លោក កឹម សុខា​។ ការទាមទារ​ជាថ្មី​នេះ គឺធ្វើឡើង​ក្រោយ​លោក កឹម សុខា ជាប់ឃុំ​អស់​រយៈពេល​១៨​ខែ ដោយ​គិតពី​ថ្ងៃ​ចាប់ខ្លួន រហូតដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។

​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ត្រូវ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម អតីត​គណបក្សប្រឆាំង មិន​ត្រឹមតែ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ទេ តែ​ថែមទាំង​ឆ្លៀត​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ អតីត​គណបក្សប្រឆាំង នៅតែ​ហៅ​ការឃុំ​លោក កឹម សុខា ទាំង​ក្នុង​ពន្ធនាគារ រហូតដល់​យកទៅ​ឃុំ​ក្នុងផ្ទះ​របស់លោក ថា​ជាការ​រំលោភបំពាន​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​។

​អតីត​គណបក្សប្រឆាំង បាន​លើ​កត​ម្កើ​ង​លោក កឹម សុខា យ៉ាង​ដូច្នេះ​ថា​៖«​លោក​ប្រធាន កឹម សុខា គឺជា​និមិត្តរូប​នៃ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន និង​ការតស៊ូ​ដោយ​អហិង្សា ដើម្បី​សិទ្ធិសេរីភាព ការគោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ ការចាប់​និង​ការឃុំ​លោក​ប្រធាន កឹម សុខា គឺជា​ចេតនា​នយោបាយ​សុទ្ធសាធ ក្នុងការ​កម្ចាត់​គូប្រកួត​ប្រជែង​នយោបាយ​ដ៏​មាន​សក្តានុពល និង​ជាការ​បំបាក់ស្មារតី​អ្នកប្រជាធិបតេយ្យ ដែល​ស្រឡាញ់​សិទ្ធិសេរីភាព ការគោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​»​។

​តាមច្បាប់ ជន​ត្រូវ​ចោទ មិនអាច​ត្រូវបាន​ឃុំ​ឲ្យ​លើសពី​រយៈពេល​១៨​ខែ​ឡើយ​។ ក្នុងអំឡុង​១៨​ខែ​នៃ​ការឃុំខ្លួន ឬ​រហូតដល់​គ្រប់​១៨​ខែ ចៅក្រម​ស៊ើបសួរ ត្រូវ​ចេញ​ដីកា​ដំណោះស្រាយ​មួយ ដែល​ដីកា​ដំណោះស្រាយ​នោះ តែងមាន​សេចក្តីសម្រេច​ពីរ​យ៉ាង គឺថា​តើ ត្រូវ​ទម្លាក់​បទ​ចោទ​ចេញពី​ជន​ត្រូវ​ចោទ ហើយ​ដោះលែង​ឲ្យ​មាន​សេរី​វិញ ឬក៏​ត្រូវ​បញ្ជូនទៅ​ជំនុំជម្រះ​។

​បើ​លោក កឹម សុខា ពិតជា​មានឈ្មោះ​ថា​ជា​អ្នក​ជាប់ឃុំ​មែន​នោះ ការបន្ត​ឃុំ​លោក​ឲ្យ​លើសពី​១៨​ខែ​បែបនេះ អាច​នឹង​ខុសច្បាប់​។ ប៉ុន្តែ ទាំង​តុលាការ ទាំង​ក្រសួងយុត្តិធម៌ បាន​បកស្រាយ​ថា តាមពិត លោក កឹម សុខា ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន​ហើយ មិនមែន​ជាប់ឃុំ​ទេ គ្រាន់តែ​លោក «​ត្រូវ​បានដាក់ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ប៉ុណ្ណោះ​»​។

​ក្រសួងយុត្តិធម៌ ធ្លាប់​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ពន្យល់​ត្រង់ចំណុច​នេះ យ៉ាង​ដូច្នេះ​ថា​៖«[….] លោក កឹម សុខា ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​មិន​ស្ថិតក្នុង​ការឃុំខ្លួន​បណ្តោះ​អាសន្ន ដែល​ទាក់ទង​នឹង​រយៈពេល​យ៉ាងច្រើន​១៨​ខែ​នោះឡើយ […..]»​។

​តុលាការ​និង​ក្រសួងយុត្តិធម៌ ក៏​បកស្រាយ​ដែរ​ថា លោក កឹម សុខា មាន​សិទ្ធិសេរីភាព​គ្រប់គ្រាន់ ដូច​ប្រជាពលរដ្ឋ​ដទៃទៀត​ដែរ ដោយ​លោក គ្រាន់តែ​ជាប់​បម្រាម​ខ្លះៗ​ពី​តុលាការ​ប៉ុណ្ណោះ ដែល​រួមមាន មិន​ឲ្យ​ធ្វើដំណើរ​ផុតពី​ព្រំដែន​កំណត់ មិន​ឲ្យ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង និង​មិន​ឲ្យ​ជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​។

​ពួក​អ្នកប្រឆាំង មិនបាន​ចាត់ទុកថា លោក កឹម សុខា ត្រូវបាន​ដោះលែង​និង​មាន​សេរីភាព​នោះទេ​។ ពួកគេ ចាត់ទុកថា លោក កឹម សុខា នៅតែ​ជាប់ឃុំ​ដដែល ដោយ​គ្រាន់តែ​ប្តូរ​ពី​ការជាប់​ឃុំ​ក្នុង​ពន្ធនាគារ មកជា​ការ​ជាប់ឃុំ​ក្នុងផ្ទះ​ប៉ុណ្ណោះ​។

​ដោយ​សំអាង​លើ​ច្បាប់ ដែល​ចែងថា ជន​ត្រូវ​ចោទ មិនអាច​ត្រូវបាន​ឃុំខ្លួន​ឲ្យ​លើ​ពី​រយៈពេល​៨​ខែ​នេះហើយ ទើបបានជា​លោក សម រង្ស៊ី ហ៊ាន​អះអាងថា លោក កឹម សុខា នឹង​ត្រូវបាន​ដោះលែង​នៅត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ព្រោះ​វា គឺ​គ្រប់​រយៈពេល​១៨​ខែ​នៃ​ការឃុំ​លោក កឹម សុខា​។ លោក សម រង្ស៊ី ដល់​ថ្នាក់​ហ៊ាន​ភ្នាល់​ជាមួយ​សម្តេច ហ៊ុន សែន ទៀតថា លោក នឹង​ដើរចូល​ស្រុក​ឲ្យ​សមត្ថកិច្ច​ចាប់ បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​។

​សម្តេច ហ៊ុន សែន មិន​ខ្លាច​លោក សម រង្ស៊ី ទេ ហើយក៏​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ថា សម្តេច នឹង​ចុះ​ចេញពី​តំណែង បើ​លោក កឹម សុខា ពិតជា​ត្រូវបាន​ដោះលែង តែបើ​អត់​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​មក​កម្ពុជា តាម​ការសន្យា​។

​មកដល់ពេលនេះ លទ្ធផល​នៃ​ការ​ភ្នាល់​គ្នា បានចេញ​ហើយ គឺ​លោក កឹម សុខា នៅតែ​ជាប់ឃុំ​ក្នុង​ផ្ទះ ហើយ​លោក សម រង្ស៊ី ក៏​មិនទាន់​វិល​មក​កម្ពុជា​។ ដោយ​ដឹងថា លោក សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​តាម​ការសន្យា សម្តេច ហ៊ុន សែន ក៏​និពន្ធ​ចម្រៀង​ដល់​ទៅ​ពីរ​បទ ដែល​បង្កប់ន័យ​ចំអក​ឲ្យ​លោក សម រង្ស៊ី ហើយ​ប្រកាសថា ឆាប់ៗ​នេះ នឹង​ចេញ​បទ​ថ្មី​មួយ​ថែមទៀត​។​

​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច ហ៊ុន សែន ឆ្លៀត​ចំអក​ឲ្យ​លោក សម រង្ស៊ី ម្តងទៀត ដោយ​សម្តេច ធ្វើជា​សួរ​គេឯងថា «​តើ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ ម្សិលមិញ គឺជា​ថ្ងៃ​អ្វី​?» បន្ទាប់មក សម្តេច ហ៊ុន សែន ក៏​ឆ្លើយ​ខ្លួនឯង​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ដឹង​ន័យ​ហើយ តែ​ខ្ញុំ​មិន​ចង់​សំដៅ​ទេ​»​។​

​ក្រៅពី​ចំអក​ឲ្យ​លោក សម រង្ស៊ី សម្តេច ហ៊ុន សែន ក៏បាន​ផ្ញើ​សារ​ទៅកាន់​អ្នកប្រឆាំង​ដែរ​ថា គ្មាន​ការចរចា ឬ​ការដោះលែង​អ្នកណា​ឡើយ ដោយ​រួមទាំង​លោក កឹម សុខា ផងដែរ​។ លើសពីនេះ សម្តេច ហ៊ុន សែន បាន​ដាស់តឿន​ពួកគេ ឲ្យ​ឆាប់​គិតគូរ​ពី​ការធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ បើ​ពុំ​ដូច្នេះ​ទេ ឱកាស​នេះ អាច​នឹង​លែងមាន នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ​។ សម្តេច ហ៊ុន សែន ព្រមាន​បែបនេះ​ថា​៖«​ទ្វារ​បាន​បើក​ហើយ ហើយក៏​អាច​បិទ​ទៅវិញ​ដែរ បើ​អ្នក ព្រ​ហើយ​កន្តើយ ហើយ​នៅតែ​ឈ្លើយ​»​។​

​ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង​១១៨នាក់ (​ស្លាប់​ម្នាក់​) មានតែ​៣​ម្នាក់​ប៉ុណ្ណោះ គឺ​លោក គង់ គាំ លោក គង់ បូរ៉ា និង​លោក ស៊ឹម សុវណ្ណ​នី ដែល​ស្ម័គ្រចិត្ត​ធ្វើ​សំណើសុំ​សិទ្ធិ​នយោបាយ​វិញ ហើយ​ពួកគេ ក៏​ទទួលបាន​សិទ្ធិ​នយោបាយ តាមរយៈ​ព្រះរាជក្រឹត្យ​៕ 


Tag:
 កឹម សុខា​
  សម រង្ស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com