អន្តរជាតិ
ចិន នឹង​បង្កើន​ថវិកា​ការពារជាតិ ហើយ​ប្រកាន់ខ្ជាប់​នយោបាយ​មិន​គំរាម​អ្នកដទៃ
04, Mar 2019 , 9:59 pm        
រូបភាព
លោក Zhang Yesui ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៤ ខែមីនា (រូបភាព Xinhua)
លោក Zhang Yesui ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៤ ខែមីនា (រូបភាព Xinhua)
​បី​ឆ្នាំ​ជាប់​គ្នា​មកហើយ គឺ​ពី​ឆ្នាំ​២០១៦​ដល់​ឆ្នាំ​២០១៨ កញ្ចប់​ចំណាយ​ថវិកា​ការពារជាតិ​ប្រចាំឆ្នាំ​របស់​មហា​យក្ស​ចិន​កើនឡើង​ក្នុង​អត្រា​ត្រឹម​មួយ​ខ្ទង់​ប៉ុណ្ណោះ​។ សម្រាប់​ឆ្នាំ​២០១៩ ចិន​នឹង​បង្កើន​ការចំណាយ​របស់ខ្លួន​ដដែល ហើយ​នៅតែ​រក្សា​អត្រា​មួយ​ខ្ទង់​ទៀត​ដើម្បី​ឲ្យ​សមស្រប​តាម​នយោបាយ​កំណែទម្រង់កងទ័ព​។ នេះ​បើតាម​ការប្រកាស​របស់​អ្នកនាំពាក្យ​សភា​ប្រជាជន​ចិន​នៅ​ថ្ងៃទី​៤ ខែមីនា មុន​មួយថ្ងៃ​ការបើក​កិច្ចប្រជុំ​ប្រចាំ​របស់ខ្លួន​។​



​សភា​តំណាង​ប្រជាជន​ចិន នឹង​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃទី​៥ ខែមីនា ដោយ​នឹង​ពិនិត្យមើល​របាយការណ៍​ការងារ​ឆ្នាំ​២០១៨ អនុម័ត​ច្បាប់​សំខាន់ៗ និង​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៩ ។ ការចំណាយ​សម្រាប់​វិស័យ​ការពារជាតិ គឺជា​ប្រធានបទ​សំខាន់​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​គេឯង​។ ដូច​ឆ្នាំ​កន្លងទៅ​ដែរ ចិន​នឹង​បង្កើន​ទំហំ​កញ្ចប់​ទឹកប្រាក់​សម្រាប់​វិស័យ​ការពារជាតិ​របស់ខ្លួន​ឲ្យ​សមស្រប​តាម​ស្ថានការណ៍​ជាក់ស្ដែង​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៤ ខែមីនា លោក Zhang Yesui អ្នកនាំពាក្យ​កិច្ចប្រជុំសភា​និយាយថា ការបង្កើន​ទឹកប្រាក់​ក្នុង​វិស័យ​ការពារជាតិ​ក្នុង​កម្រិត​សមរម្យ ជាការ​ចាំបាច់​ក្នុងការ​ការពារ​សន្តិសុខ​ជាតិ និង​ស្របតាម​ការកែទម្រង់​យោធា​ផង​។ អ្នកនាំពាក្យ​រូបនេះ​មិនបាន​បង្ហាញ​តួលេខ​ជាក់លាក់​ពី​ចំនួន​ទឹកប្រាក់​ចំណាយ​សម្រាប់​ឆ្នាំ​២០១៩ ឡើយ ប៉ុន្តែ​គេ​រំពឹងថា អត្រា​កើនឡើង​នៃ​ការចំណាយ​នឹងមិន​ច្រើនជាង​មួយ​ខ្ទង់​ឡើយ​។​

​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ការចំណាយ​លើ​វិស័យ​យោធា​មាន​កំណើន​៨,១​ភាគរយ ហើយ​កញ្ចប់​ថវិកា​ការពារជាតិ​ទាំងមូល​មាន​ចំនួន​១៤៩​ពាន់​លាន​ដុល្លារ ស្មើនឹង​១,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។ លោក Zhang អះអាងថា ទំហំ​ចំណាយ​របស់​ចិន គឺ​តិចជាង​ប្រទេស​ខ្លះ​ផង ដោយ​ប្រទេស​ជាច្រើន​ចាយលុយ​លើ​វិស័យ​យោធា​ដល់​ទៅ​ពីរ​ភាគរយ​បើ​ប្រៀបធៀប​នឹង​ទំហំ GDP របស់​ពួកគេ​។

​អ្នកនាំពាក្យ​ខាងលើ​បានលើកឡើង​ពី​ជំហរ​របស់​ចិន​ក្នុងការ​ប្រកាន់ខ្ជាប់​ផ្លូវ​អភិវឌ្ឍ​សន្តិភាព និង​អនុវត្ត​គោលនយោបាយ​ការពារជាតិ​ដែល​មិន​បង្ក​ការគំរាមកំហែង​ដល់​ប្រទេស​ផ្សេង​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua លោក Zhang និយាយ​ដូច្នេះ​ថា​៖ «​ប្រទេសមួយ​គំរាមកំហែង​ផ្នែក​យោធា​ដាក់​ប្រទេស​ផ្សេង​ឬ​អត់ មិន​អាស្រ័យ​លើ​ការបង្កើន​ការចំណាយ​យោធា​ឡើយ តែ​អាស្រ័យ​លើ​នយោបាយ​របស់​ប្រទេស​នោះ​តែម្ដង​។​»

​បច្ចុប្បន្ន យោធា​ចិន​ដែល​ចំនួន​កងទ័ព​ច្រើនជាងគេ​លើ​ពិភពលោក កំពុង​ធ្វើ​ទំនើបកម្ម​សព្វាវុធ និង​ការកែទម្រង់​ទ្រង់ទ្រាយ​ធំ​ដែល​វា​តម្រូវ​ឲ្យ​ការបង្កើន​ការចំណាយ​ច្រើន​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់ ចិន​ចង់បាន​នាវា​ដឹក​យន្តហោះ​យ៉ាងតិច​៦ ដើម្បី​ពង្រឹង​អានុភាព​ជើង​ទឹក​របស់ខ្លួន បន្ថែម​ពីលើ​ការពង្រឹង​សមត្ថភាព និង​ការត្រៀមខ្លួន​ប្រយុទ្ធ​គ្រប់ពេល​របស់​កងទ័ព​ម្នាក់ៗ​៕

Tag:
 ចិន​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com