ពីនេះ ពីនោះ
រថយន្ត
មូលហេតុ​អ្វី​បានជា​រថយន្ត Hybrid ស៊ីសាំង​តិចជាង​រថយន្ត​ធម្មតា​?
04, Mar 2019 , 7:39 pm        
រូបភាព
​រថយន្ត Hybrid កំពុង​ពេញនិយម​នៅក្នុង​ទីផ្សារ​រថយន្ត ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយសារ​ការ​សន្សំសំចៃ​សាំង​របស់​វា​។ ទោះបីជា​វា​មិនមាន​កម្លាំង​ខ្លាំង​ដូច​រថយន្ត​ធំៗ ធ្វើដំណើរ​ទៅ​ទី​ឆ្ងាយ ឬ​ឡើង​ភ្នំ​ក្តី តែ Hybrid មាន​លក្ខណៈពិសេស​រប​ស់វា​ក្នុងការ​ធ្វើដំណើរ​ធម្មតា​ក្នុង​ក្រុង​។ ពេល​អ្នក​ឡើង​ជិះ អ្នក​ដែលមាន​ចម្ងល់ ថា​មូល​ហេតុអ្វី​បានជា​វា​ស៊ីសាំង​តិចជាង​រថយន្ត​ដែល​មិន​ប្រើ​ប្រព័ន្ធ Hybrid ?

 
​តាម​ការបកស្រាយ​រប​ស់​គេហទំព័រ toyota.co.uk រថយន្ត Hybrid ប្រើប្រាស់​ប្រព័ន្ធ​ពីរ ដែល​ក្នុងនោះ​មាន​ម៉ាស៊ីន​សាំង និង​ម៉ូ​ទ័​រ​អគ្គិសនី​។ នៅពេលដែល​ម៉ាស៊ីន​សាំង​ដំណើរការ កម្លាំង​ខ្លះ​ដែល​បានមកពី​ម៉ាស៊ីន​នោះ ចូលរួមចំណែក​ក្នុងការ​សាក​ថ្ម​អគិគីសនី សម្រាប់​ម៉ូ​ទ័​រ​អគ្គិសនី​។ ថ្ម និង​ម៉ូ​ទ័​រ​អគ្គិសនី​នោះ បើ​សាក​បាន​ពេញ អាចធ្វើ​ដំណើរ​បាន​ប្រមាណ ២៤​គីឡូម៉ែត្រ​ដោយ​មិនចាំបាច់​ប្រើ​សាំង​។​
 
​នៅពេលដែល​អ្នកបើក​ក្នុង​ល្បឿន​ថេរ​ស្មើ គឺជា​ពេលដែល​រថយន្ត​ប្រើប្រាស់​សាំង​សមរម្យ​បំផុត ក្នុងពេល​តែមួយ​វា​ក៏​ប្រើប្រាស់​ថាមពល​ទាំងនោះ​ទៅ​សាក​ថ្ម​អគិ្គសនី​បន្តទៀត​។ នេះ​ក្នុងករណី​ដែល​អ្នក​ត្រូវ​ជាន់​ស្ទុះ​ក្នុង​ល្បឿន​លឿន ម៉ាស៊ីន​សាំង និង​ម៉ូ​ទ័​រ​ធ្វើការ​ជាមួយគ្នា ​ដើម្បី​ផ្គត់ផ្គង់​ថាមពល​។ ពេលដែល​អ្នក​បន្ថយល្បឿន ថាមពល​ត្រូវបាន​កាត់ផ្តាច់​ពី​ម៉ាស៊ីន​។​
 
​ក្នុង​កាលៈទេសៈ​នេះ រថយន្ត Hybrid ប្រើប្រាស់រ​ង្វិ​ល​ជុំ​របស់​កង់​ទាំង​បួន​ ដើម្បី​ផលិត​ថាមពល​អគ្គិសនី​វិញ​។ នៅ​ពេលដែល​អ្នក​ឈប់​រថយន្ត ម៉ាស៊ីន​ផ្អាក​ដំណើរការ​។ ដូចនេះ​ដុំថ្ម​អគ្គិសនី​មាន​នាទី​ក្នុង​ការចំណាយ​ថាមពល​ទៅកាន់​អំពូល​ភ្លើង ម៉ាស៊ីនត្រជាក់ និង​វិទ្យុ​ជាដើម​។​
 
​រថយន្ត​ទំនើប​មួយចំនួន បាន​ប្រើប្រាស់​អគ្គិសនី​សុទ្ ធ​ក្នុងពេល​ដំណើរការ​។ ទោះបីជា វា​មិន​ត្រូវការ​សាំង​មែន តែ​រថយន្ត​ទាំងនោះនៅតែ​អាចធ្វើ​ដំណើរ​បាន​ក្នុង​ចម្ងាយ​ខ្លី តម្លៃ​ថ្លៃ សាក​ថ្ម​យូរ និង​ពិបាក​រក​ស្ថានីយ​អគ្គិសនី​។ ជារួម Hybrid ជា​រថយន្ត​ងាយស្រួល​ប្រើប្រាស់ ងាយស្រួល​ថែទាំ ហើយក៏​ជួយ​បរិស្ថាន​ក្នុងពេល​ជាមួយគ្នា​ផងដែរ​៕

Tag:
 ​រថយន្ត hybrid
© រក្សាសិទ្ធិដោយ thmeythmey.com