ពីនេះ ពីនោះ
រថយន្ត
មូលហេតុអ្វីបានជារថយន្ត Hybrid ស៊ីសាំងតិចជាងរថយន្តធម្មតា?
× រថយន្ត Hybrid កំពុងពេញនិយមនៅក្នុងទីផ្សាររថយន្ត ទាំងក្នុងស្រុក និងក្រៅស្រុក ដោយសារការសន្សំសំចៃសាំងរបស់វា។ ទោះបីជាវាមិនមានកម្លាំងខ្លាំងដូចរថយន្តធំៗ ធ្វើដំណើរទៅទីឆ្ងាយ ឬឡើងភ្នំក្តី តែ Hybrid មានលក្ខណៈពិសេសរបស់វាក្នុងការធ្វើដំណើរធម្មតាក្នុងក្រុង។ ពេលអ្នកឡើងជិះ អ្នកដែលមានចម្ងល់ ថាមូលហេតុអ្វីបានជាវាស៊ីសាំងតិចជាងរថយន្តដែលមិនប្រើប្រព័ន្ធ Hybrid ?
តាមការបកស្រាយរបស់គេហទំព័រ toyota.co.uk រថយន្ត Hybrid ប្រើប្រាស់ប្រព័ន្ធពីរ ដែលក្នុងនោះមានម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនី។ នៅពេលដែលម៉ាស៊ីនសាំងដំណើរការ កម្លាំងខ្លះដែលបានមកពីម៉ាស៊ីននោះ ចូលរួមចំណែកក្នុងការសាកថ្មអគិគីសនី សម្រាប់ម៉ូទ័រអគ្គិសនី។ ថ្ម និងម៉ូទ័រអគ្គិសនីនោះ បើសាកបានពេញ អាចធ្វើដំណើរបានប្រមាណ ២៤គីឡូម៉ែត្រដោយមិនចាំបាច់ប្រើសាំង។
នៅពេលដែលអ្នកបើកក្នុងល្បឿនថេរស្មើ គឺជាពេលដែលរថយន្តប្រើប្រាស់សាំងសមរម្យបំផុត ក្នុងពេលតែមួយវាក៏ប្រើប្រាស់ថាមពលទាំងនោះទៅសាកថ្មអគិ្គសនីបន្តទៀត។ នេះក្នុងករណីដែលអ្នកត្រូវជាន់ស្ទុះក្នុងល្បឿនលឿន ម៉ាស៊ីនសាំង និងម៉ូទ័រធ្វើការជាមួយគ្នា ដើម្បីផ្គត់ផ្គង់ថាមពល។ ពេលដែលអ្នកបន្ថយល្បឿន ថាមពលត្រូវបានកាត់ផ្តាច់ពីម៉ាស៊ីន។
ក្នុងកាលៈទេសៈនេះ រថយន្ត Hybrid ប្រើប្រាស់រង្វិលជុំរបស់កង់ទាំងបួន ដើម្បីផលិតថាមពលអគ្គិសនីវិញ។ នៅពេលដែលអ្នកឈប់រថយន្ត ម៉ាស៊ីនផ្អាកដំណើរការ។ ដូចនេះដុំថ្មអគ្គិសនីមាននាទីក្នុងការចំណាយថាមពលទៅកាន់អំពូលភ្លើង ម៉ាស៊ីនត្រជាក់ និងវិទ្យុជាដើម។
រថយន្តទំនើបមួយចំនួន បានប្រើប្រាស់អគ្គិសនីសុទ្ ធក្នុងពេលដំណើរការ។ ទោះបីជា វាមិនត្រូវការសាំងមែន តែរថយន្តទាំងនោះនៅតែអាចធ្វើដំណើរបានក្នុងចម្ងាយខ្លី តម្លៃថ្លៃ សាកថ្មយូរ និងពិបាករកស្ថានីយអគ្គិសនី។ ជារួម Hybrid ជារថយន្តងាយស្រួលប្រើប្រាស់ ងាយស្រួលថែទាំ ហើយក៏ជួយបរិស្ថានក្នុងពេលជាមួយគ្នាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com