អន្តរជាតិ
ការសិក្សា​៖ បរិមាណ​ត្រី​ទូទាំង​ពិភពលោក​ធ្លាក់ចុះ​ដោយសារ​កម្តៅ​ផែនដី​
04, Mar 2019 , 4:53 pm        
រូបភាព
ដោយ:
​បម្រែបម្រួល​អាកាសធាតុ​កំពុង​ផ្តាច់​ពូជ​ត្រី​នៅ​ជុំវិញ​ពិភពលោក ដោយ​បណ្តាល​ឲ្យ​បរិមាណ​ត្រី​ដល់​ទៅ ៣៥ ភាគរយ​បាត់បង់​ក្នុង​តំបន់ឆ្នេរ​ក្បែរ​ប្រទេស​ចិន​និង​ជប៉ុន​។  នេះ​បើតាម​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី  Science កាលពី​សប្តាហ៍​មុន​។



​កម្តៅ​មហាសមុទ្រ​បាន​បង្ក​ឲ្យ​បរិមាណ​ត្រី​សកល​ប្រមាណ​៤​ភាគរយ​បាត់បង់ ដែល​អ្នកវិទ្យាសាស្ត្រ​ចាត់ទុកថា​ជា​ចំនួន​ដ៏​ច្រើន​បំផុត​មួយ​។ ដោយ​ប្រើប្រាស់​ទិន្នន័យ​សកល​ស្តីពី​បរិមាណ​ត្រី និង​ផែនទី​នៃ​សីតុណ្ហភាព​មហាសមុទ្រ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​ពី​សកល​វិទ្យាល័យ Rutgers ក្នុង​រដ្ឋ New Jersey សហរដ្ឋអាមេរិក បាន​វិភាគ​លើ​ការផ្លាស់ប្តូរ​នៃ​បរិមាណ​ត្រី​នេះ​។

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន CNN អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ហេតុផល​នៃ​ការធ្លាក់ចុះ​នេះ​គឺ​បណ្តាលមកពី​កំណើន​សីតុណ្ហភាព​ពិភពលោក​ចន្លោះ​ពី​ឆ្នាំ​១៩៣០ និង​ឆ្នាំ​២០១០​។ អ្នកវិទ្យាសាស្ត្រ និយាយថា ពួកគេ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​រកឃើញថា​បម្រែបម្រួល​អាកាសធាតុ​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​បរិមាណ​ត្រី​សកល​បែបនេះ និង​ព្រមាន​ទៀតថា ការបាត់បង់​នេះ អាច​គំរាមកំហែង​ដល់​ជីវភាព​និង​ការផ្គត់ផ្គង់​អាហារ​របស់​មនុស្ស​រាប់​លាន​នាក់​។

​តួយ៉ាង មនុស្ស​ជាង​៥៦​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុង​ប្រកបការងារ​ក្នុង​ឧស្សាហកម្ម​នេសាទ​ត្រី​។ ការបរិភោគ​អាហារ​សមុទ្រ អាច​ផ្តល់​ប្រូតេអ៊ីន​ប្រមាណ​២​ដង​លើសពី​សត្វ​ច​ញ្ចឹ​ម​ទាំងអស់​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។ បើតាម​អ្នកវិទ្យាសាស្ត្រ​ដដែល តំបន់​ដែល​បាត់បង់​បរិមាណ​ត្រី​ខ្លាំង​បំផុត​គឺ​ស្ថិតក្នុង​តំបន់ឆ្នេរ​របស់​អាស៊ី​រួមមាន សមុទ្រ​ចិន​ខាងកើត ជាទី​ដែល​បរិមាណ​ត្រី​ធ្លាក់ចុះ​ពី​១៥​ទៅ​៣៥​ភាគរយ​ក្នុង​រយៈពេល​៨០​ឆ្នាំ​ចុង​ក្រោយនេះ​។

​ទាក់ទិន​នឹង​រឿងនេះ អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី លោក Chris Free និយាយថា ការដាំ​ក្បាល​ចុះ​នៃ​បរិមាណ​ត្រី​ក្នុង​តំបន់​អាស៊ី​បូព៌ា​គឺជា​កង្វល់​មួយ ដ្បិត​តំបន់​នេះ​មាន​ប្រជាជន​រស់នៅ​ច្រើន ដូច្នេះ​តម្រូវការ​អាហារ​សមុទ្រ​ក៏មាន​ទំហំ​ច្រើន​ផងដែរ​។ ខណៈដែល​បរិមាណ​ត្រី​ចេះតែ​បន្ត​ធ្លាក់ចុះ​នោះ បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ​អាច​ចាប់ផ្តើម​ការនាំ​ចូល​ត្រី​ពី​ប្រទេស​ផ្សេងទៀត ដែល​អាចធ្វើ​ឲ្យ​តម្លៃ​កើនឡើង​៕

© រក្សាសិទ្ធិដោយ thmeythmey.com