សហគមន៍​បុរី​អូ​ស្វាយ យក​ឫស្សី​ផលិត​សម្ភារប្រើប្រាស់ ដើម្បី​រក​ចំណូល​បន្ថែម ហើយ​កាត់បន្ថយ​ការកាប់​ឈើ​ខុសច្បាប់
ជាតិ
សហគមន៍​បុរី​អូ​ស្វាយ យក​ឫស្សី​ផលិត​សម្ភារប្រើប្រាស់ ដើម្បី​រក​ចំណូល​បន្ថែម ហើយ​កាត់បន្ថយ​ការកាប់​ឈើ​ខុសច្បាប់
05, Mar 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រៅពី​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ សហគមន៍​ចំនួន​ពីរ បាន​យក​ឫស្សី និង​ឈើ​ដើម​ទ្រាំង ផលិត​ជា​សម្ភារប្រើប្រាស់ ដើម្បី​រក​ចំណូល​បន្ថែម ហើយ​កាត់បន្ថយ​ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​។​


 
​សហ​មគ​ន៍​បុរី​អូ​ស្វាយ និង​សហគមន៍​ទេសចរណ៍​កោះ​ហាន នៃ​ខេត្តស្ទឹងត្រែង ទទួលបាន​គាំទ្រ​ពី​អង្គការ​នុ​ផល​ព្រៃឈើ​អន្តរជាតិ ដែលមាន​គោលដៅ​ក្នុងការ​អភិរក្ស និង​ថែរក្សា​ព្រៃឈើ​នៅ​តំបន់ដីសើម រួមទាំង​ប្រភេទ​សត្វ​កម្រ​ក្នុង​ទឹក និង​លើគោក​ជាដើម​។ ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​ប្រជា​សហគមន៍ ក្រៅពី​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​នេះ អង្គការ​ក៏បាន​ជួយ​បង្កើត​មុខរបរ​បន្ថែម​ដល់​ពួកគេ តាមរយៈ​ការយក​ឫស្សី​ច្នៃ​ជា​សម្ភារប្រើប្រាស់ សម្រាប់​ដាក់លក់​ដល់​ភ្ញៀវទេសចរ​។​


 
​លោក ជា ថុង ដែលជា​ស្ថាបនិក Vana Adventure Travel បាន​និយាយថា សហគមន៍​បាន​ផលិត​កែវ ពែង និង​ប៉ាន់តែ​ ដោយ​ធ្វើ​ពី​ឫស្សី រីឯ​ចង្កឹះ​គឺ​ធ្វើ​ពី​ឈើ​ដើម​ទ្រាំង ដូច្នេះ​វត្ថុធាតុដើម​នៃ​ការផលិត​គឺមាន​ហើយ តែ​នៅ​ខ្វះ​ជាង​ដែលមាន​បច្ចេកទេស​ប៉ុណ្ណោះ​។ ដោយសារ​បញ្ហា​ទើប​អង្គការ បាន​ហៅ​ជាង​មកពី​ខេត្តសៀមរាប ប្រទេស​ថៃ និង​ឡាវ ទៅ​បង្រៀន​ប្រជា​សហគមន៍​អំពី​ការធ្វើ​សម្ភារៈ​ទាំងនេះ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ស្ថាបនិក Vana Adventure Travel​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« គម្រោង​ដែល​បាន​បង្កើតឡើង​រួចមកហើយ​មានតែ​សេវាកម្ម ជិះទូក ផ្ទះ​ស្នាក់ និង​ម្ហូបអាហារ​សម្រាប់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ប៉ុណ្ណោះ​។ កាលណា​ពឹងផ្អែក​តែ​ទៅលើ​សេវាកម្ម​ហ្នឹង​មិន​គ្រប់គ្រាន់​ទេ មានតែ​បង្កើត​គម្រោង​ថ្មី ដោយ​យក​បំពង់​ឫស្សី និង​ដើម​ត្រាំ​ង​បង្កើតជា​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន ហើយ​អាច​រកប្រាក់​ចំណូល​លើស​មុន​ផងដែរ ពីព្រោះថា​រដូវ​ខ្លះ​មាន​ភ្ញៀវ ជួន​គ្មាន​ផង​ក៏មានដែរ​»​។​


 
​សហគមន៍​ទាំងពីរ បាន​ងាក​មក​បង្កើតរ​បរប​ន្ថែ​ម​តាមរយៈ​ការធ្វើ​កែវ ពែង ប៉ាន់តែ និង​ចង្កឹះ​នេះ តាំងពី​ឆ្នាំ​២០១៨​មក​។ សម្រាប់​សម្ភារទាំងនេះ ប្រជា​សហគមន៍​ធ្វើ​លក់​ក្នុងតម្លៃ​ចាប់ពី​៣០០០​រៀល ទៅ​៨០០០​រៀល តាម​ប្រភេទ​សម្ភារនីមួយៗ​។ ដោយសារ​ចំណូល ដែល​បានមក​ក្រៅពី​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរ​នេះហើយ ទើប​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​ទាំងពីរ ងាក​ចេញពី​ការកាប់​ឈើ និង​ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់​។ នេះ​បើតាម​លោក ជា ថុង​។​
 
​ស្ថាបនិក Vana Adventure Travel រូបនេះ បាន​និយាយ​ដូច្នេះ​៖«​ការផលិត​ដំបូង​ឆ្នាំ​ដំបូង​ឡើយ​ មិនទាន់មាន​ទីផ្សារ​នៅឡើយ​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៩​នេះ លោក បានក​ម្ម៉​ង់​ផលិត​ម្ដង​ពី​១​រយ ទៅ​២​រយ​កែវ សម្រាប់​ចង្កឹះ​ពី​២០ ទៅ​៣០​ដុំ​។ ចង្កឹះ​ផលិតឡើង​ពី​ដើម​ត្រាំ​ង​វា មាន​ភាពលំបាក​និង​យូរ​ជាង ការយក​បំពង់​ឫស្សី​ធ្វើ​កែវ​»​។​
 
​សហគមន៍​បុរី​អូ​ស្វាយ ​បង្កើត​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ភ្ញៀវទេសចរ​-​អន្តរជាតិ​មិនសូវ​ស្គាល់​ទេ​។ រីឯ​សហគមន៍​ទេសចរណ៍​កោះ​ហាន​ ទើបតែ​បង្កើតឡើង ប្រមាណ​៣​ឆ្នាំនេះ ។ ដោយសារ​បញ្ហា​នេះ ទើប​លោក ក​ម្ម៉​ង់​សម្ភារ​ដែល​ផលិត​ពី​បំពង់​ឫស្សី និង​ដើម​ត្រាំ​ង​នៅ​ទីនោះ ដាក់លក់​នៅ​ទីផ្សារ ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បាន​ស្គាល់​និង​ទៅ​កម្សាន្ត​ទីនោះ ៕
 

Tag:
 ឫស្សី​
  សហគមន៍​បុរី​អូ​ស្វាយ​
  ​កោះ​ហាន​
  ជា ថុង​
© រក្សាសិទ្ធិដោយ thmeythmey.com