កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ទៅ​មើល​ដៃគូ​ប្រយុទ្ធ​បន្ទាប់ ខណៈ​កំពុង​ចរចា​ជំនួប​សងសឹក​ជាមួយ Floyd
05, Mar 2019 , 8:39 am        
រូបភាព
Manny Pacquiao នាជំនួបទល់នឹង Adrien Broner
Manny Pacquiao នាជំនួបទល់នឹង Adrien Broner
​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao បង្ហាញ​ចំណាប់អារម្មណ៍​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់​អាមេរិក Errol Spence ខណៈ​ការចរចា​សម្រាប់​ជំនួប​សងសឹក Floyd Mayweather កំពុងដំណើរការ​។​


 
Pacquiao ក៏មាន​គម្រោង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក​ដើម្បី​មើល​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​រវាង Spence និង Mikey Garcia នៅ​ថ្ងៃទី​១៦ ខែមីនា​ខាងមុខ​ផងដែរ​។​
 
​អ្នក​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន វ័យ​៤០​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន Rappler ថា រូបគេ​នឹង​ទៅ​ទស្សនា​ការប្រកួត​នោះ​ដើម្បី​មើល​ពី​របៀប​ប្រយុទ្ធ​ដ៏​អស្ចារ្យ​របស់​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​ទាំងពីរ​។​
 
Errol Spence សញ្ជាតិ​អាមេរិក វ័យ​២៨​ឆ្នាំ ធ្លាប់​ប្រកួត​២៤​ដង ឈ្នះ​ទាំង​២៤ និង​ផ្តួល​ដៃគូ​មិន​ឲ្យ​តដៃ​រួច​២១​លើក​។ ចំណែក Mikey Garcia វ័យ​៣១​ឆ្នាំ ក៏​ជា​អ្នក​ប្រដាល់​អាមេរិក​ដែរ និង​មាន​ប្រវត្តិ​ប្រកួត​ដ៏​អស្ចារ្យ​ក្នុងជំនួប​៣៩​លើក មិនដែល​ស្គាល់​ពាក្យ​ចាញ់​និង​ស្មើ​ឡើយ ហើយ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​៣០​លើក​។

 កីឡាករ Errol Spence (ឆ្វេង) និង Mikey Garcia (ស្តាំ)

​ខណៈ​គូប្រកួត​បន្ទាប់​របស់ Pacquiao នៅ​មិនទាន់​រកឃើញ​នៅឡើយ ហើយ​ការចរចា​សម្រាប់​ជំនួប​សងសឹក​ជាមួយ Mayweather ក៏​នៅ​មិនទាន់មាន​ផ្លែផ្កា​ផង ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន​រូបនេះ​ចាប់អារម្មណ៍ និង​ដាក់​គោលដៅ​ដើម្បី​សាក​ថ្វីដៃ​ជាមួយ Errol Spence នេះឯង​។​
 
​បើ​ទោះ​ការចរចា​មិនទាន់​ត្រូវ​រូ​វ​គ្នា​ក្តី​ប៉ុន្តែ Pacquiao បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ហ្វីលីពីន​ថា​ជំនួប​លើក​ទី​២​ទល់នឹង​ស្តេច​ប្រដាល់​អាមេរិក វ័យ​៤២​ឆ្នាំ Floyd ត្រូវតែ​កើតឡើង​មិនអាច​អាក់ខាន​បានឡើយ​។​
 
Pacquiao បាន​គ្រប់គ្រង​ខ្សែក្រវាត់​៨​ស្ថាប័ន​ផ្សេងគ្នា​ជា​កំណត់ត្រា​បន្ទាប់ពី​ដណ្តើមបាន​ខ្សែក្រវាត់ WBA ក្នុង​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ Adrien Broner កាលពី​ខែមករា​កន្លងទៅ​៕
 



Tag:
 ប្រដាល់​
  Manny Pacquiao
  Floyd Mayweather
  Errol Spence
© រក្សាសិទ្ធិដោយ thmeythmey.com