ជាតិ
ប៉ូលិស​កម្ពុជា​-​សិង្ហ​បុរី បន្ត​រួមគ្នា​ប្រឆាំងនឹង​ភេរវកម្ម និង​បទល្មើស​ឆ្លងដែន​
04, Mar 2019 , 11:39 pm        
រូបភាព
ជំនួបរវាងសម្តេច ស ខេង និង លោក HOONG WEE TECH។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
ជំនួបរវាងសម្តេច ស ខេង និង លោក HOONG WEE TECH។ រូបពីហ្វេសប៊ុករបស់សម្តេច ស ខេង
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​កម្ពុជា និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​សិង្ហ​បុរី បន្ត​សហការគ្នា​លើ​ការទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន បទល្មើស​បច្ចេកវិទ្យា និង​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​។ ក្នុងជំនួប​ជាមួយ​លោក Hoong Wee Tech អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហ​បុរី នា​រសៀល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តែង​ការគាំទ្រ​ពោះ​កិច្ចសហប្រតិបត្តិការ​នេះ​។

 
 
​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​ប្រសាសន៍​របស់​សម្តេច ស ខេង ក្នុងជំនួប​នោះ ទៅ​ចុះផ្សាយ​ថា វា​ជា​ការល្អ​បំផុត ដែល​កម្ពុជា​និង​សិង្ហ​បុរី បន្ត​សហការគ្នា ក្នុងការ​ទប់ស្កាត់​រាល់​បទល្មើស​ឧក្រិដ្ឋ​ផ្សេង​ដូចជា ការប្រឆាំង​ភេរវកម្ម ការប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​បទល្មើស​ឆ្លងដែន​។ លើសពីនេះ សម្តេច ស ខេង អរគុណ​រដ្ឋាភិបាល ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​សិង្ហ​បុរី ដែល​បាន​ជួយ​ដល់​កម្ពុជា តាំងពីដើម​រហូតដល់​បច្ចុប្បន្ននេះ ជាពិសេស​នគរបាល​សិង្ហ​បុរី បាន​ជួយផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បង្ក្រាប​បទល្មើស​ឆ្លងដែន​ដល់​នគរបាល​កម្ពុជា​។​
 
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រំពឹងថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នឹង​កាន់តែ​ល្អប្រសើ​បន្ថែមទៀត ដើម្បី​រួមគ្នា​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ក្នុង​គោលបំណង​ការពារ​ផលប្រយោជន៍​នៃ​ប្រជាជន​និង​ប្រទេស​ទាំងពីរ ក៏ដូចជា​ផលប្រយោជន៍​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​
 
​លោក Hoong Wee Tech បាន​លើកឡើងថា កម្ពុជា និង​សិង្ហ​បុរី គឺជា​មិត្ត​ដ៏​ល្អ​នឹង​គ្នា ហើយ​សិង្ហ​បុរី រីករាយ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ហើយ​សិង្ហ​បុរី​នឹង​បន្ត​ជួយ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ទៀត ដល់​កម្ពុជា​គ្រប់ពេលវេលា ជាពិសេស​ជំនាញ​ផ្នែក​នគរបាល​តែម្តង​៕
 

Tag:
 កម្ពុជា​-​សិង្ហ​បុរី​
  កិច្ចសហការ​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com