ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មានមិនដល់សោះថា ការទទួលទាន “ពោត” ប្រសើរយ៉ាងនេះចំពោះសុខភាព
× ពោត ជាដំណាំមួយប្រភេទដែលទទួលបានការពេញនិយម និងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែជាអាហារសម្រន់ដ៏ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែពោតក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដែលចាំបាច់សម្រាប់រក្សាសុខភាពល្អប្រសើរ និងជួយទប់ស្កាត់ជំងឺផ្សេងៗផងដែរ។
ថ្ងៃនេះយើង នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលនៃការទទួលទានពោត ៖
១. លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម
ពោត ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មជួយប្រយុទ្ធប្រឆាំងជាមួយរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត ពោត ក៏មានផ្ទុកសម្បូរទៅដោយសមាសធាតុ phenolic ដែលជាភ្នាក់ងារប្រឆាំងនឹងជំងឺមហារីក ជាពិសេសជំងឺមហារីកថ្លើម និងមហារីកសុដន់ ដោយទប់ស្កាត់ការរីកលូតលាស់នៃដុំសាច់។
២. គ្រប់គ្រងជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែម
ពោត មានផ្ទុកសម្បូរទៅដោយសារធាតុ phenolic phytochemicals ដែលជួយកាត់បន្ថយរោគសញ្ញានៃជំងឹទឹកនោមផ្អែមបានយ៉ាងប្រសើរដោយគ្រប់គ្រងលើការស្រូបយក និងបញ្ចេញអាំងស៊ុយលីនក្នុងរាងកាយ។ លើសពីនេះទៅទៀត ពោត ក៏ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមផងដែរ។ ប៉ូតាស្យូមជាសារធាតុរ៉ែដែលធ្វើឲ្យសម្ពាធឈាមថយចុះ និងមានតុល្យភាព។
ដូច្នេះប្រសិនបើអ្នកមានជំងឺលើសឈាម ហើយចង់គ្រប់គ្រងស្ថានភាពនៃជំងឺនោះ ចូរបន្ថែមពោតក្នុងរបបអាហារប្រចាំថ្ងៃឲ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន។
៣. សុខភាពប្រព័ន្ធរំលាយអាហារ
ពោត ក៏មានផ្ទុកសម្បូរទៅដោយជាតិសរសៃដែលជួយរក្សាសុខភាពប្រព័ន្ធរំលាយអាហារ និងសម្រួលដល់ដំណើរការនៃមុខងារពោះវៀន ទប់ស្កាត់អាការៈទល់លាមក ក៏ដូចជាបញ្ហាពិបាករំលាយអាហារផងដែរ។
៤. សុខភាពបេះដូង
ពោត ជាប្រភពដ៏ប្រសើរនៃសារធាតុ folate និងជាតិសរសៃ មានប្រសិទ្ធិភាពខ្ពស់ជួយកាត់បន្ថយសមាសធាតុ homocysteine និងកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហានៃជំងឺបេះដូងផ្សេងៗ។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
ការទទួលទានជាតិសរសៃដែលមានផ្ទុកក្នុងពោតជារៀងរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។ លើសពីនេះទៅទៀត ការទទួលទានពោត ឬអាហារផ្សេងទៀតដែលជាប្រភពនៃជាតិសរសៃ ក៏ជួយទប់ស្កាត់ជំងឺឫសដូងបាតគួរឱ្យកត់សម្គាល់។
៦. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ពោត មានផ្ទុកសម្បូរទៅដោយជាតិដែកដែលចាំបាច់ជួយក្នុងការទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដែលបណ្ដាលមកពីកង្វះជាតិដែកក្នុងរាងកាយដោយបង្កើនការបង្កើតកោសិកាគ្រាប់ឈាមក្រហមថ្មី៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com