ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​ពិនិត្យ​អ្នកទោស​ស្ត្រី ដែល​ត្រូវ​លើកលែង ដោយ​មិន​រង់ចាំ​បុណ្យទាន​
05, Mar 2019 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​ក្រសួង​កិច្ចការនារី​និង​ក្រសួងយុត្តិធម៌ ឲ្យ​សហការ​ជាមួយ​ពន្ធនាគារ ដើម្បី​ពិនិត្យមើល​ទណ្ឌិត​ជា​ស្ត្រី​ណា ដែល​គួរតែ​ត្រូវបាន​បន្ធូរបន្ថយ​និង​លើកលែងទោស ដោយ​មិនចាំបាច់​រង់ចាំតែ​ពេល​បុណ្យទាន​នោះទេ​។ 



​បញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី គឺធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា​លើក​ទី​១០៨ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​បើ​យើង​ឃើញថា​ស្ថានភាព​របស់​ទណ្ឌិត​ជា​ស្ត្រី​នោះ​លំបាក យើង អាច​ផ្តល់​ការ​សម្រាលទោស​និង​ការលើកលែងទោស ដោយ​មិនចាំបាច់​រង់ចាំ​ពេលវេលា​ទេ​»​។

​ការបន្ធូរបន្ថយ​និង​ការលើកលែងទោស​ឲ្យ​ទណ្ឌិត​នៅ​កម្ពុជា តែង​ធ្វើឡើង​ក្នុង​ពិធីបុណ្យ​បី គឺ​បុណ្យចូលឆ្នាំថ្មី បុណ្យ​វិសាខបូជា និង បុណ្យអុំទូក​។​

​ក្រៅពី​បញ្ជា​ឲ្យ​ពិនិត្យ​លទ្ធផល​បន្ធូរបន្ថយ​និង​លើកលែងទោស សម្តេច ហ៊ុន សែន ក៏បាន​យកចិត្តទុកដាក់​លើ​ស្ត្រី​ជាប់ពន្ធនាគារ លើ​ចំណុច​មួយទៀត​ដែរ គឺ​ការផ្តល់​មេធាវី ដោយ​មិន​យកលុយ​។ នាយករដ្ឋមន្ត្រី លើកឡើងថា ការផ្តល់​មេធាវី​នេះ គឺអាច​ព​ន្លឿ​ន​ការជំនុំជម្រះ​លើ​សំណុំរឿង​របស់​ស្ត្រី​ជាប់ឃុំ​ទាំងនោះ​។

​ប្រមុខ​រដ្ឋាភិបាល បញ្ជាក់​បែបនេះ​ថា​៖«​ត្រូវ​ដោះស្រាយ​ស្ត្រី​ជា​ពិរុទ្ធជន នៅជាប់​ឃុំឃាំង ហើយ​មិនទាន់​ទទួលបាន​ការកាត់ទោស ព្រោះ​ខ្វះ​មេធាវី​។ ជួនកាល​យក​ពួកគាត់​ទៅ​ឃុំ គ្មាន​មេធាវី កាត់ក្តី​មិន​ចេញ ដោយសារ​គាត់​គ្មាន​លុយ​ជួល​មេធាវី​»​។​

​សម្តេច ហ៊ុន សែន បាន​បង្កើត​ក្រុម​មេធាវី​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ក្តី​ឲ្យ​ស្ត្រី​ក្រីក្រ​នៅតាម​រាជធានី​-​ខេត្ត​។ បច្ចុប្បន្ន ក្រុម​មេធាវី​នេះ មាន​គ្នា​ជាង​៦០​នាក់ ដោយមាន​លោក គី តិច ជា​ប្រធាន​។

​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា សម្តេច ហ៊ុន សែន អះអាង​បែបនេះ​ថា​៖«​ខ្ញុំ នឹង​ពង្រីក​ចំនួន​មេធាវី​បន្ថែម បើ​មិន​គ្រប់គ្រាន់ ក្នុងការ​ការពារ​ក្តី​»៕


Tag:
 ​ហ៊ុន សែន​
  ទិវា​នារី​អន្តរជាតិ​
  អ្នកទោស​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com