កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ឆ្មា​ខ្មៅ Sunderland មាន​បណ្តាញ​ក្រុម​អ្នកគាំទ្រ​ផ្លូវការ​នៅ​កូរ៉េខាងជើង​
05, Mar 2019 , 11:58 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់ Sunderland បាន​បើក​សាខា​ក្លិប​អ្នកគាំទ្រ​របស់​ពួកគេ​ជា​ផ្លូវការ​នៅ​កូរ៉េខាងជើង​។ ក្រុម​ដែល​ស្ថិតក្នុង​ក្របខណ្ឌ League One លី​គ​លំដាប់​ទី​៣​អង់គ្លេស​នេះ បានប្រកាស​បែបនេះ​កាលពី​សប្តាហ៍​មុន​។​



​ក្រោយ​កិច្ចចរចា​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានបញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​សោះ​ ប៉ុន្តែ​មានរឿង​ផ្សេង​មួយ​ដែល​ហាក់ដូចជា​កំពុង​រីកចម្រើន​ទៅវិញ គឺ​ទំនាក់ទំនងរ​វា​កូរ៉េខាងជើង​ជាមួយ​ក្លិប​បាល់ទាត់ Sunderland​។​

​វា​ជាការ​អរគុណ​ដល់​លោក Tom Fowdy ដែលមាន​កំណើត​ក្នុង​ក្រុង Sunderland ប្រទេស​អង់គ្លេស និង​បញ្ចប់​ការសិក្សា​នៅ Oxford ក្នុង​ជំនាញ​សិក្សា​ប្រវត្តិសាស្ត្រ​ចិន ហើយ​បាន​បង្កើត​ក្រុមហ៊ុន​ទេសចរណ៍  មួយ​ដែល​រៀបចំ​ឲ្យ​ភ្ញៀវទេសចរ​លោកខាងលិច​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋ​កុ​ម្មុយ​នី​ស​នេះ​។​


លោក Tom Fowdy (ស្តាំ) ទៅកាន់កូរ៉េខាងជើងកាលពីឆ្នាំ២០១០ ដើម្បីផ្សព្វផ្សាយពីក្រុម Sunserland

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក Fowdy ដែលជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់ Sunderland ដ៏​ខ្លាំងក្លា​មួយរូប​នោះ មានគំនិត​បង្កើត​ឲ្យ​មាន​សាខា​ក្រុម​អ្នកគាំទ្រ​ក្លិប​រហស្សនាម​ឆ្មា​ខ្មៅ​នេះ នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ថែម​ទៀតផង​។​

​លោក Fowdy បាន​ប្រាប់​ទូរទស្សន៍ BBC Sport ពី​ទីក្រុង​សេ​អ៊ូ​ល កូរ៉េខាងត្បូង​ថា​៖ «​ខ្ញុំ​ចង់​បំផុសគំនិត​ដើម្បី​ឈានដល់​ការចូលរួម​និង​ចែករំលែក​ចំណូលចិត្ត​របស់​ក្រុមកីឡា​បាល់ទាត់​របស់ខ្ញុំ​ជាមួយ​កូរ៉េខាងជើង​។ ប្រជាជន​កូរ៉េខាងជើង​ពិតជា​ស្រលាញ់​បាល់ទាត់​ណាស់ ហើយ​វា​ជា​កីឡា​ជាតិ​របស់​ពួកគេ និង​ជា​កីឡា​ពេញនិយម​បំផុត​នៅក្នុង​ឧបទ្វីប​កូរ៉េ​នេះ​។ ការយល់ដឹង​របស់​ពួកគេ​អំពី​បាល់ទាត់​គឺ​ធំ​ជាង​អ្វីដែល​យើង​ធ្លាប់​គិត​កន្លងមក​»​។​

​ការបង្កើត​ក្រុម​អ្នកគាំទ្រ​ផ្លូវការ​លើកដំបូង​របស់ Sunderland ក្នុង​ទឹកដី​កូរ៉េខាងជើង​នេះ​លោក Fowdy ជឿជាក់ថា​វា​នឹងមាន​ឥទ្ធិពល ដ្បិត​ប្រជាជន រួមទាំង​មេដឹកនាំ​កូរ៉េខាងជើង​នេះ​ស៊ុត​តែ​អ្នក​ចូលចិត្ត​កីឡា​៕


Tag:
 បាល់ទាត់​
  កូរ៉េខាងជើង​
  Sunderland
© រក្សាសិទ្ធិដោយ thmeythmey.com