អន្តរជាតិ
ហ៊ី​ឡា​រី គ្លី​ន​តុ​ន មិន​ឈរឈ្មោះ​ក្នុង​ឆ្នាំ ២០២០​ទេ តែ​ប្តេជ្ញា​ជួយ​បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​សេត​វិមាន​មកវិញ​
05, Mar 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ស្ត្រី​ទីមួយ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ឆ្នាំ ២០១៦ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានប្រកាស​ច្បាស់ៗ​ថា ខ្លួន​នឹងមិន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី ឆ្នាំ ២០២០​ឡើយ​។ ថ្វីបើ​មិន​ប្រឡូក​ក្នុង​ជីវភាព​នយោបាយ​ក្តី លោកស្រី​បាន​សង្កត់ធ្ងន់ថា ពីនេះ​ទៅមុខ​លោកស្រី​នៅតែ​បន្ត​បញ្ចេញមតិ និង​ធ្វើការ​ងារ​លើ​បញ្ហានយោបាយ​ដើម្បី​ប្រយោជន៍​សាធារណៈ​។



«​ខ្ញុំ​មិន​ឈរឈ្មោះ​ទេ​»​។ នេះ​ជាស​ម្តី​របស់​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​ឆ្នាំ ២០១៦ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ថ្លែង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន News 12 Westchester នៅ​ថ្ងៃទី ៤​ខែមីនា​។ 

​ថ្វីបើ​អតីរដ្ឋមន្ត្រី​ការបរទេស​រូបនេះ​មិន​ចូលប្រឡូក​យក​តំណែង​ប្រធានាធិបតី​ជាថ្មី​ក៏ដោយ លោកស្រី​បានប្រកាស​ជា​សាធារណៈ​ថា លោកស្រី​នឹង​បន្តការងារ​លើ​បញ្ហានយោបាយ និង​បន្ត​បញ្ចេញមតិ​យោបល់​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ធានា​ប្រយោជន៍​ប្រជាជន​អាមេរិក​។​

«​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ថា ប្រជាជន​យល់បាន​ថា ខ្ញុំ​នឹង​បន្ត​និយាយ​ពី​បញ្ហានយោបាយ​។ ខ្ញុំ​មិន​ទៅណា​ឡើយ​។ រាល់​អ្វីដែល​ស្ថិតក្នុង​គ្រោះថ្នាក់​ក្នុងប្រទេស​យើង និង​រឿងរ៉ាវ​ដែល​កំពុង​កើតឡើង​ឥឡូវនេះ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ខ្ញុំ​»​។ លោកស្រី គ្លី​ន​តុ​ន ថ្លែង​ក្នុង​បទសម្ភាសន៍​ដូច្នេះ​។

​ការប្រកាស​ជា​ផ្លូវការ​របស់លោក​ស្រី គ្លី​ន​តុ​ន ជុំវិញ​ការ​ឈរឈ្មោះ​នេះ បានបញ្ចប់​រាល់​ការ​ទស្សន៍ទាយ​កន្លងមក​ថា លោកស្រី​អាច​នឹងចូលរួម​ជាមួយ​បណ្តា​អ្នកនយោបាយ​បក្ស​ប្រជាធិបតេយ្យ​ឯទៀត​ដើម្បី​ប្រជែង​យក​កៅអី​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ឆ្នាំ ២០២០​ខាងមុខ​ដែរ​។

​ដោយឡែក ក្រៅពី​បន្ត​និយាយ​ពី​បញ្ហានយោបាយ លោកស្រី គ្លី​ន​តុ​ន សន្យាថា លោកស្រី​នឹង​បន្ត​តួនាទី​សកម្ម​ក្នុង​ដំណើរការ​បោះឆ្នោត​ខាងមុខ​ជាពិសេស​ជ្រោមជ្រែង​បណ្តា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ដែល​ប្រកាស​ឈរឈ្មោះ​។ លោកស្រី​បាន​ជួប​ជាមួយ​បេក្ខជន​ទាំងនោះ និង​បាន​ណែនាំ​បេក្ខជន​ទាំងនោះ​ឲ្យ ប្រឹងប្រែង​ធ្វើយ៉ាងណា​ដើម្បី​ដណ្តើម​សេត​វិមាន​ត្រឡប់មកវិញ​។

«​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា កុំ​ចាត់ទុក​រឿង​គ្រប់យ៉ាង​ថា​ធម្មតា ទោះជា​យើង​មាន​បញ្ហា​ដែល​កំពុង​កើតឡើង​ច្រើន ហើយ​រដ្ឋបាល​បច្ចុប្បន្ន​មិនអាច​បំពេញ​ការសន្យារ​បស់​ខ្លួន​ដែល​ចាំបាច់​ត្រូវ​លើកឡើង​ឲ្យ​គេឯង​បានដឹង​ក៏ដោយ​។ យើង​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ខ្លាំង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​អាមេរិក​។ ខ្ញុំ​នឹងធ្វើ​គ្រប់យ៉ាង​តាម​ដែល​អាច​ធ្វើបាន​ដើម្បី​ជួយ​បក្ស​ប្រជាធិបតេយ្យ​ដណ្តើម​សេត​វិមាន​មកវិញ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក​ស្រី​។

​មកដល់​បច្ចុប្បន្ន​សមា​ជិ​ក​បក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​បានប្រកាស​ពី​បេក្ខភាព​របស់ខ្លួន​ក្នុងការ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ក្នុងចំណោម​នោះ​មាន​សមាជិក​ព្រឹទ្ធ​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់​មួយចំនួន​ដូចជា​លោកស្រី Elizabeth Warren និង​លោក Bernie Sanders៕  


Tag:
 ​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​
  បោះឆ្នោត​ប្រធានាធិបតី ២០២០
  បក្ស​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com