កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាល​កម្ពុជា​នឹងមាន​វត្តមាន​កាត់ក្តី​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ពិភពលោក​
05, Mar 2019 , 8:39 pm        
រូបភាព
លោក ប៊ូ ជុំសេរី ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១
លោក ប៊ូ ជុំសេរី ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១
ដោយ:
​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ពិភពលោក​អះអាងថា អាជ្ញាកណ្តាល​ចៅក្រម​កម្ពុជា​នឹងមាន​វត្តមាន​ចូលរួម​កាត់សេចក្តី​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​កម្ពុ​ជានា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការអះអាង​បែបនេះ បន្ទាប់ពី​លោក​មើលឃើញ​ពី​ការរីកចម្រើន​របស់​ពួកគេ​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​វគ្គ​អាជ្ញាកណ្តាល​ចៅក្រម​ក្រោម​បទឧទ្ទេស​របស់លោក​។ ជាមួយគ្នានេះ លោក ជំរុញ​ឲ្យ​អាជ្ញាកណ្តាល​ចៅក្រម​កម្ពុជា​ខិតខំ​រៀន​ភាសា​អង់គ្លេស ឬ​បារាំង ដើម្បី​វិ​វត្ត​ខ្លួន​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​។ 



​លោក Claude Azema ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ពិភពលោក បាន​បញ្ជាក់ថា នឹងមាន​អាជ្ញាកណ្តាល​ចៅក្រម​ខ្មែរ​មួយចំនួន​ចូលរួម​កាត់សេចក្តី​លើ​វិញ្ញាសា​វាយយក​ពិន្ទុ នា​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​អំឡុង​ខែវិច្ឆិកា ខាងមុខនេះ​។ ការបញ្ជាក់​បែបនេះ​រប​ស់លោក Claude Azema ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​អាជ្ញា​ចៅក្រម​កម្រិត​១​វគ្គ​២ ក្រោម​បទឧទ្ទេស​របស់លោក​កាលពីពេល​ថ្មីៗ​។​


កីឡាការិនី ស៊្រាង សុរ៉ាឃីម ពេលទទួលវិញ្ញាបនបត្រពីលោក Claude Azema

​ជាមួយ​ការសរសើរ​ពី​ភាព​រីកចម្រើន​ផ្នែក​សមត្ថភាព​និង​ចំណេះដឹង ប្រធាន​សហព័ន្ធ​ប៉េតង់​ពិភពលោក​រូបនេះ ជំរុញ​ឲ្យ​សិក្ខាកាម​ទាំងអស់​ខិតខំ​ពង្រឹង​ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស​និង​បារាំង​បន្ថែម ដើម្បី​ប្រែក្លាយជា​អាជ្ញាកណ្តាល​ចៅក្រម​កម្រិត​អន្តរជាតិ​នា​ថ្ងៃ​អនាគត​។ ព្រោះ​អាជ្ញាកណ្តាល​ឬ​ចៅក្រម​អន្តរជាតិ ត្រូវ​ទាមទារ​ឲ្យ​យល់ដឹង​ពី​ក្បួនច្បាប់​នៃ​ការប្រកួត និង​មានចំណេះដឹង​ផ្នែក​ភាសាបរទេស​។     


លោក Claude Azema ពេលប្រគល់វិញ្ញាបនបត្រដល់កីឡាការិនី ឃួន យ៉ារី ក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១

​លោក Claude Azema បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្កេតឃើញថា សិក្ខាកាម​កម្ពុជា​មានកា​រ​រីកចម្រើន​ចំណេះដឹង​ផ្នែក​អាជ្ញាកណ្តាល​ចៅក្រម ប៉ុន្តែ​យើង​គួរ​រៀន​ភាសា​អង់គ្លេស និង​ភាសា​បារាំង​បន្ថែម ដើម្បី​បង្កើន​ចំណេះដឹង​និង​សមត្ថភាព​ក្នុង​ការវិវត្ត​ខ្លួន​ឲ្យ​ក្លាយជា​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​កម្រិត​អាស៊ាន អាស៊ី និង​កម្រិត​ពិភពលោក​»​។​


លោក Claude Azema លើកបង្ហាញវិញ្ញាបនបត្រក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១

​គ្រូឧទ្ទេស​រូបនេះ​បាន​បន្ថែមថា មុន​ថ្ងៃ​ប្រកួត​លោក​នឹង​មក​កម្ពុជា​ម្តងទៀត ដើម្បី​ពន្យល់​បន្ថែម​ដល់​អាជ្ញាកណ្តាល​ចៅក្រម​កម្ពុជា​ពី​បច្ចេកទេស​និង​របៀប​ចាប់កំហុស និង​ត្រួតពិនិត្យ​ការប្រកួត​។ «​ខ្ញុំ​អាច​នឹង​ជួប​អ្នក​ទាំងអស់គ្នា​ម្តងទៀត​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់​ជើងឯក​ពិភពលោក ហើយ​ក្នុងចំណោម​ពួកយើង​នឹងមាន​អ្នកខ្លះ ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អាជ្ញាកណ្តាល​ក្នុងការ​ត្រួតពិនិត្យ​លើ​ការប្រកួត​វាយយក​ពិន្ទុ ហើយ​ខ្ញុំ​នឹង​មក​មុន​ការប្រកួត ដើម្បី​ពន្យល់​បន្ថែម​ដល់​ពួកយើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Claude Azema​។



​នា​ថ្ងៃ​អនាគត កម្ពុជា​នឹងមាន​សមត្ថភាព​អាចបង្កើត​គណៈកម្មការ​បណ្តុះបណ្តាល វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​ដោយ​ខ្លួនឯង​ដល់​សិក្ខាកាម​។ នេះ​ជាការ​បង្ហាញ​ក្តី​រំពឹង​របស់​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ពិភពលោក​ខាងលើ​។​

​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម សិក្ខាកាម​មួយរូប​ក្នុងចំណោម​សិក្ខាកាម​ទាំង​៣០​រូប​ខាងលើ​បាន​និយាយថា ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​លោក Claude Azema នាង​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ច្បាប់​នៃ​ការប្រកួត​។ នាង​រៀបរាប់​ដូច្នេះ​ថា​៖«​ទោះបី​យើង​មិនមែនជា​អាជ្ញាកណ្តាល​អាជីព ក៏​យើង​អាច​រៀន​ដើម្បី​យល់ដឹង​ពី​ក្បួនច្បាប់​នៃ​ការប្រកួត​។ ព្រោះ​លោក Claude Azema បាន​បង្រៀន​ពួកយើង​ពី​របៀប​ត្រួតពិនិត្យ និង​ក្បួនច្បាប់​នៃ​ការប្រកួត ដែល​ធ្វើ​ឲ្យ​យើង​ជា​កីឡាករ​យល់​កាន់តែច្បាស់​ពី​ច្បាប់​នៃ​ការប្រកួត​»​។



​នេះ​ជា​លើក​ទី​២​ហើយ ដែល សុរ៉ា​ឃីម ទទួលបាន​ការបណ្តុះបណ្តាល​ពី​របៀប​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​ពី​អ្នកជំនាញ​ជនជាតិ​បារាំង​រូបនេះ​។ ទោះបី​មិន​គម្រោង​ចង់​ធ្វើជា​អាជ្ញាកណ្តាល​ចៅក្រម​នៅ​ថ្ងៃ​អនាគត​ក៏ដោយ តែ​កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ​យល់ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​នាង ព្រោះ​ជួយ​ឲ្យ​នាង​អាច​ចៀស​ផុតពី​កំហុសឆ្គង​ក្នុងការ​ប្រកួត ដែល​អាច​កើតឡើង​ដោយ​អ​ចេតនា​ណាមួយ​។ «​សម្រាប់​ខ្ញុំ​ទៅ​ថ្ងៃ​ខាងមុខ​មិនទាន់​ដឹង​យ៉ាងម៉េច​នោះទេ តែ​បច្ចុប្បន្ន​ខ្ញុំ​ជា​កីឡាករ ដូច្នេះ​ការចូល​រៀន​នេះ គឺ​ដើម្បី​ឲ្យ​យល់ដឹង​ពី​ក្បួនច្បាប់​នៃ​ប្រកួត ហើយ​ក្នុងនាម​យើង​ជា​កីឡាករ​យើង​ត្រូវ​ដឹង​ឲ្យ​បាន​ច្រើន​ពី​ច្បាប់​នៃ​ការប្រកួត ព្រោះ​វា​អាចជួយ​ឲ្យ​ចៀស​ផុតពី​ការបង្កើត​កំហុស​ច្រើន​ក្នុងការ​ប្រកួត​»​។ នេះ​ជាការ​បន្ថែម​របស់ សុរ៉ា​ឃីម​។ 



​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា​បាន​អះអាងថា នៅលើ​ពិភពលោក​គ្មាន​ប្រទេស​ណា​មាន​វាសនា​ដូច​កម្ពុជា​នោះទេ ដែល​បាន​លោក Claude Azema ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​ពីរ​ឆ្នាំ​ជាប់​គ្នា​បែបនេះ​។ គួរ​បញ្ជាក់ថា មុន​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ លោក Claude Azema ធ្លាប់​ធ្វើជា​គ្រូឧទ្ទេស​ក្នុង​វគ្គ​បែប​របស់​កម្ពុជា​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​មុខ​។ 

​សូម​ឲ្យ​លោកគ្រូ និង​អ្នកគ្រូ​ទាំងអស់​បន្ត​ការខិតខំ​ប្រឹងប្រែង ព្រោះ​យើង​មិន​ត្រឹមតែ​សម្រួច​លើ​បច្ចេកទេស​រក​មេដាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវការ​មន្ត្រី​បច្ចេកទេស ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ដែរ ពិសេស​ការប្រកួត​ជើងឯក​ពិភពលោក​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំនេះ​»​។ នេះ​ជាការ​ជំរុញ​របស់លោក ប៊ូ ជុំ​សេរី​។  



​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះដែរ សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ក៏បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ប៉េតង់​មួយ​វគ្គ​ទៀតផង​ដែរ ដោយមាន​សិក្ខាកាម​ចូលរួម​ចំនួន​៣២​នាក់​។ វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ក្រោម​បទឧទ្ទេស​របស់លោក Victor Nataf នាយក​បច្ចេកទេស​នៃ​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​។

​ការបើក​វគ្គ​ពីរ​ព្រម​គ្នា​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល​ចៅក្រម ក៏ដូចជា​គ្រូបង្វឹក សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​ពិភពលោក​នា​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា​ឆ្នាំ​២០២៣៕

Tag:
 ប៉េតង់​
  Claud Azema
  ស្រ៊ាង សុរ៉ា​ឃីម​
  ប៊ូ ជុំ​សេរី
© រក្សាសិទ្ធិដោយ thmeythmey.com