អន្តរជាតិ
លោក ត្រាំ ថា លុបចោល​សមយុទ្ធ​យោធា​ដើម្បី​សន្សំ​លុយ មិនមែន​ធ្វើ​សម្បទាន​ឲ្យ​កូរ៉េខាងជើង​ទេ​
05, Mar 2019 , 3:58 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​សមយុទ្ធ​យោធា​រួមគ្នា​ធំៗ​ចំនួន​ពីរ ត្រូវបាន​អាមេរិក និង​កូរ៉េខាងត្បូង​សម្រេចចិត្ត​លុបចោល និង​បន្ថយ​ទំហំ​ប្រតិបត្តិការ​។ ការសម្រេចចិត្ត​លុបចោល​ដែល​ប្រកាស​ក្រោយ​ជំនួប​បរាជ័យ​រវាង​អាមេរិក និង​កូរ៉េខាងជើង​នៅ​វៀតណាម ត្រូវបាន​គេ​យល់ថា ជាការ​ផ្ដល់​សម្បទាន​ឲ្យ​របប​ដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ អះអាងថា អាមេរិក​គ្រាន់តែ​ចង់​សន្សំ​លុយ ហើយ​លោក​ក៏​មិនបាន​ជជែក​ពី​បញ្ហា​នេះ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ដែរ​។​



​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ទាត់ចោល​ព័ត៌មាន​ដែលថា លោក​បញ្ជា​ឲ្យ​លុបចោល​សមយុទ្ធ​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ជា​សម្បទាន​ឲ្យ​កូរ៉េខាងជើង​។ ការបដិសេធ​របស់លោក ត្រាំ ធ្វើឡើង​បន្ទាប់ពី​អាមេរិក និង​កូរ៉េខាងត្បូង​សម្រេចចិត្ត​លុបចោល​សមយុទ្ធ Key Resolve ដែលមាន​គោលដៅ​រក្សា​ការប្រុងប្រៀប​ប្រយុទ្ធ​ក្នុងពេល​មាន​ជម្លោះ ហើយ​ជំនួយ​វិញ​ដោយ​សមយុទ្ធ​ទ្រង់ទ្រាយ​តូច Dong Maeng ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃទី​៤ ខែមីនា និង​ធ្វើឡើង​មួយ​សប្ដាហ៍​។​

​ក្រៅពី​សមយុទ្ធ Key Reslove អាមេរិក និង​កូរ៉េខាងត្បូង​ក៏​ឯកភាពគ្នា​បង្រួម​ទំហំ​សមយុទ្ធ Foal Eagle មួយទៀត ហើយ​ជំនួយ​ដោយ​លំ​ហាត់​រយៈពេល​ខ្លី​មួយទៀត​ដែរ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ចាត់ទុក​ការសម្រេចចិត្ត​នេះ​ជាការ​ផ្គាប់ចិត្ត​កូរ៉េខាងជើង ព្រោះ​ការលុបចោល​នេះ កើតឡើង​ក្រោយ​ជំនួប​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​វៀតណាម​កាលពី​សប្ដាហ៍​មុន ដែល​មិន​ទទួលលទ្ធផល​អ្វី​សោះ​នោះ​។​

​ជុំវិញ​បញ្ហា​នេះ លោក ត្រាំ បាន​សរសេរ​តាម twitter នៅ​ថ្ងៃទី​៤ ខែមីនា ថា សមយុទ្ធ​យោធា ឬ​ល្បែង​សង្គ្រាម មិនត្រូវ​បាន​ជជែក​ឡើយនា​ជំនួប​នៅ​ហាណូយ ហើយ​លោក​សម្រេចចិត្ត​ពី​រឿងនេះ ជា​យូរ​មកហើយ ព្រោះ​អាមេរិក​ចំណាយលុយ​ច្រើនពេក ហើយ​កូរ៉េខាងត្បូង​ក៏​មិនបាន​ជួយ​ចេញថ្លៃ​នោះ​វិញ​ដែរ​។

​ទោះ​លើក​ហេតុផល​សន្សំ​លុយ​ក្ដី ការសម្រេចចិត្ត​របស់​អាមេរិក ប្រៀ​ដូច​ជាការ​អនុវត្តតាម​ការចង់បាន​របស់​កូរ៉េខាងជើង​ដូច្នោះ​ដែរ​។ វត្តមាន​យោធា​អាមេរិក​ចំនួន​២៨៥០០​នាក់ និង​ការធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ជាច្រើនលើក​នាពេល​រាប់សិប​ឆ្នាំ​មកនេះ ពិតជា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្ដៅស្លឹកត្រចៀក​មិនតិច​ឡើយ​។ ក្រុង​ព្យុងយ៉ាង​ចាត់ទុក​សមយុទ្ធ​រួមគ្នា​នេះ ជាការ​ត្រៀម​ឈ្លានពាន​ខ្លួន ហើយ​ទាមទារ​ឲ្យ​លុបចោល​ដាច់ខាត​។

​តាមពិតទៅ លោក ត្រាំ លើកឡើង​ពី​ការលុបចោល​សមយុទ្ធ​ធំៗ​ជាមួយ​កូរ៉េខាងត្បូង​ចាប់តាំងពី​ជំនួប​នៅ​សិង្ហ​បុរី​មក​។ វា​ក៏​ធ្វើ​ឲ្យ​មានការ​បារម្ភ​នៅ​កូរ៉េខាងត្បូង​ដែរ​។ នេះ​ក៏​ព្រោះតែ​ការលុបចោល​សមយុទ្ធ​នេះ​អាច​ប៉ះពាល់​ដល់​ការត្រៀម​ប្រយុទ្ធ​របស់​ក​ង​ទ័ព​សម្ព័ន្ធមិត្ត​ក្នុងករណី​សង្គ្រាម​ផ្ទុះឡើង ហើយ​ម្យ៉ាងទៀត​នោះ កូរ៉េខាងជើង​ក៏​មិនបាន​ធ្វើ​អ្វី​ជា​ដុំកំភួន​នៅឡើយ​ដែរ​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​នោះ​៕


Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com