អន្តរជាតិ
ថៃ គ្រោង​កោះហៅ​អាជីវករ​លក់ទំនិញ​តាម​អន​ឡាញ​ដែល​គេច​ពី​ការបង់ពន្ធ​
06, Mar 2019 , 8:39 am        
រូបភាព
ដោយ:
​នាយកដ្ឋាន​ចំណូល​ជាតិ​ថៃ មាន​គោលបំណង​បង្កើន​តួលេខ​អ្នក​ដែលមាន​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​១០​ភាគរយ ក្នុង​ឆ្នាំ​២០១៩​នេះ​។ ទាក់ទិន​នឹង​គម្រោង​នេះ ខ្លួន​នឹង​ផ្តោត​សំខាន់​លើ​អាជីវ​ករលក់​ផលិតផល​តាម​អន​ឡាញ​នៅក្រៅ​ប្រព័ន្ធ​ពន្ធដារ​។​

 
​ដោយមាន​ជំនួយ​ពី​ប្រព័ន្ធ​វិភាគ​ទិន្នន័យ ភ្នាក់ងារប្រមូលពន្ធ​ដ៏​ធំ​បំផុត​របស់​ថៃ​ចង់​បង្កើន​តួលេខ​អ្នក​ដែលមាន​កាតព្វកិច្ច​បង់​ឲ្យ​បាន​១​លាន​នាក់​ក្នុងឆ្នាំនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Ekniti Nitithanprapas ប្រធាន​នាយកដ្ឋាន​ចំណូល​ជាតិ​ថៃ ដែល​បន្ថែមថា នាយកដ្ឋាន​លោក​គ្រោង​កោះហៅ​អាជីវករ​លក់ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​បានគេច​ពី​ការបង់ពន្ធ​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bangkok Post លោក Ekniti គូសបញ្ជាក់ថា នាយកដ្ឋាន​លោក​មាន​ទិន្នន័យ​គ្រប់គ្រាន់​លើ​ចំនួន​អាជីវករ​លក់ទំនិញ​តាម​អន​ឡាញ ដែល​បាន​បង់ពន្ធ​ជូន​រដ្ឋ​។ ត្រង់ចំណុច​នេះ លោក​ស្នើ​ឲ្យ​អាជីវករ​ដែល​ធ្វើ​ជំនួញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដាក់​ឯកសារ​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​លោក​មិន​ចង់​បើក​ការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ ឬ​កោះហៅ​អ្នក​ទាំង​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ អ្នក​ដែល​ត្រូវ​បង់ពន្ធ​ប្រមាណ ៣,២​លាន​នាក់​បានដាក់​ឯកសារ​ស្តីពី​ចំណូល​ពន្ធ​ត្រឡប់​របស់​ពួកគេ​ទៅកាន់​នាយកដ្ឋាន​ចំណូល​ជាតិ​របស់​ថៃ​។ ចំនួន​នេះ​គឺ​កើនឡើង​ពី​២,៧​លាន​នាក់​កាលពី​ឆ្នាំ​២០១៨​។ 
 
​យ៉ាងណាមិញ កាលពី​ឆ្នាំមុន មនុស្ស​ចំនួន​១០​លាន​នាក់​បានដាក់​ឯកសារ​ចំណូល​ត្រឡប់​របស់​ពួកគេ​រួចរាល់​ទៅកាន់​នាយកដ្ឋាន​ចំណូល​ជាតិ​ថៃ ប៉ុន្តែ​មនុស្ស​ត្រឹម ៣-៤ លាន​នាក់​តម្រូវ​ឲ្យ​បង់ពន្ធ​៕
 

Tag:
 ថៃ​
  អាជីវកម្ម​តាម​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com