ជាតិ
សម្ដេច ហ៊ុន សែន៖ ស្ត្រីធ្វើការតាមផ្ទះ ធ្វើការពេលគេឈប់សម្រាក…តើយើងយល់អារម្មណ៍មួយនេះទេ?
× ភ្នំពេញ៖ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យម្ចាស់ផ្ទះទាំងអស់ ត្រូវយោគយល់ និងអាធ្យាស្រ័យដល់ស្ត្រីដែលបម្រើការងារនៅក្នុងផ្ទះ ដោយមិនត្រូវធ្វើទុក្ខបុកម្នេញដល់ពួកគេនោះទេ។
ថ្លែងក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែមីនា សម្ដេច ហ៊ុន សែន ដែលដឹងពីសុខទុក្ខស្ត្រីបម្រើការងារតាមផ្ទះនោះ បានរៀបរាប់ថា ស្ត្រីធ្វើការងារតាមផ្ទះ គ្មានពេលសប្បាយដូចគេឡើយ ពោលគឺនៅថ្ងៃបុណ្យជាតិ ពលរដ្ឋទូទៅតែងតែមានពេលឈប់សម្រាក ប៉ុន្តែស្ត្រីធ្វើការតាមផ្ទះ គ្មានពេលឈប់សម្រាកនោះទេ។ ដោយសារតែបញ្ហានេះហើយ ទើបប្រមុខរដ្ឋាភិបាល ស្នើឲ្យពលរដ្ឋទាំងអស់ ត្រូវគិតគូពីបញ្ហានេះឡើងវិញ ទើបវាជះផលវិជ្ជមាន និងគ្មានការរើសអើងរវាងម្ចាស់ផ្ទះ និងអ្នកបម្រើនៅក្នុងសង្គម ។
«សូម្បីពេលបុណ្យទាន តើគ្នា(ស្ត្រីបម្រើការងារតាមផ្ទះ)មានពេលឯណាទៅសម្រាកដូចគេ បើគ្នាទៅសម្រាកតើអ្នកណាដាំបាយឲ្យយើងស៊ី រឿងវានៅកន្លែងហ្នឹង។ អ៊ីចឹង បានជាយើងត្រូវយកចិត្តទុកដាក់ ព្រោះគ្នាធ្វើដោយសារតែគ្នាក្រ។ ជួនកាល អ្នកខ្លះចោលប្តី ចោលកូននៅផ្ទះ ហើយមកធ្វើការបម្រើយើង។ នៅពេលដែលបានស៊ីឆ្ងាញ់ នឹកដល់កូន នឹកដល់ប្តីដែលកំពុងពិបាកនៅឯណោះ(ផ្ទះ)។ អ៊ីចឹងតើយល់ទេ អារម្មណ៍មួយនេះ?...។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
ក្រៅពីហាមម្ចាស់ផ្ទះធ្វើបាបស្ត្រីបម្រើការងារក្នុងផ្ទះហើយ ប្រមុខរដ្ឋាភិបាល ក៏ស្នើឲ្យម្ចាស់ផ្ទះទាំងនោះ ត្រូវផ្ដល់ប្រាក់ខែសមរម្យដល់ពួកគេ ដើម្បីឲ្យពួកគេអាចមានលទ្ធភាពរស់នៅ ក្នុងជីវភាពថ្លៃថ្នូរនៅក្នុងសង្គម៕
Tag:
ហ៊ុន សែន
បម្រើការងារតាមផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com