កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez នឹង​អវត្តមាន​ឲ្យ Man Utd រហូត​ចប់​រដូវ​កាល​នេះ​
05, Mar 2019 , 10:59 pm        
រូបភាព
Alexis Sanchez នឹង​អវត្តមាន​ឲ្យ​ក្រុម Manchester United រហូត​បញ្ចប់​រដូវ​កាល​នេះ​តែម្តង​បន្ទាប់ពី​មាន​បញ្ហា​របួស​សរសៃ​ជង្គង់​។ នេះ​បើ​យោងតាម​ការ​បញ្ចា​ក់រប​ស់​អ្នកជំនាញ​ប្រចាំ​ក្រុម​ជម្រើសជាតិ​ស៊ី​លី​។​


 
​ខ្សែបម្រើ​សញ្ជាតិ​ស៊ី​លី វ័យ​៣០​ឆ្នាំ​បាន​រងរបួស​ជង្គង់​ខាងស្តាំ​ក្នុងអំឡុងពេល​ការប្រកួត​ដែល Man Utd យកឈ្នះ Southampton ៣-២ ក្នុង​ក្របខណ្ឌ Premier League កាលពី​សប្តាហ៍​មុន​។ បញ្ហា​របួស​នេះ​នឹងធ្វើ​ឲ្យ​អតីត​សមាជិក​ក្រុម Barcelona និង Arsenal រូបនេះ​ត្រូវការ​សម្រាក​ព្យាបាល​រយៈពេល​៨​សប្តាហ៍​។​
 
​អវត្តមាន Sanchez លើ​ទីលាន​យៈ​ពេល​ដល់​ទៅ​២​ខែ​នេះ នឹង​ប៉ះពាល់​ដល់​ក្រុម​បិសាច​ក្រហម​នៅពេល​ប៉ះ Paris St Germain ក្នុង​ក្របខណ្ឌ Champions League សម្រាប់​ជំនួប​ជើង​ទី​២​នៅ​ថ្ងៃទី​៦ ខែមីនា​នេះ​។​
 
 Man Utd បាន​ចាញ់ PSG ២-០ នៅ​ជើង​ទី​១ ក្នុង​ទឹកដី Old Trafford រួចមកហើយ ខណៈ​ពេលនេះ​កំពុងមាន​វិបត្តិ​កីឡាករ​សំខាន់ៗ​របួស​ជាច្រើន​ថែមទៀត​។ ក្រៅពីនោះ​ខ្សែបម្រើ​ឆ្នើម Paul Pogba ក៏​មិនអាច​ចូល​ជួយ​ក្រុម​ដែរ ដ្បិត​បាន​កាត​ក្រហម​នា​ជំនួប​នោះ​។​
 
​សារព័ត៌មាន​ស៊ី​លី El Mercurio ផ្សាយ​ថា Sanchez អាច​ត្រលប់​ចូល​ទីលាន​វិញ​ក្នុងជំនួប​ចុងក្រោយ​១​ប្រកួត​សម្រាប់​រដូវ​កាល​នេះ​ឲ្យ Man Utd និង​អាចជួយ​ក្រុម​ជម្រើសជាតិ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ Copa American ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  Alexis Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com