ជាតិ
សេដ្ឋកិច្ច
ពលករខ្មែរនៅបរទេស មានជាង១,២លាននាក់ និងនាំចំណូលមកស្រុកជាង២,៣ប៊ីលានដុល្លារក្នុង១ឆ្នាំ លោក អ៊ិត សំហេង ថ្លែងក្នុងសន្និបាតបូកសរុបការងារ
× លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើង គិតត្រឹមឆ្នាំ២០១៨ មានពលករ-ពលការិនីខ្មែរជាង១,២លាននាក់ (ស្រីជិត៥សែននាក់) ដែលកំពុងធ្វើការនៅតាមបណ្តាប្រទេសនានា។ ការលើកឡើងរបស់លោក អ៊ិត សំហេង គឺនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងការងារ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។
លោក អ៊ិត សំហេង អះអាងថា ចំណូល ដែលពលករខ្មែរទាំងនោះ បានផ្ញើមកផ្ទះ មានជាង២,៣ប៊ីលានដុល្លារ ក្នុង១ឆ្នាំៗ។ លោក បន្តថា ពេលត្រឡប់មកកម្ពុជាវិញ ពួកគេ ថែមទាំងមានជំនាញ និងវិជ្ជាជីវៈថែមទៀត។
ពលករខ្មែរ ដែលបម្រើការងារនៅប្រទេស មានដូចជា នៅថៃ មានជាង១,១លាននាក់ (ស្រីជាង៤,៥សែននាក់), នៅកូរ៉េ មានជិត៤ម៉ឺននាក់ (ស្រីជាង១ម៉ឺនាក់), នៅជប៉ុន មានជាង៧ពាន់នាក់ (ស្រីជិត៤ពាន់នាក់), នៅម៉ាឡេស៊ី មានជាង៣ម៉ឺននាក់ (ស្រីជាង២,៥ម៉ឺននាក់), នៅសិង្ហបុរី មានជាង៨រយនាក់ (ភាគច្រើនជាស្រី)។ រដ្ឋាភិបាលកម្ពុជា ទើបចាប់ផ្តើមបញ្ជូនពលការិនី៥៤នាក់ ទៅបម្រើការងារនៅតំបន់រដ្ឋបាលពិសេសហុងកុង និង ពលការិនី១៦នាក់ ទៅអារ៉ាប់ប៊ីសាអូឌីត។ តួលេខនេះ មានក្នុងរបាយការណ៍ ដែលអានដោយរដ្ឋមន្ត្រីការងារ។
បើតាមលោករដ្ឋមន្ត្រី ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេស រដ្ឋាភិបាល ក៏បានបង្កើតការងារក្នុងប្រទេស ដល់ប្រជាពលរដ្ឋប្រមាណ៣,៦លាននាក់ផងដែរ ដោយក្នុងនោះ ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានជាង១,៤លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាង២,២លាន នាក់។ លោករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា៖«បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង៩៩,៣ភាគរយ ដែលមានការងារធ្វើ និងអត្រាអត់ការងារធ្វើ មានតែ០,៧ភាគរយប៉ុណ្ណោះ នៃកម្លាំងពលកម្មសរុបជិត១០លាននាក់»។
ក្រសួងព័ត៌មាន បានចុះផ្សាយថា រហូតមកដល់ពេលនេះ សហគ្រាសនិងគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលមានចុះបញ្ជីនៅក្រសួងការងារ មានជាង១,២ម៉ឺន ហើយសហគ្រាសផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានជាង២,៣ម៉ឺន៕
Tag:
អ៊ិត សំហេង
ពលករខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com