ជាតិ
សង្គមជាតិ
ក្រុមហ៊ុន៦ រកស៊ីខាងរ៉ែ ថ្ម និងខ្សាច់ ត្រូវព្យួរអាជ្ញាបណ្ណ១សប្តាហ៍ ព្រោះផ្គើននឹងក្រសួង រូបពីក្រសួងរ៉ែនិងថាមពល
× ក្រសួងរ៉ែនិងថាមពល បានសម្រេចព្យួរអាជ្ញាប័ណ្ណរយៈពេល១សបា្តហ៍ទុកជាការព្រមាន ចំពោះក្រុមហ៊ុន៦ ដែលប្រកបអាជីវកម្មរ៉ែ ថ្ម និងខ្សាច់ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។ ការព្យួរអាជ្ញាបណ្ណនេះ គឺបន្ទាប់ពីមន្ត្រីក្រសួង បានចុះទៅពិនិត្យនិងតាមដានសកម្មភាពក្រុមហ៊ុនទាំងនោះ ដោយរកឃើញថា ពុំបានគោរពតាមស្មារតីនៃអង្គប្រជុំ ពិសេសសារាចរណែនាំរបស់ក្រសួង ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែ។
តាមរយៈព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងរ៉ែ បានព្រមានធ្ងន់ៗថា ក្រុមហ៊ុនទាំងនោះ អាចនឹងត្រូវបានបញ្ចប់អាជ្ញាបណ្ណតែម្តង បើនៅតែមិនរាងចាល។ ក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនរ៉ែថ្មសំណង់២ ក្រុមហ៊ុនខ្សាច់បក១ និងក្រុមហ៊ុនខ្សាច់ស្ទឹង៣។
ក្រសួងរ៉ែ បញ្ជាក់ថា មុននឹងឈានដល់ព្យួរអាជ្ញាបណ្ណរយៈពេល១សប្តាហ៍នេះ ក្រុមការងាររបស់ក្រសួង ធ្លាប់បានបើកកិច្ចប្រជុំណែនាំដល់ក្រុមហ៊ុនទាំងនោះរួចម្តងហើយ កាលដើមខែកុម្ភៈ ឆ្នាំ២០១៩។ បន្ទាប់មក ក៏មានកិច្ចប្រជុំម្តងទៀតជាមួយលោក ហ៊ុន ម៉ានី តំណាងរាស្ត្រខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រសួងរ៉ែ អាជ្ញាធរខេត្ត-ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា។
លោក ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុកថា ក្រុមការងាររបស់លោក រួមជាមួយនឹងភាគីពាក់ព័ន្ធ បានចាប់ផ្តើមពិភាក្សាគ្នា និងជំរុញឲ្យមានការដោះស្រាយ ពីផលប៉ះពាល់ ដែលបណ្តាលមកពីអាជីវកម្មរ៉ែ ខ្សាច់ និងថ្មទាំងនោះ។ បើតាមលោក ហ៊ុន ម៉ានី កិច្ចប្រជុំនោះ បានកំណត់ក្រុមហ៊ុន អនុវត្តកិច្ចព្រមព្រៀង ដូចជា សកម្មភាពនៃការកិននិងការបំផ្ទុះ មិនត្រូវធ្វើហួសពីម៉ោង៦ព្រឹក ដល់ម៉ោង៦ល្ងាច, ត្រូវស្រោចទឹកថ្នល់ជាប្រចាំ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ជីវភាព និងសុខភាពប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ, ការដឹកជញ្ជូន ត្រូវរក្សាគម្លាតយ៉ាងតិច ១៥០ម៉ែត្រ ពីរថយន្តមួយទៅរថយន្តមួយ និងដោយរក្សាល្បឿនយឺតបំផុតនៅក្នុងទីប្រជុំជន, ហើយ ក្រុមហ៊ុនត្រូវរួមគ្នាចេញបដិភាគជួសជុលផ្លូវ ដែលរងការខូចខាតដោយសារការដឹកជញ្ជូនរបស់ខ្លួន។
តំណាងរាស្ត្ររូបនេះ អះអាងថា ក្រុមហ៊ុនទាំងនោះ នៅតែបន្តសកម្មភាពប្រាសចាកពីស្មារតីនៃកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំដដែល។ លោក បន្តថា ដោយសារតែ សកម្មភាពគឃ្លើននេះហើយ ទើបអាជ្ញាធរខេត្ត និងក្រសួង ឈានទៅដល់ការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងនោះ រយៈពេល១សប្តាហ៍។ លោក បានសរសេរយ៉ាងដូច្នេះថា៖«ក្រុមការងារ នឹងនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងខាងលើ»៕
Tag:
ក្រសួងរ៉េ
ហ៊ុន ម៉ានី
ព្យួរអាជ្ញាបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com