កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Solskjaer ជឿជាក់ថា Man Utd អាចទម្លាក់ PSG បាន ដ្បិតក្រុមខ្លួនលេងល្អក្រៅដី
× លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅបណ្តោះអាសន្ន Manchester United នៅតែជឿជាក់ថា ទម្រង់លេងនៅក្រៅដីរបស់ក្រុមលោកនឹងផ្តល់ក្តីសង្ឃឹមក្នុងការវាយបកយកឈ្នះ Paris St Germain នៅកីឡដ្ឋាន Parc des Princes វិញ បើទោះខាត២គ្រាប់ក្នុងដីខ្លួនឯង នៅជើងទី១ក៏ដោយ។
Man Utd នឹងត្រូវតទល់ជាមួយ PSG ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយនៅរាត្រីថ្ងៃទី៦ ខែមីនា វេលាម៉ោង ៣:០០នាទី [ម៉ោងនៅកម្ពុជា] ដើម្បីកាត់សេចក្តីថា ក្រុមណាអាចឈានទៅវគ្គបន្តក្នុងពានរង្វាន់ UEFA Champions League។ ក្រុមរបស់លោក Solskjaer បានរងបរាជ័យក្រោមថ្វីជើងក្រុមយក្សបារាំងនៅ Old Trafford ដល់ទៅ ២-០ នាជំនួបជើងទី១។
មិនត្រឹមតែរបូត២គ្រាប់ Man Utd ក៏កំពុងមានវិបត្តិកីឡាករសំខាន់ៗរបួសជាច្រើនរូបផងដែរ ខណៈ Paul Pogba មិនអាចជួយក្រុមបាន ដ្បិតត្រូវពិន័យដោយសារកាតក្រហមនៅជើងទី១។
ក្នុងការប្រកួតពានលំដាប់កំពូលអឺរ៉ុបនេះ ស្ទើរតែគ្មានក្រុមណាអាចឆ្លងទៅវគ្គបន្ទាប់ឡើយ ក្រោយពីបរាជ័យក្នុងដីខ្លួនឯងនៅជើងទី១ ចាប់ពី២គ្រាប់ឬច្រើនជាងនេះ។ បើទោះយ៉ាងនេះក្តី អ្នកចាត់ការសញ្ជាតិន័រវែសនៅតែជឿជាក់លើកូនក្រុមលោកថា ពួកគេអាចធ្វើបានមិនខាន។
«គ្រាប់បាល់គឺតែងតែផ្លាស់ប្តូរការប្រកួត។ យើងត្រូវតែរកគ្រាប់បាល់ទី១ឲ្យបាន បន្ទាប់មកអ្វីៗ អាចកើតឡើងបន្តទៀត។ កីឡាបាល់ទាត់គឺត្រូវប្រើបច្ចេកទេស និងយុទ្ធសាស្ត្រ ប៉ុន្តែវាក៏ជាល្បែងផ្លូវចិត្តដែរ។ ប្រសិនបើយើងរកគ្រាប់បាល់ដំបូងបានមុនយើងនឹងរឹតតែមានការជឿជាក់បន្ថែមទៀត ហើយដៃគូរបស់យើងនឹងចាប់ផ្តើមមានសម្ភាធ»។ Solskjaer រៀបរាប់បែបនេះ។
ក្រោមការដឹកនាំរបស់ Solskjaer ក្រុមបិសាចក្រហមមិនដែលស្គាល់ចាញ់នៅឡើយទេសម្រាប់ការប្រកួតក្រៅដីទាំង៨ប្រកួត។ «យើងបានយកឈ្នះក្រុមខ្លាំងដូចជា Arsenal, Chelsea និង Tottenham Hotspur នៅក្រៅដី ហើយលទ្ធផលនេះបានធ្វើឲ្យយើងមានការជឿជាក់ខ្ពស់ថានឹងធ្វើបានល្អពេលប៉ះ PSG បន្តទៀត»។
ដោយឡែកជំនួបមួយគូទៀត Roma នឹងធ្វើដំណើរទៅជួប FC Porto ក្នុងការប្រកួតជើងទី២ ដើម្បីកាត់សេចក្តីថាក្រុមណានឹងត្រូវទៅវគ្គបន្ត នៅម៉ោងដំណាល់គ្នានេះដែរ។ កាលពីជើងទី១ ក្រុមពីអ៊ីតាលី Roma បានយកឈ្នះក្រុមពីព័រទុយហ្គាល់ដោយលទ្ធផល ២-១៕
Tag:
បាល់ទាត់
UEFA Champions League
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com