ជាតិ
សិល្បះ
«​ហ្វ៊ូ​ណន​», «​ផ្នូរ​គ្មាន​ឈ្មោះ​» និង​«​តន្ត្រី​ជីវិត​»...​នឹង​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៩
07, Mar 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី​៩ នឹង​ចាក់​បញ្ចាំងភាពយន្ត​ចំនួន​១៣០​ចំណងជើង មកពី​៣៧​ប្រទេស នៅ​ទូទាំង​ពិភពលោក រួមមាន​ភាពយន្ត​ខ្នាត​ខ្លី ភាពយន្ត​ខ្នាត​ធំ ភាពយន្ត​ឯកសារ ស្ដីពី​បរិស្ថាន ការប្រែប្រួល​អាកាសធាតុ និង​ស្ដីពី​របប​ខ្មែរក្រហម ព្រមទាំង​គំនូរជីវចល​។ ក្នុង​ភាពយន្ត​ទាំងនោះ ក៏មាន​ភាពយន្ត​ដែល​ទទួលបាន​ពានរង្វាន់​ទៀតផង​។​

 
​លោក ជាប សុវិជ្ជា នាយក​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត​នៅ​កម្ពុជា​(CFC) បាន​មានប្រសាសន៍ថា មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ដែល​រៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ជំរុញ​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​។ លោក​សង្កត់ធ្ងន់ថា ភាពយន្ត​ដែល​ទទួលបាន​ពានរង្វាន់​ទាំង​ភាពយន្ត​ខ្មែរ​និង​បរទេស នឹង​ផ្ដល់ឱកាស​ឱ្យ​ផលិតករ​វ័យក្មេង ដែល​នៅ​ស្ទើរ​បទពិសោធន៍ បាន​ស្វែងយល់​បន្ថែម​។ 


 
​នាយក​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​រូបនេះ បញ្ជាក់​បន្ថែមថា ៖« មហោស្រព​ភាពយន្ត​នេះ បាន​អញ្ជើញ​ផលិតករ​ដែលមាន​ស្នាដៃ មក​ចែករំលែក​បទពិសោធន៍​។  ដូច្នេះ​ផលិតករ​កម្ពុជា​ដែល​គាត់​នៅ​ក្មេងខ្ចី​បទពិសោធន៍ គាត់​អាច​សិក្សា​បន្ថែម​ពី​ផលិតករ និង​ពី​ភាពយន្ត​ដែល​បាន​ជាប់​ពាន​ទាំងនោះ​»​។​
 
​ចំណែក​លោក ជា សុភាព នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផា​ណា បាន​ផ្ដោត​សំខាន់​ទៅលើ​កម្មវិធី “​ប្រឈមមុខ​នឹង​ការ​ប្រល័យពូជសាសន៍​" ៤​ទសវត្សរ៍​ក្រោយ​ការដួលរលំ នៃ​របប​ខ្មែរក្រហម ដែលជា​ប្រភេទ​ភាពយន្ត​ខ្នាត​ធំ ក៏ដូចជា​ភាពយន្ត​ឯកសារ​ស្ដីពី​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។ ដ្បិត​លោក មិនអាច​កំណត់​បាន​ថា​ភាពយន្ត​ដែល​បញ្ចាំង​នៅក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ អាច​ផ្ដល់​គំនិត​អប់រំ ឬ​ជា​ប្រយោជន៍​បាន​កម្រិតណា​ក្តី តែ​លោក​ជឿជាក់ថា ភាពយន្ត​ទាំងនោះ អាចជា​គិត​គំនិត​ពិចារណា​សម្រាប់​អ្នកទស្សនា​ចូលរួម​។ 


 
«​ការ​បញ្ចាំងភាពយន្ត​ស្ដីពី​របប​ខ្មែរក្រហម ព្រោះ​យើង​មិន​ចង់ឱ្យ​របប​នេះ ឬ​បញ្ហា​ស្រដៀង​នេះ​កើតឡើង​ម្ដង​ទៀ​។ ខ្ញុំ​មិនអាច​និយាយបានថា ភាពយន្ត​ដែល​យើង​ដាក់​បញ្ចាំង នឹង​ផ្ដល់​គុណប្រយោជន៍​យ៉ាងណា​ដល់​អ្នកទស្សនា​ទេ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា ភាពយន្ត​ស្ដីពី​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ និង​អាចឱ្យ​អ្នកមើល​បានគិត​ពិចារណា និង​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​»​។ នេះ​ជាការ​រំពឹង​របស់លោក ជា សុភាព​។​
 
​ភាពយន្ត​កម្ពុជា​ដែល​ត្រូវ​ចាក់​បញ្ចាំង​រួមមាន​រឿង «​ហ្វ៊ូ​ណន​» ដែល​ជាប់​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​ទីក្រុង​អាន​ស៊ី ឆ្នាំ​២០១៨​។ រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» ក៏​ជា​ភាពយន្ត​បេក្ខភាព​ពានរង្វាន់​អូ​ស្ការ ឆ្នាំ​២០១៩ តំណាង​កម្ពុជា នៅ​មហោស្រព​ភាពយន្ត​ទីក្រុង​វេ​នី​ស​។ រឿង «​តន្ត្រី​ជីវិត​» (​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូ​ក្យូ​) និង​រឿង « The Prey» (​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​ប៊ូសាន​) ឆ្នាំ​២០១៨​។ ភាពយន្ត​ពិសេស​ក្នុង​មហោស្រព​នេះ ទាក់ទង​ការ ប្រឈមមុខ​នឹង​ការ​ប្រល័យពូជសាសន៍ ៤​ទសវត្សរ៍​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ដែល​នឹង​បង្ហាញ​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ឯកសារ​ល្បីៗ ស្ដីអំពី​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។​
 
​រីឯ​ភាពយន្ត​បរទេស​ជាច្រើន​ត្រូវបាន​ជ្រើសរើស និង​សម្រិតសម្រាំង​ល្អឥតខ្ចោះ ដើម្បី​បញ្ចាំង​ក្នុង​មហោស្រព​នេះ​។ ភាពយន្ត​ទាំងនោះ​មាន​មកពី​ប្រទេស ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ឥ​ណ្ដូ​ណេ​ស៊ី ថៃ ឡាវ ឥណ្ឌា ជាដើម​។ ហើយ​ភាពយន្ត​គំនូរជីវចល ខ្នាត​ធំ ខ្នាត​ខ្លី សម្រាប់​កុមារ និង​វ័យ​ជំទង់ មកពី​ជំវិញ​ពិភពលោក​។​បន្ថែម​ពី​នោះ​ផលិតករ​ភាពយន្ត​វ័យក្មេង​កម្ពុជា ក៏​នឹង​បង្ហាញ​ស្នាដៃ​ថ្មីៗ​របស់ខ្លួន តាមរយៈ​កម្មវិធី «​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​» ផងដែរ​។​
 
​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា នឹង​ចាក់​បញ្ចាំងភាពយន្ត​នៅ​ថ្ងៃទី​៩-១៤ ខែមីនា ចំនួន​១៥០​លើក នៅតាម​រោងភាពយន្ត​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ ដូចជា​រោងភាពយន្ត​លេ​ជេន រោងភាពយន្ត​ម៉េ​ជ័រ​ស៊ី​ណេ​ផ្លិ​ច រោងភាពយន្ត​ប្រែ​ម​ស៊ី​ណេ​ផ្លិ​ច មជ្ឈមណ្ឌល​បុប្ផា​ណា សាល​មហោស្រព​ចតុមុខ និង​សណ្ឋាគារ​រ៉ូ​ស​វូដ​៕
 

Tag:
 ភាពយន្ត​
 ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​
  ជៀប សុវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com