កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​អាល្លឺម៉ង់​ឈប់​យក Boateng, Hummels និង Muller ចូល​ជម្រើសជាតិ​
06, Mar 2019 , 5:59 pm        
រូបភាព
​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Joachim Low បាន​ប្រាប់​ខ្សែការពារ Jerome Boateng, Mats Hummels និង​ខ្សែប្រយុទ្ធ Thomas Muller ថា​លោក​មិន​ជ្រើស​យក​ពួកគេ​ទៅ​រួម​ក្រុម​ទៀតឡើយ​។​


 
​ខ្សែការពារ Boateng និង Hummels ដែលមាន​វ័យ​៣០​ឆ្នាំ រួមទាំង Muller អាយុ​២៩​ឆ្នាំ សុទ្ធសឹង​ជា​កីឡាករ​សំខាន់​របស់ Bayern Munich និង​បាន​ជួយ​ឲ្យ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤ ទៀតផង​។​
 
​ប៉ុន្តែ​ក្រោយ​ក្រុម​រហស្សនាម​ឥន្ទ្រី​ដែក​ខ្ទាត​ចេញពី​ពាន World Cup ឆ្នាំ​២០១៨ ត្រឹម​វគ្គ​ចែក​ពូ​ល និង​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ​អឺរ៉ុប Nations League ទៀត​នោះ​ទើប​លោក Joachim Low សម្រេចមិនយក​អ្នក​ទាំង​៣​ទៅ​ជួយ​ក្រុមទៀតទេ​ ​ដោយ​ជំនួស​កីឡាករក្មេងៗវិញ​។​
 
«​ឆ្នាំ ២០១៩ គឺជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​ថ្មី​សម្រាប់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​។ «​យើង​ចង់​ឲ្យ​ក្រុម​នេះ​មានមុខ​ថ្មី​ហើយ​ខ្ញុំ​ជឿជាក់ថា​នេះ​គឺជា​ជំហាន​ដ៏​ត្រឹមត្រូវ​»​។ Low អះអាង​ពី​ការសម្រេចចិត្ត​របស់លោក​បែបនេះ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ​៥៩​ឆ្នាំ​រូបនេះ​បន្ថែមថា កីឡាករ​វ័យក្មេង​នឹងមាន​កន្លែង​ដែល​ពួកគេ​ត្រូវការ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​បាន​ពេញលេញ​ហើយ​ពួកគេ​ត្រូវ​ទទួលខុសត្រូវ​នៅពេលនេះ​។​
 
​ក្នុងជំនួប​ចុងក្រោយ​របស់​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៨ ដែល Boateng, Hummels និង Muller ចូល​លេង​ទាំងអស់នោះ គឺ​ក្នុង​បរាជ័យ​ដោយ​លទ្ធផល ៣-០ ក្រោម​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ក្នុង​ក្របខណ្ឌ Nations League៕

Tag:
 បាល់ទាត់​
  Joachim Low
  អាល្លឺម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com