កីឡាអន្តរជាតិ
អន្តរជាតិ
អស្ចារ្យ! ចាញ់ប្រៀបជើងទីមួយ តែ Man Utd និង Porto វាយបកបានសម្រេចដើម្បីឈានទៅវគ្គបន្ត UCL
× ការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League បានផ្តល់នូវលទ្ធផលដ៏រំភើបក្រុមអ្នកគាំទ្រ Manchester United និង Porto។ Manchester United ដែលចាញ់ប្រៀបនៅជើងទីមួយ ២-០ បានតាមវាយបក នៅទឹកដីរបស់ Paris Saint Germain ក្នុងជើងទីពីរជាមួយនឹងលទ្ធផល ៣-១ មុនពេលដែល Porto ក៏បានយកទឹកដីរបស់ខ្លួនដើម្បីវាយបក Roma វិញផងដែរ ជាមួយនឹងលទ្ធផល ៣-១ នៅម៉ោងបន្ថែម ក្រោយចាញ់ប្រៀប ២-១ នៅទឹកដីរបស់ក្លិបអ៊ីតាលី។
វីដេអូជំនួយអាជ្ញាកណ្តាល (VAR) បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការប្រកួតនារាត្រីឈានចូលថ្ងៃព្រហស្បតិ៍នេះ។ Romeu Lukaku រកបាន២គ្រាប់នៅតង់ទីមួយ ខណៈ Juan Bernat រកបាន១គ្រាប់សម្រាប់ម្ចាស់ផ្ទះ PSG។ ជិតដល់បញ្ចប់ការប្រកួតទៅហើយ VAR បានកាត់សេចក្តីថា Presnel Kimpembe បានយកដៃប៉ះបាល់នៅតំបន់គ្រោះថ្នាក់ ដែលនាំឲ្យ Marcus Rashford ស៊ុតបាល់ប៉េណាល់ទីនៅនាទី៩០+៤ ហើយជាលទ្ធផលដែលនាំឲ្យ Man Utd ឈានទៅវគ្គបន្ត ក្រោមរូបមន្តស៊ុតចូលច្រើនក្រៅទឹកដី។
ងាកទៅជំនួបនៅប្រទេសព័រទុយហ្គាល់ឯណោះវិញ VAR បានកំណត់ឈ្នះចាញ់នៅក្នុងការប្រកួតបន្ថែមម៉ោង។ Tiquinho Soares រកបានគ្រាប់នាំមុខសម្រាប់ម្ចាស់ផ្ទះ Porto ប៉ុន្តែប្រធានក្រុម Daniele de Rossi ទាត់ប៉េណាល់ទីតាមស្មើសម្រាប់ Roma វិញនៅតង់ទីមួយ។ ឈានដល់នាទី៥២ Moussa Marega បន្ថែមមួយគ្រាប់ទៀតឲ្យ Porto ដែលនាំឲ្យការប្រកួតបន្ថែម១៥នាទីពីរដង ព្រោះជើងទីមួយ Roma មានប្រៀប ២-១ ដូចគ្នា។ នៅនាទី១១៧ Alex Telles បានទាត់បាល់ប៉េណាល់នាំជ័យជម្នះសម្រាប់ Porto ក្រោយ VAR កាត់សេចក្តីថា Alessandro Florenzi បានបង្កកំហុសលើ Fernando Santos នៅតំបន់គ្រោះថ្នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com