អន្តរជាតិ
ហ្វីលីពីន ព្រមាន​ដាក់ពិន័យ​លើ​មន្ត្រី​លេង​ហ្គេម​អន​ឡាញ​ក្នុង​ម៉ោង​ធ្វើការ​
07, Mar 2019 , 10:02 am        
រូបភាព
ដោយ:
​អាជ្ញាធរ​ហ្វីលីពីន ព្រមាន​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​ហ៊ាន​លេង​ហ្គេម​អន​ឡាញ​អំឡុង​ម៉ោង​ការងារ នឹងត្រូវ​ប្រឈមមុខ​នឹង​ការដាក់ពិន័យ​ទៅតាម​ច្បាប់​។ ការដាក់ពិន័យ​មាន​ពីរ​កម្រិត​មានដូចជា ផ្អាក​ការងារ​បណ្តោះអាសន្ន និង​បណ្តេញ​ចេញពី​ក្របខណ្ឌ​តែម្តង​។



​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​ទី​៦ ខែមីនា លោកស្រី Aileen Lizada ស្នងការ​នៃ​គណៈកម្មការ​មុខងារសាធារណៈ​ហ្វីលីពីន គូសបញ្ជាក់ថា​៖«​ការលេង​ហ្គេម​អន​ឡាញ​អំឡុង​ម៉ោង​ធ្វើ​ការងារ គឺ​ពុំ​ត្រូវបាន​អនុញ្ញាត​ដាច់ខាត ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ប្រើប្រាស់​សម្ភារ​អេឡិចត្រូនិក​ដូចជា ទូរ​សព្ទ​ដៃ ឬ​កុំព្យូទ័រ​របស់​រដ្ឋ ឬ​ផ្ទាល់​ក៏ដោយ​»​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Inquirer លោកស្រី Lizada និយាយថា ទង្វើ​បែបនេះ​គឺ​ត្រូវបាន​ចាត់ទុកជា​ការធ្វើ​ឲ្យ​ខាត​ប្រយោជន៍​ដល់​សកម្មភាព​ការងារ​របស់​ក្រសួង ឬ​ស្ថាប័នរដ្ឋ​។ ក្រោម​ច្បាប់​ស្តីពី​មុខងារសាធារណៈ​ហ្វីលីពីន មន្ត្រី​រដ្ឋាភិបាល ឬ​បុគ្គលិក​រូប​ណា​ដែល​ត្រូវបាន​គេ​រកឃើញថា ល្មើស​ទៅនឹង​ករណី​ដូច​បានលើកឡើង​ខាងលើនេះ​ជា​លើកដំបូង នឹងត្រូវ​ផ្អាក​ការងារ​រយៈពេល​៦​ខែ​សិន​។ តែ​ប្រសិនបើ​ល្មើស​ជា​លើក​ទី​ពីរ​វិញ​នោះ នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​តែម្តង​។

​សូម​បញ្ជាក់ដែរថា ការចេញ​សេចក្តីថ្លែងការណ៍​របស់​លោកស្រី​ស្នងការ Lizada គឺធ្វើឡើង​លោកស្រី​ទទួលបាន​ដំណឹង​ថា បុគ្គលិក​ជាច្រើន​បាន​លួច​លេង​ហ្គេម​អន​ឡាញ​តាម​ទូរ​សព្ទ​ដៃ អំឡុង​ម៉ោង​ការងារ​របស់​ពួកគេ​៕

Tag:
 ហ្វីលីពីន​
  Video Games
© រក្សាសិទ្ធិដោយ thmeythmey.com