ជាតិ
សង្គមជាតិ
តារា​សម្ដែង អ៊ុក សុធា​រៈ ចេញមុខ​សុំទោស ក្រោយ​មន្ត្រី​ពន្ធនាគារ​ព្រមាន​ចាត់វិធានការ​ច្បាប់​
07, Mar 2019 , 10:30 am        
រូបភាព
លោក អ៊ុក សុធា​រៈ នៅកណ្តាល
លោក អ៊ុក សុធា​រៈ នៅកណ្តាល
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តារា​សម្ដែង អ៊ុក សុធា​រៈ បាន​ចេញមុខ​សុំទោស​ជា​សាធារណៈ ក្រោយពី​មន្ត្រី​ពន្ធនាគារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​សកម្មភាព​ថត​វីដេអូ​ច្រៀង ដោយ​គ្រង​សម្លៀកបំពាក់​អ្នកទោស​។ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ចាត់ទុក​សកម្មភាព​តារា​សម្ដែង​នោះ ជា​ទង្វើ​ខុសឆ្គង ដែល​បំពុលបរិយាកាស​សង្គម​។​





«​ខ្ញុំបាទ សុំទោស​ចំពោះ​កំហុស​ខុសឆ្គង​នៃ​ការថត​ពាក់​ខោអាវ​អ្នកទោស រាំ Tik tok កម្សាន្ត​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុក សុធា​រៈ ដែល​បាន​បន្ថែមថា អ្វីដែល​ខ្លួន និង​មិត្តភក្តិ​បានធ្វើ​នេះ គឺ​គ្មាន​បំណង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ពន្ធនាគារ​ឡើយ ។

​តារា​សម្ដែង អ៊ុក សុធា​រៈ ដែល​បាន​ចេញមុខ​សុំទោស តាមរយៈ​វីដេអូ​ឃ្លី​ប​៣​នាទី​ដូច្នេះ​ថា​៖«​បន្ទាប់ពី​ស្ដាប់​ការ​សុំទោស​នេះហើយ សុំ​កុំ​មានការ​យល់ច្រឡំ ព្រោះ​យើង​អត់​បានគិត​ច្បាស់​ថា ការថត​លេង ថត​កម្សាន្ត​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្ដាញ​សង្គម​អ៊ីចឹង​ទេ​»​។



​ការចេញមុខ​សុំទោស​នេះ បន្ទាប់ពី​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​លោក អ៊ុក សុធា​រៈ និង​មិត្តភក្តិ​ពីររូប​ទៀត ជុំវិញ​ការប្រើប្រាស់​សម្លៀកបំពាក់​អ្នកទោស ថត​វីដេអូ​រាំលេង​កម្សាន្ត​នេះ​។

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា ប​ច្ច​ប្បន្ន​មន្ត្រី​ពន្ធនាគារ​នៅ​ទូទាំងប្រទេស កំពុង​ខិតខំ​អនុវត្តន៍​បទបញ្ជា​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការហាម​ប្រើប្រាស់​ទូរស័ព្ទ​នៅតាម​ពន្ធនាគារ​ទាំងអស់ បែរជា​បុគ្គល អ៊ុក សុធា​រៈ យក​ការសម្តែង​របស់ខ្លួន​មកលេង​សើច បំពុលបរិយាកាស ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ​ពី​សំណាក់​មហាជន​។ ជាពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​មន្ត្រី ក៍​ដូចជា​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ។​

« សកម្មភាព​របស់​តារា​សម្តែង អ៊ុក សុធា​រៈ​និង​បក្ខពួក ជា​ទង្វើ​ឆ្កួត​លីលា​និង គ្មាន​ការទទួលខុសត្រូវ »​។​នេះ​ជាការ​លើកឡើង​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​៕


Tag:
 អ៊ុក សុធា​រៈ​
  សិល្បៈ​
 ​ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com