លោក Ole Gunnar Solskjaer បានបង្ហាញភាពអស្ចារ្យតាមរយៈការដឹកនាំក្រុម Manchester United ក្នុងការវាយបកយកឈ្នះក្រុមយក្សបារាំង Paris St-Germain ដើម្បីឈានទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League។ Solskjaer ថានេះជាលទ្ធផលដែលស្របតាមយុទ្ធសាស្ត្ររបស់លោក និងជាអ្វីដែលលោកបានជឿជាក់ពីសមត្ថភាពលេងក្រៅដីរបស់កូនក្រុម។
Romelu Lukaku អាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង មុនពេលខ្សែប្រយុទ្ធ Marcus Rashford សម្រេចគ្រាប់បាល់ជ័យជម្នះដោយការទាត់បាល់ពិន័យប៉េណាល់ទី ដើម្បីនាំ Man United យកឈ្នះម្ចាស់ផ្ទះក្នុងលទ្ធផល ៣-១ នាជំនួបជើងទី២។ កាលពីជើងទី១ ក្រុមជើងឯកបារាំងបានយកឈ្នះ Man Utd ២-០ ដូច្នេះសរុបលទ្ធផលការប្រកួតទាំងពីរជើងគឺ ៣-៣ ប៉ុន្តែ Man Utd អាចឈានទៅវគ្គបន្ត ដ្បិតមានប្រៀបលើគ្រាប់បាល់ចំណេញក្រៅដី (away goal)។
ក្រោយលទ្ធផលដ៏អស្ចារ្យនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ លោក Solskjaer ដែលធ្លាប់ស៊ុត១គ្រាប់ជួយ Man Utd ឈ្នះពានលំដាប់កំពូលអឺរ៉ុបនេះកាលពីឆ្នាំ១៩៩៩ បាននិយាយទាំងក្តីរំភើបថា៖«នេះជាក្លិបបាល់ទាត់ដ៏អស្ចារ្យ នេះជាអ្វីដែលយើងធ្វើនៅ Champions League ហើយនេះគឺជា Man Utd»។
ក្រុមដែលឈានទៅចាំនៅវគ្គ៨ក្រុមចុងក្រោយរួចហើយរួមមាន Man Utd, FC Porto, Ajax និង Tottenham Hotspur ខណៈ៤គូទៀតនឹងត្រូវប្រជែងគ្នាចុងក្រោយនៅថ្ងៃទី១២-១៣ ខែមីនា៕