ជាតិ
អ្នកជំនាញ នឹងធ្វើ​កោសល្យវិច័យ​រក​អាយុកាល បដិមា និង​កុលាលភាជន៍ ដែល​ប្រទះឃើញ​នៅ​គ្រឹះ​អគា​អគ្គិសនី​កម្ពុជា
07, Mar 2019 , 12:29 pm        
រូបភាព
រូបពី​ក្រសួងវប្បធម៌និង​វិចិត្រសិល្បៈ
រូបពី​ក្រសួងវប្បធម៌និង​វិចិត្រសិល្បៈ
​ភ្នំពេញ​៖ មន្ត្រី​ជំនាញ នឹងធ្វើ​កោសល្យវិច័យ​រក​អាយុកាល លើ​វត្ថុ​មួយចំនួន ដែល​ប្រទះឃើញ​នៅពេល​ជីក​គ្រឹះ​សាងសង់​អគារ​អគ្គិសនី​កម្ពុជា​បន្ថែម នៅ​ខាងកើត​វត្តភ្នំ​។ វត្ថុ​ទាំងនោះ មាន​បដិមា​សាង​ពី​ថ្មភក់ បដិមា​ពី​លោហៈ និង​កុលាលភាជន៍​រឹង​ជាច្រើន​ទៀត​។



​លោក ជំ វុទ្ធី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លោក​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​វត្ថុ​ទាំងនោះ​បាន​ថា វា​ជាវ​ត្ថុ​បុរាណ ឬ​យ៉ាងណា​នោះទេ​។ លោក វុទ្ធី បញ្ជាក់​បន្តថា​៖«​យើង​រង់ចាំ​ការប្រមូល​វត្ថុ​ទាំងនោះ​ចប់សព្វគ្រប់ ទើប​យើង​យកទៅ​ធ្វើ​កោសល្យវិច័យ​រក​អាយុកាល​។ ប្រហែលជា​២​សប្ដាហ៍​ទៀត ទើប​អាច​បញ្ចប់​ការប្រមូល​វត្ថុ​ទាំងនោះ​»​។​


រូប​ពី​ក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ

​ទន្ទឹមនឹង​បញ្ជាក់​ពី​ការងារ​ប្រមូល និង​ធ្វើ​កោសល្យវិច័យ​វត្ថុ​ទាំងនេះ ក្រសួង​វប្បធម៌ រួមទាំង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បានស្នើ​ឲ្យ​សាធារណជន រាយការណ៍​ទៅកាន់​មន្ត្រី​ជំនាញ ប្រសិនបើ​បាន​ជួបប្រទះ​រាល់​វត្ថុ​នានា ដែល​សង្ស័យថា​ជាវ​ត្ថុ​បុរាណ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះទៅពិនិត្យ កំណត់​សញ្ញាណ​វត្ថុ​ទាំងនោះ​។​

​សូមបញ្ជាក់ថា កាលពី ឆ្នាំ​២០១៩ គេ​បាន​ប្រទះឃើញ​វត្ថុ​ទាំងនេះ ត្រូវបាន​ប្រទះឃើញ​នៅ ថ្ងៃទី​២៧ និង​ថ្ងៃទី​២៨ ខែកុម្ភៈ និង​ទី​១ ខែមីនា​កន្លងទៅ នៅពេល​ជីក​គ្រឹះ​សាងសង់​អគារ​អគ្គិសនី​កម្ពុជា​ខាងកើត​វត្តភ្នំ​បន្ថែម​៕


Tag:
 ​វត្ថុ​បុរាណ​
  ក្រសួង​វប្បធម៌​និង​វិ​ចិត្ត​សិល្បៈ​
  មន្ទីរ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com