ជាតិ
២៥ខេត្ត/រាជធានី
«ដំរី» ត្រូវការផឹកទឹក២០០លីត្រនិងងូតទឹក២ដងក្នុងមួយថ្ងៃ!
× «
សត្វដំរី» ចូលចិត្តរស់នៅទីជម្រកដែលត្រជាក់។ នៅរដូវក្តៅ ក្នុងមួយថ្ងៃសត្វដំរី ត្រូវការងូតទឹក២ដង ហើយវាអាចផឹកទឹករហូតដល់ទៅ២០០លីត្រ។ ប្រសិនបើ នៅលើខ្លួនរបស់សត្វដំរីមានជាតិទឹកគ្រប់គ្រាន់ វានឹងបង្ហាញអារម្មណ៍សប្បាយរីករាយឲ្យមនុស្សនៅជុំវិញវាដឹងភ្លាម។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តា កំពុងអភិរក្សសត្វដំរី៤ក្បាលចុងក្រោយដែលមានវត្តមាននៅខេត្តរតនគិរី បានឲ្យដឹងថា «ដំរី» ជាសត្វដែលចូលចិត្តរស់នៅទីជម្រកត្រជាក់។ នៅរដូវក្តៅសមាគមរបស់លោកស្រី ត្រូវងូតទឹកឲ្យសត្វដំរីរហូតដល់ទៅ២ដង ក្នុងមួយថ្ងៃ ប៉ុន្តែ សម្រាប់ខែត្រជាក់ គឺងូតទឹកឲ្យវាតែម្តងប៉ុណ្ណោះ។
ប្រធានសមគអភរិក្សរសត្វដំរី រូបនេះ បញ្ជាក់ថា នៅពេលដែលងូតទឹកឲ្យវាបែបនេះ គឺវាបង្ហាញអារម្មណ៍សប្បាយចិត្តឲ្យភ្ញៀវទេសចរ និងហ្មរបស់វាដឹងភ្លាម ពោលគឺឲ្យតែនៅលើខ្លួនរបស់សត្វដំរីមានជាតិសើម គឺវាសប្បាយចិត្ត។ ទឹកជ្រោះកាទៀង នៅស្រុកលំផាត់ ខេត្តរតនគិរី ជាកន្លែងដែលសត្វដំរីឈ្មោះ Bok Va, Bok Mai, Kamseng និង Ikéo របស់សមាគមអៃរាវត្តាលោកស្រី ខៃ ចិន្តា ងូតទឹកលេងយ៉ាងសប្បាយ។
ពេលខ្លះគេសង្កេតឃើញសត្វដំរីប្រើប្រមោយ ដើម្បីបូមដីភក់ ឬដីខ្សាច់ដែលត្រជាក់បាចសាចលើដងខ្លួនវាក៏មាន។ នៅពេលដែលឃើញនៅលើខ្លួនសត្វដំរីមានប្រឡាក់ភក់ ឬដីខ្សាច់បែបនេះ គឺជាសភាពធម្មតារបស់សត្វដំរី ព្រោះវាត្រូវការមានជាតិសើមនៅលើខ្លួន ដែលធ្វើឲ្យវាសប្បាយចិត្ត។ ប្រធានសមាគមអៃរាវត្តាលោកស្រី ខៃ ចិន្តា បញ្ជាក់បន្ថែមដូចច្នេះ។
ប្រភពឯកសារសត្វនៅក្នុងសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston កាលពីឆ្នាំ២០០៨ បានសរសេរពីជីវសាស្ត្ររបស់សត្វដំរី ថា «ដំរីច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ វាស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឬសឈើខ្ចីៗ ទំពាំងឬស្សី ផ្តៅ និងវល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ល។ វាផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ (នៅកន្លែងសម្បូរទឹក)»។
ប្រភពសៀវភៅឯកសារសត្វដដែលបានសរសេរបន្ថែមថា ដំរី ច្រើនផ្តល់កំណើតកូនក្នុងខែកក្តដា-សីហា កូនម្តងបាន១ក្បាល ឬភ្លោះក៏មានដែរ ប៉ុន្តែកម្រណាស់បន្ទាប់ពីពពោះរយៈពេល២១ខែ (យូរបំផុត២៥ខែ)។ ដំរីមេអាចបង្កើតកូនបាន ៤ ឬ៥ដង ហើយអាចមានកូនរហូតដល់៥០-៧០ឆ្នាំ។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ធមួយនៅចន្លោះត្រចៀក និងភ្នែក ដែលជាទូទៅនៅចន្លោះខែវិច្ឆិកា និងខែធ្នូ៕
© រក្សាសិទ្ធិដោយ thmeythmey.com