ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​អ្នកនិពន្ធ​ភាពយន្ត​គិតពី​ផ្លូវច្បាប់​និង​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ច្បាស់ មុន​ផលិត​រឿង​
07, Mar 2019 , 3:27 pm        
រូបភាព
​ភ្នំពេញ​៖ ថ្លែង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំណងជើង​ភាពយន្ត និង​ឈ្មោះ​តួអង្គ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា ភាពយន្ត​មួយ​ដែល​សម្ដេច​បាន​មើល​ពីរដង​រួចមកហើយ​នោះ អ្នកនិពន្ធ​មិនបាន​គិតដល់​ជម្រៅ​ផ្លូវច្បាប់ និង​ប្រពៃណី​ខ្មែរ​ឡើយ​។



​សម្ដេច ហ៊ុន សែន បានស្នើ​ដល់​អ្នកនិពន្ធ​សេណារីយោ​ភាពយន្ត និង​អ្នកដឹកនាំ​រឿង ឱ្យ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ខ្លឹមសារ និង​គុណភាព​សាច់រឿង​។ សម្ដេច​បាន​លើក​ឧទាហរណ៍​ទៅលើ​ភាពយន្ត​មួយ ដែល​បាន​និពន្ធ​ឱ្យ​ម្ដាយ​មាន​អាយុ​លើស​កូន​តែ​១៥​ឆ្នាំ​។ បានន័យថា​ទំនង​ម្ដាយ​រូបនោះ រៀប​អាពាហ៍ពិពាហ៍​នៅ​អាយុ​១៤​ឆ្នាំ​តែប៉ុណ្ណោះ ដែល​ខុស​នឹង​ច្បាប់​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា ព្រមទាំង​ខុស​និង​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ផង​។

​សម្តេច​មានប្រសាសន៍​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​សុំ​បន្ត​អំពាវនាវ​ឱ្យ​យកចិត្តទុកដាក់​លើកកម្ពស់​សមត្ថភាព​របស់​អ្នកនិពន្ធ របស់​អ្នកដឹកនាំ​រឿង​។ ខ្ញុំ​បាន​ប្រទះឃើញ​ភាពយន្ត​មួយ ដែល​ខ្ញុំ​បាន​មើល​រហូតដល់​ទៅ​២​ដង​។ ស្ត្រី​អាយុ​៤០​ឆ្នាំ ត្រូវបាន​កូនស្រី​អាយុ​២៥​ឆ្នាំទៅ​ធានា​។ តើ​ស្ត្រី​រូបនេះ​គាត់​មាន​ប្ដី​អាយុ​ប៉ុន្មាន​? ហោចណាស់​បើ​គាត់​មាន​ប្ដី​ភ្លាម គាត់​មានកូន​ភ្លាម គាត់​រៀបការ​នៅ​អាយុ​១៤​ឆ្នាំ​តែប៉ុណ្ណោះ​។ ដូច្នេះ​សុំ​ស្នើឱ្យ​អ្នកនិពន្ធ​យកចិត្តទុកដាក់​ជា​អ្នកនិពន្ធ​ម្នាក់ ដែល​វា​មិន​ឆ្លុះបញ្ចាំង​នូវ​តថភាព​សង្គម​។ រឿង​នោះ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ផង ហើយ​ពាក់ព័ន្ធ​ទៅនឹង​ប្រពៃណី​ផង​។ បើ​និយាយ​ទាក់ទង​នឹង​ខណ្ឌ​ស្លា គេ​និយាយ​អំពី​ការ​គ្រប់​អាយុ​នៃ​ការ​រៀបការ​»​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​មហោស្រព​សិល្បៈ​យុវជន​ទូទាំងប្រទេស​ឆ្នាំ​ទី​៥ និង​ពិធី​ជួបជុំ​សិល្បករ​ទូទាំងប្រទេស​លើក​ទី​២ ៖




​ថ្វី​ដ្បិត​ភាពយន្ត​ខ្មែរ​នៅពេល​បច្ចុប្បន្ន ហាក់​មានការ​គាំទ្រ​ពី​ប្រជាជន​កម្ពុជា ច្រើនជាង​ប៉ុន្មាន​ឆ្នាំមុន​ក្ដី ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញថា នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន ត្រូវបំពេញ​បន្ថែម  ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស ដែល​បញ្ចាំង​នៅ​កម្ពុជា​។ ខ្លឹមសារ​រឿង តម្លៃ​អប់រំ បច្ចេកទេស​ថត តួ​សម្ដែង ទីតាំង​ថត  ជាដើម​នោះ សុទ្ធតែជា​កត្តាចាំបាច់​ត្រូវ​យកចិត្តទុកដាក់​៕

Tag:
 សម្ដេច ហ៊ុន សែន​
  ភាពយន្ត​
  សិល្បៈ​
  ទិវា​វប្បធម៌​ជាតិ​៣​មីនា​
© រក្សាសិទ្ធិដោយ thmeythmey.com