អន្តរជាតិ
ការសិក្សា​៖​ឥណ្ឌូណេស៊ី​ជាទី​កន្លែង​គ្រោះថ្នាក់​លំដាប់​ទី​ពីរ​សម្រាប់​ស្ត្រី​នៅ​អាស៊ី​
08, Mar 2019 , 7:59 am        
រូបភាព
ដោយ:
​ការសិក្សា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​សិង្ហ​បុរី​ឈ្មោះថា ValueChampion បាន​រកឃើញថា ឥណ្ឌូណេស៊ី គឺជា​ប្រទេស​ដែល​គ្រោះថ្នាក់​បំផុត​លំដាប់​ទី​ពីរ​សម្រាប់​ស្ត្រី​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ក្នុងចំណោម​ប្រទេស​ទាំង​១៤ ដែល​ត្រូវបាន​យកមក​សិក្សា​នោះ ឥណ្ឌា​,  ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ត្រូវបាន​ចាត់ទុកថា​មាន​សុវត្ថិភាព​តិចតួច​បំផុត​សម្រាប់​ស្ត្រី​។

  
 
​ការសិក្សា​នេះ បាន​លើកយក​សូចនាករ​សំខាន់ៗ​ចំនួន​បី​រួមមាន ការទទួលបាន​ការថែទាំ​សុខភាព​តិចតួច​បំផុត​, ច្បាប់​ដែល​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដើម្បី​ការពារ​សុវត្ថិភាព​ស្ត្រី និង​អ​សមភាព​យេនឌ័រ​ជារួម​។ ហេតុផល​ទាំងនេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​បី​នេះ​ស្ថិតនៅ​ចំណាត់​ថ្នាក់ក្រោម​គេ​។ ឥណ្ឌា​ទទួលបាន​ពិន្ទុ​ទាប​បំផុត និង​តាម​ពីក្រោយ​ដោយ​ឥណ្ឌូណេស៊ី​ជាប់​លេខ​១៣ និង​ហ្វីលីពីន​នៅ​លេខ​១២​។ 
 
​និយាយ​អំពី​បញ្ហា​របស់​ស្ត្រី​នៅ​ឥណ្ឌូណេស៊ី កន្លងទៅ​សកម្មជន​ជាច្រើន​ក្នុងប្រទេស​នេះ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ព​ន្លឿ​ន​ការអនុម័ត​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ផ្លូវភេទ ដែលជា​រឿយៗ​ទទួលរង​ការប្រឆាំង​យ៉ាងខ្លាំង​ពី​ក្រុម​ជនជាតិ​អ៊ីស្លាម​អភិរក្សនិយម​។ ក្រោយពី​មាន​ហេតុការណ៍រ​រំលោភ​និង​សម្លាប់​លើ​ក្មេងស្រី​វ័យ​១៤​ឆ្នាំ​ម្នាក់​កាលពី​ឆ្នាំ​២០១៦ សេចក្តីព្រាងច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ផ្លូវភេទ​ត្រូវបាន​បង្កើតឡើង​។ ប៉ុន្តែ​មកទល់នឹង​ពេលនេះ វា​ពុំទាន់​ត្រូវបាន​សភា​ឥណ្ឌូណេស៊ី​អនុម័ត​នៅឡើយ​ទេ ពោលគឺ​មាន​រយៈ​ជាង​៣​ឆ្នាំ​មកហើយ​។ 
 
​ឲ្យ​ពិត​ទៅ អំពើហិង្សា​ផ្លូវភេទ​មាន​ជាច្រើន​ករណី​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែល​ពិបាក​នឹង​ទប់ស្កាត់​។ ការស្ទង់មតិ​ទូទាំង​ប្រទេសមួយ​របស់​ក្រសួង​ការពារ​កុមារ​និង​អំណាច​ស្ត្រី​ឥណ្ឌូណេស៊ី រកឃើញថា ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​បីនាក់​ទទួលរង​បទពិសោធ​ឈឺចាប់​ពី​អំពើហិង្សា​ក្នុង​ជីវិត​របស់​ពួកគេ ជាពិសេស​ស្ត្រី​ជា​ភរិយា​។
 
​សូមបញ្ជាក់ថា ការសិក្សា​ថ្មី​នេះ​ចាត់ថ្នាក់​បណ្តា​ប្រទេស​ក្នុង​តំបន់​ដោយ​ផ្អែកលើ​កត្តា​មួយចំនួន រួមមាន សុវត្ថិភាព​, ការថែទាំ​សុខភាព និង​ឱកាស​ដែលមាន​សម្រាប់​ស្ត្រី ប៉ុន្តែ​ផ្តោត​សំខាន់​ខ្លាំង​លើ​សុវត្ថិភាព​ស្ត្រី​។ ក្រុមហ៊ុន​ស្រាវជ្រាវ​ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី​ខាងលើនេះ បាន​ប្រើប្រាស់​ទិន្នន័យ​ពី​ប្រភព​មួយចំនួន រួមមាន ស​ន្ទ​ស្សន៍​ការអភិវឌ្ឍ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​, ស​ន្ទ​ស្សន៍​សន្តិភាព​សកល​, ធនាគារពិភពលោក និង​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​។ 
 
​ក្នុង​របាយការណ៍​ដដែល ក្រុមហ៊ុន ValueChampion កត់សម្គាល់ថា  ទិន្នន័យ​អាច​ពុំទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ​។ ជា​ឧទាហរណ៍ ការរាយការណ៍​ស្តី​ករណី​អំពើហិង្សា​និង​រំលោភបំពាន​ផ្លូវភេទ អាចមាន​ចំនួន​តិចតួច​ជាង​ករណី​ជាក់ស្តែង ដែល​បាន​កើតឡើង​ក្នុងប្រទេស​នីមួយៗ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Jakarta Post  ។ 
 
​បើ​របាយការណ៍​ដដែល ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ​បួន ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ស្ត្រី​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​។ ប្រទេស​ឈរលើ​កំពូល​តារាង​ចំនួន​ប្រាំ គឺ​រួមមាន សិង្ហ​បុរី​, ណូ​វែ​ល​សេ​ឡង់ (​លេខ​មួយ​ស្ទួន​), អូស្ត្រាលី​, ជប៉ុន និង​កោះ​តៃវ៉ាន់​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  ការសិក្សា​
  ស្ត្រី​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com