កីឡាអន្តរជាតិ
អន្តរជាតិ
Neymar រិះគន់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​Man Utd ខណៈ​អ្នកជំនាញ​ថា ការសម្រេច​របស់​អាជ្ញា​កណ្តាល​ត្រូវ​ច្បាប់
07, Mar 2019 , 7:39 pm        
រូបភាព
Neymar បាន​រិះគន់​ខ្លាំងៗ​ទៅលើ​អាជ្ញាកណ្តាល និង​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) ដែល​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី ដើម្បី​ឲ្យ Manchester United យកជ័យ​ជំនះ​លើ​ក្រុម​ខ្លួន Paris Saint-Germain ក្នុងជំនួប​ជើង​ទី​២ ក្របខណ្ឌ UEFA Champions League​។ ផ្ទុយ​ពី Neymar អតីត​អាជ្ញាកណ្តាល​នៅ Premier League លោក Peter Walton យល់ឃើញថា ការសម្រេច​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​នោះ​គឺ​ត្រឹមត្រូវ​។​



អត្ថបទទាក់ទង


​ខ្សែប្រយុទ្ធ Marcus Rashford ជា​អ្នក​បញ្ចប់​ឱកាស​ក្រុម​យក្ស​បារាំង PSG ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី​១១​ម៉ែត្រ​ចុង​ម៉ោង ក្រោយ​អាជ្ញាកណ្តាល​លោក Damir Skomina សម្រេច​ផ្តល់​បាល់​ពិន័យ​នេះ បន្ទាប់​ពិនិត្យមើល VAR ឃើញថា បាល់​បាន​ប៉ះ​ដៃ​ខ្សែការពារ Presnel Kimpembe នៅ​តំបន់​គ្រោះថ្នាក់​។ គ្រាប់​បាល់​បញ្ចូល​ទី​១​គ្រាប់​ចុង​ម៉ោង​នេះ បាន​ជួយ Man Utd វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ PSG ក្នុង​លទ្ធផល ៣-១ និង​នាំ​ក្រុម​ពី​អង់គ្លេស​នេះ​ឈានទៅ​វគ្គ​បន្ត​ផងដែរ​។​



Neymar ដែល​រងរបួស និង​អង្គុយ​ទស្សនាការ​ប្រកួត​ផ្ទាល់​នៅ​កីឡដ្ឋាន Parc des Princes បាន​សរសេរ​ពី​ការមិន​ពេញចិត្ត​ទៅនឹង​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​នៅលើ​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា​៖«​វា​ជាការ​អាម៉ាស់​មួយ​បំផុត​។ ពួកគេ​មាន​មនុស្ស​៤​នាក់​ដែល​មិន​យល់​ពី​បាល់ទាត់ ដើម្បី​មើល​វីដេអូ​យឺតៗ​នៅមុខ​ទូរទស្សន៍​»​។

​មនុស្ស​៤​នាក់​ដែល​ខ្សែប្រយុទ្ធ​សញ្ញា​តិ​ប្រេ​ស៊ី​ល​ចង់​និយាយ​នោះ​រួមមាន អាជ្ញាកណ្តាល​កាត់សេចក្តី​ម្នាក់ អាជ្ញាកណ្តាល​ខ្សែបន្ទាត់​២​រូប និង​អាជ្ញាកណ្តាល​ទី​៤​ម្នាក់ទៀត​។ ​ការរិះគន់​របស់​ខ្សែប្រយុទ្ធ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​លើ​លោក​រូបនេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​គ្រូបង្វឹក​របស់ខ្លួន​លោក Thomas Tuchel ផងដែរ​។ លើសពីនេះ​អ្នកគាំទ្រ PSG ក៏បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​លើ​ការសម្រេច​របស់លោក​អាជ្ញាកណ្តាល​នេះ​ដូចគ្នា​។​



​ផ្ទុយ​ពី​ការរិះគន់​នេះ អតីត​អាជ្ញាកណ្ដាល​នៅ Premier League លោក Peter Walton អះអាងថា​ការសម្រេច​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​របស់លោក Damir Skomina ទៅ​ឲ្យ Man Utd គឺ​ពិតជា​ត្រឹមត្រូវ​។​

​លោក​ពន្យល់​ពី​ហេតុផល​នេះ​ថា ការ​លោត​របស់​ខ្សែការពារ Kimpembe ដោយ​ងាក​ខ្នង​ទៅរក​បាល់​ហើយ​ប៉ះ​ដៃ​ដែល​លាត​ចេញពី​ដងខ្លួន​ដើម្បី​រារាំង​ការ​ស៊ុត​របស់ Diogo Dalot នោះ​ជាការ​ពិន័យ​ដ៏​ត្រឹមត្រូវ​របស់​អាជ្ញាកណ្តាល ហើយ​ស្រប​នឹង​ច្បាប់​កីឡា​នេះ​ទៀតផង​៕

Tag:
 បាល់ទាត់​
  Neymar
  Manchester United
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com