អន្តរជាតិ
មុន​ផ្តើម​ទស្សនកិច្ច​អាស៊ាន មូ​ន ចេ​អ៊ី​ន អរគុណ​«​ប្រជាជន​អាស៊ាន​ដែល​ជួយ​នាំ​សន្តិភាព​ទៅ​ឧបទ្វីប​កូរ៉េ​»
07, Mar 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​អាស៊ាន​ដែល​បាន​ជួយ​នាំ​សន្តិភាព និង​វិបុលភាព​ដល់​ឧបទ្វីប​កូរ៉េ​កន្លងមក​។ មេដឹកនាំ​រូបនេះ​រំពឹង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា មិត្តភាព​ដ៏​ជិតស្និទ្ធ​រវាង​ប្រជាជន​អាស៊ាន និង​កូរ៉េខាងត្បូង​នឹង​កាន់តែ​រីកចម្រើន​ទៅមុខ និង​អាច​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​ផង​។​



​មុន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​មកកាន់​ប្រទេស​អាស៊ាន​បី ព្រុយ​ណេ​, ម៉ាឡេស៊ី និង​កម្ពុជា​ចាប់ពី​ចុង​សប្តាហ៍​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន បាន​សរសេរ​បទ​វិចារណកថា​មួយ​ជុំវិញ​មិត្តភាព​ដ៏​ជិតស្និទ្ធ រវាង​កូរ៉េខាងត្បូង​ជាមួយ​អាស៊ាន​។

​ក្នុង​វិចារណកថា​នោះ លោក មូ​ន បាន​រម្លឹក​ពី​ភាពជា​កល្យាណមិត្ត​យល់ដឹង​ទុក្ខ​ធុរៈ​គ្នា​រវាង​អាស៊ាន​និង​កូរ៉េខាងត្បូង និង​បានកត់សម្គាល់​ពី​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត នយោបាយ ជាពិសេស​សេដ្ឋកិច្ច និង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​កូរ៉េខាងត្បូង​និង​ប្រជាជន​អាស៊ាន​ផង​។

«​ជា​មិត្ត​ដែល​យល់ចិត្ត​យល់​បេះដូង​គ្នា អាស៊ាន និង​កូរ៉េខាងត្បូង​មាន​អារម្មណ៍​ផ្សាភ្ជាប់​គ្នា​បែប​ធម្មជាតិ​ទៅវិញទៅមក​។ ប្រជាជន​កូរ៉េ​ច្រើនណាស់​ចូលចិត្ត​ម្ហូបអាហារ​នៅ​អាស៊ីអាគ្នេយ៍ ហើយ​ប្រជាជន​នៅ​រដ្ឋ​អាស៊ាន​ជាច្រើន​ផងដែរ​ដែល​ចូលចិត្ត​លំហែ​កម្សាន្ត​នៅ​កូរ៉េខាងត្បូង​»​។ លោក មូ​ន បាន​ថ្លែង​បែបនេះ​។​

​កាលពី​ឆ្នាំ ២០១៨ អ្នកទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កូរ៉េខាងត្បូង និង​មកកាន់​តំបន់​អាស៊ាន​មាន​លើស ១០​លាន​នាក់​ឯណោះ ហើយ​ទំហំ​សេដ្ឋកិច្ច​ទ្វេភាគី​អាស៊ាន និង​កូរ៉េខាងត្បូង​វិញ​នោះ​កើន​ខ្ពស់​ដល់ ១៦០​ពាន់​លាន​ដុល្លារ​ជា​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​។

​រឿង​ដែល​មិនអាច​ប្រកែក​បានឡើយ​ដែលថា ចំណង​ទំនាក់ទំនង​ដ៏​ប្រសើរ​នេះ​នឹង​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​នៅពេល​ខាងមុខ​តាមរយៈ​ការប្រឹងប្រែង​រួមគ្នា​រវាង​អាស៊ាន​និង​កូរ៉េខាងត្បូង​។ លោក មូ​ន រម្លឹក​ឡើងវិញ​ពី​គោលនយោបាយ​«​ភាគខាងត្បូង​ថ្មី​» (New Southern Policy) របស់លោក ហើយ​លោក​ក៏មាន​សុទិដ្ឋិនិយម​ថា គោលនយោបាយ​នេះ​នឹង​រួមចំណែក​នាំមក​នូវ​ភាពរុងរឿង​និង​រីកចម្រើន​កាន់តែ​រហ័ស​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ជាក់​ជាមិនខាន​។​

​សូម​រម្លឹក​បន្តិច​ថា គោលនយោបាយ​ភាគខាងត្បូង​ថ្មី​ជា​គំនិត​ផ្តួចផ្តើម​របស់លោក មូ​ន ចេ​អ៊ី​ន ដែលមាន​គោលដៅ​ធ្វើយ៉ាងណា​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ពង្រឹង​ឥទ្ធិពល​របស់​កូរ៉េខាងត្បូង​ក្នុង​តំបន់​ដែរ​។ គោលនយោបាយ​នេះ​ឈរលើ​គោលការណ៍​កសាង​សហគមន៍​ប្រជាជន វិបុលភាព និង​សន្តិភាព​។

​ដោយឡែក លោក មូ​ន ក៏បាន​បញ្ជាក់ដែរថា ឆ្នាំ ២០១៩ នេះ ជា​ខួប​លើក​ទី ៣០ នៃ​ការបង្កើត​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​ពិភាក្សា​រវាង​កូរ៉េខាងត្បូង ជាមួយ​អាស៊ាន​។ ក្នុងឱកាស​ដ៏​ពិសេស​នេះ បើតាម​លោក មូ​ន កូរ៉េខាងត្បូង​នឹង​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​ដប់​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​កូរ៉េខាងត្បូង​ចុងឆ្នាំ​នេះ​។ ក្រោម​ជំនួប​ពិសេស​នេះ មិត្តភាព ចំណង​ការទូត និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​លើ​ច្រើន​វិស័យ​មាន​ទាំង​វិស័យ​ដឹកជញ្ជូន បច្ចេកវិទ្យា​, ដឹកជញ្ជូន​, ព័ត៌មាន​និង​ការពារជាតិ​ជាដើម​នឹងត្រូវ​ពង្រីក​បន្ថែមទៀត​ក្នុងពេល​ដ៏​ខ្លី​។​

​ក្នុង​បទ​វិចារណកថា​ដដែល លោក មូ​ន ឆ្លៀតឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាជន​អាស៊ាន​ដែល​បានរួម​ចំណែក​សំខាន់​ក្នុងការ​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ភាព​រីកចម្រើន​ដល់​ឧបទ្វីប​កូរ៉េ​។ ក្នុងនោះ​លោក​បាន​រម្លឹក​ពី សណ្ដាន​ចិត្តល្អ​របស់​រដ្ឋ​អាស៊ាន​ដែល​បានផ្តល់​ទាំង​ភស្តុភា កងទ័ព និង​លុយកាក់​ដើម្បី​គាំទ្រ​កូរ៉េខាងត្បូង​ក្នុង​គ្រា​សង្គ្រាម​កូរ៉េ (​ឆ្នាំ​១៩៥០-១៩៥៣)​កើតឡើង រហូតដល់​មានការ​ចូលរួម​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​ឆ្នាំ ១៩៩៧ ថែមទៀត​។

​លោក មូ​ន បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​សូម​បង្ហាញ​ការថ្លែងអំណរគុណ​ជាពិសេស​ដល់​ប្រជាជន​អាស៊ាន​ដែល​បានរួម​ចំណែក​បង្កើត​ប​រិ​យា​កាស​សន្តិភាព និង​សុខដុមរមនា​នៅ​ឧបទ្វីប​កូរ៉េ​។ ប្រជាជន​កូរ៉េ​នឹងមិន​ភ្លេច​សោះឡើយ​ពី​មិត្តភាព​ដ៏​ល្អ​ដែល​អាស៊ាន​បានបង្ហាញ​ចំពោះ​យើង​»៕

Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង​
  កម្ពុជា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com