កីឡាជាតិ
ជាតិ
ម៉ូតូ​ទឹក​បង្ហាញ​សមិទ្ធផល​ធំៗ​ក្នុង​ឆ្នាំ​ចាស់ និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​ថ្មី​
07, Mar 2019 , 9:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក NOCC
រូបភាពពីហ្វេសប៊ុក NOCC
ដោយ:
​ទោះបី​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ទើប​បង្កើតឡើង​នៅ​អំឡុង​ឆ្នាំ​២០១៧​ក៏ដោយ ប៉ុន្តែ​សហព័ន្ធ​នេះ បាន​សាង​កេរ្តិ៍ឈ្មោះ​ជូន​ជាតិ​មាតុភូមិ​នៅលើ​ឆាក​អន្តរជាតិ​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង​។ នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក សហព័ន្ធ​នេះ​បាន​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ចំនួន​៤​លើក ដោយ​ទទួលបាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​៤​។ សហព័ន្ធ​បានដាក់​ចេញ​ផែនការ​៩​ចំណុច​នៅ​ឆ្នាំ​២០១៩ ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​ហេ​រដ្ឋា​រចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​ការហ្វឹកហាត់​និង​ប្រកួត​។​



​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​កាលពីពេល​ថ្មីៗ​បានរៀបចំ​សន្និបាត​បូកសរុប​ការងារ ដើម្បី​បង្ហាញ​ពី​សមិទ្ធផល ដែល​ពួកគេ​សម្រេចបាន​នៅ​ឆាក​ជាតិ​និង​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨ និង​ដាក់​ផែនការ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩​។ ទោះបី​សហព័ន្ធ​ទើប​បង្កើតឡើងបាន​ជាង​១​ឆ្នាំ​ក៏ដោយ តែ​ពួកគេ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​នៅលើ​ឆាក​អន្តរជាតិ ដែល​អាច​ចាត់ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​។​



​បើតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក ណុះ ស្លេះ ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា នៅ​ឆ្នាំ​២០១៨​អត្ត​ព​លិ​ក​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​៤ សម្រាប់​ការចូលរួម​ប្រកួត​៤​លើក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​កន្លងមក​។ ឆ្នាំ​២០១៨ អាច​ទុកជា​ឆ្នាំ​ជោគជ័យ​មួយ​ដំណាក់​សម្រាប់​សហព័ន្ធ​កីឡា​ម៉ូតូ តែ​សមិទ្ធផល​នេះ​នៅតែ​មិនទាន់​អាចបំពេញ​មហិច្ឆតា​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ ដែល​ចង់​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នា​អនាគត​នៅឡើយ​ទេ​។

«​សហព័ន្ធ​នីមួយៗ​ខិតខំ​រៀបចំ​យុទ្ធសាស្ត្រ ការហ្វឹកហាត់​ជាច្រើន មិនមែន​មានតែ​សហព័ន្ធ​ម៉ូតូ​ទឹក​នោះទេ​។ យើង​សង្កេតឃើញថា ការខិតខំ​ប្រឹងប្រែង​ទាំងនេះ គឺ​សុទ្ធតែ​ដើម្បី​ជោគជ័យ​។ ដោយឡែក​សម្រាប់​សហព័ន្ធ​ម៉ូតូ​ទឹក ក៏មាន​មោទកភាព​ផងដែរ ដែល​បានទទួល​មេដាយ​កន្លង​មកជា​បន្ត​បន្ទាប់​តាមរយៈ​កីឡាករ​របស់​យើង ដែល​បញ្ជូនទៅ​ចូលរួម​ប្រកួត​ម្តងៗ​ភាគច្រើន​មិនដែល​អត់​នោះទេ គឺ​កីឡាករ​យើង​ដណ្តើមបាន​មេដាយ​គ្រប់​ព្រឹត្តិការណ៍​ទាំងអស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក ណុះ ស្លេះ​។

​សមិទ្ធផល​ធំៗ​ដែល​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​សម្រេចបាន​នៅ​ឆ្នាំ​២០១៨

​វីរៈ​កីឡាករ សាលី អ៊ូ​មើ​ត បាន​សាង​ភាពល្បីល្បាញ​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ឥណ្ឌូណេស៊ី តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​១​លើ​វិញ្ញ​សា Ski Modified និង​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា Runabout 1100 Stock សម្រាប់​ការចូលរួម​ប្រកួត​លើកដំបូង​របស់គេ​។ តាមរយៈ​មេដាយ​របស់ អ៊ូ​មើ​ត បូករួម​ជាមួយ​មេដាយមាស​របស់​កីឡាការិនី ខាន់ ចេ​សា លើ​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​(Jui-Jetsu)​បាន​ជួយ​ឲ្យ​កម្ពុជា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ក្នុង​ព្រឹត្តិការណ៍ Asian Games ក្នុងនាម​ប្រទេស​ឈ្នះ​មេដាយមាស​លើសពី​មួយ​។ សមិទ្ធផល​នេះ ក៏​ជួយ​ឲ្យ​កម្ពុជា​បំបែក​កំណត់ត្រា​៦៥​ឆ្នាំ​សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​នា​ការប្រកួត​ជើងឯក​ពិភពលោក Blowsion World Final 2018 នៅ​សហរដ្ឋអាមេរិក កីឡាករ​ខ្មែរ​-​អ៊ិ​ស្លាម សាលី អ៊ូ​មើ​ត ទទួលបាន​មេដាយប្រាក់​១​លើ​វិញ្ញាសា Ski Modified​។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១-៧ តុលា ឆ្នាំ​២០១៨ ដែលមាន​កីឡាករ​មកពី​៦៣​ប្រទេស​ចូលរួម​។ អ៊ូ​មើ​ត បានឈ្នះ​មេដាយមាស​១ និង​សំរឹទ្ធ​១​បន្ថែមទៀត នា​ព្រឹត្តិការណ៍ Balililiujiang International Jet Ski Open នៅ​ប្រទេស​ចិន ចន្លោះ​ពីថ្ងៃ​ទី​២៦-២៨ ខែតុលា ដោយមាន​ជាង​៤០​ប្រទេស​ចូលរួម​។​



​នា​ការប្រកួត​កម្រិត​ពិភពលោក Jet Ski World Cup នៅ​ទី​ក្រុម​ប៉ាត់​តា​យ៉ា​ប្រទេស​ថៃ កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ កីឡាករ សាលី អ៊ូ​មើ​ត សហការ​ជាមួយ​កីឡាករ ម៉ឺន មូ​ស្តា​ន ដណ្តើមបាន​មេដាយមាស​១ និង​សំរឹទ្ធ​២​។ ក្រៅពី​សមិទ្ធផល​ធំៗ​ទាំងនេះ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា ដែល​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ បានរៀបចំ​ការប្រកួត​មិត្តភាព​អន្តរជាតិ​កម្ពុជា​-​ថៃ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នៅ​ខេត្ត​ព្រះសីហនុ​ពីថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០១៨​។ បន្ថែម​លើ​នេះ គឺ​ការប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង​ពីថ្ងៃ​១៤-១៦ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​កីឡាករ​មកពី​៣​ប្រទេស​ចូលរួម គឺ​ម្ចាស់ផ្ទះ​កម្ពុជា ថៃ ម៉ាឡេស៊ី​។

​ផែនការ​អនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​២០១៩

​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ គ្រូបង្វឹក ក៏ដូចជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឲ្យ​កាន់តែ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​បន្ថែម​លើ​សមិទ្ធផល​នៅ​ឆ្នាំ​២០១៨ សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​៩​ចំណុច ដើម្បី​អនុវត្ត​ការងារ​ឲ្យ​មាន​ដំណើរការ​កាន់តែរ​លូន​ក្នុង​ឆ្នាំ​២០១៩​។

​ផែនការ​យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន ពង្រឹង​ការហ្វឹកហាត់ និង​សមត្ថភាព​របស់​កីឡាករ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ជាតិ​និង​អន្តរជាតិ​នានា​, រៀបចំ​សំណើរ​ថវិកា​ដើម្បី​ដំណើរការ​ហ្វឹកហាត់​រប​ស់​កីឡា​ករទាំង​៧​រូប​, កៀរគរ​ជំនួយ​ពី​សប្បុរសជន អង្គការ​នានា និង​រដ្ឋាភិបាល សម្រាប់​ទិញ​សម្ភារ​ដែល​បម្រើ​ឲ្យ​ការហ្វឹកហាត់​និង​ប្រកួត​, បណ្តុះបណ្តាល​គ្រូបង្វឹក អាជ្ញាកណ្តាល​ចៅក្រម​ត្រៀម​រៀបចំ​ការប្រកួត​ក្នុងប្រទេស​, បណ្តុះបណ្តាល​កីឡាករ​ថ្នាល គ្រូបង្វឹក អាជ្ញាកណ្តាល​ចៅក្រម​បន្ថែម​តាម​បណ្តា​រាជធានី​ខេត្ត​, បណ្តុះបណ្តាល​ជាង​មេកានិច ដើម្បី​បម្រើ​ក្នុងការ​ហ្វឹកហាត់ និង​ប្រកួត​, ពង្រីក​ទីតាំង​ហ្វឹកហាត់​នៅតាម​ខេត្ត​ជាប់មាត់​សមុទ្រ ទន្លេ និង​ស្ទឹង​, បង្កើន​ចំនួន​ម៉ូតូ និង​សម្ភារៈ​ផ្សេងៗ​សម្រាប់​បម្រើ​ដល់​ការហ្វឹកហាត់ និង​ចូលរួម​ប្រកួត​នានា និង​បន្ត​កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយ​សហព័ន្ធ​ម៉ូតូ​ទឹក​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។   



​ទន្ទឹមនឹង​លើក​ពី​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ចាស់ និង​ដាក់​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ឆ្នាំ​ថ្មី ប្រធាន​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​លោក ណុះ ស្លេះ ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​នានា​ផងដែរ​។ ទោះបី​សហព័ន្ធ​អាច​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​និង​ប្រកួត​នៅក្រៅ​ប្រទេស និង​រៀបចំ​ការប្រកួត​នៅក្នុង​ស្រុក តែ​សហព័ន្ធ​ពុំទាន់​មាន​ប្រភព​ចំណូល​ច្បាស់លាស់​នៅឡើយ​ទេ ខណៈ​ថវិកា​ដែល​ចំណាយ​កន្លងមក​ភាគច្រើន​បានមកពី​ក្រៅប្រទេស​។ កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​(​កីឡាករ គ្រូបង្វឹក ជាង​មេកានិច អាជ្ញាកណ្តាល​ចៅក្រម និង​គ្រូពេទ្យ​) និង​សម្ភារ សុទ្ធសឹង​ជា​បញ្ហា​ប្រឈម​របស់​សហព័ន្ធ​ក្នុងការ​អភិវឌ្ឍន៍​កីឡា​នៅ​កម្ពុជា​៕  

Tag:
 ម៉ូតូ​ទឹក​
  ណុះ ស្លេះ
© រក្សាសិទ្ធិដោយ thmeythmey.com