ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់បារម្ភនឹងបញ្ហាក្លិនខ្លួនមិនល្អ ដោយគ្រាន់តែទទួលទានអាហារទាំងនេះ
× ការបែកញើសហួសប្រមាណ និងក្លិនខ្លួនមិនល្អ មិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ខ្មាសគេប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់ការរំខានជាខ្លាំងផងដែរ។ រួមផ្សំនឹងកត្តា DNA និងអាយុ ហើយនោះអ្វីដែលអ្នកទទួលទានក៏ជាកត្តាជះឥទ្ធិពលលើក្លិនខ្លួនធម្មជាតិផងដែរ។ ទោះជាយ៉ាងណា ក៏នៅមានអាហារមួយចំនួនទៀតដែលជួយទប់ស្កាត់ ព្រមទាំងដោះស្រាយបញ្ហាក្លិនខ្លួន និងក្លិនខ្យល់ដង្ហើមមិនល្អបានយ៉ាងប្រសើរផងដែរ។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីទប់ស្កាត់កាត់បន្ថយបញ្ហាក្លិនខ្លួនមិនល្អ ៖
១. ផ្លែប៉ោម
ក៏ព្រោះតែលក្ខណៈសម្បត្តិបំបាត់ក្លិនមិនល្អពីធម្មជាតិ ផ្លែប៉ោមមានប្រសិទ្ធិភាពខ្ពស់ជួយប្រយុទ្ធប្រឆាំងនឹងបញ្ហាក្លិនខ្យល់ដង្ហើម រួមទាំងក្លិនខ្លួនមិនល្អបានយ៉ាងប្រសើរ។
២. ជីវ៉ាន់ស៊ុយ
មានផ្ទុកសម្បូរទៅដោយជាតិក្លរ៉ូភីល និងក្លិនក្រអូបស្រស់ស្រាយដែលធ្វើឱ្យវាជាឱសថបែបធម្មជាតិជួយបំបាត់បញ្ហាក្លិនខ្លួនបានយ៉ាងប្រសើរ។ ជីវ៉ាន់ស៊ុយសម្អាតរាងកាយ និងកម្ចាត់រាល់បាក់តេរីដែលបណ្ដាលឱ្យមានក្លិនខ្លួនមិនល្អ។ ការស្រាវជ្រាវបង្ហាញថា ជីវ៉ាន់ស៊ុយ មានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងសមាសធាតុស្ពាន់ធ័រដែលបង្កក្លិនខ្លួនមិនល្អ។ អ្នកអាចបន្ថែមជីវ៉ាន់ស៊ុយក្នុងអាហារ ឬឆុងដើម ឬស្លឹកជីវ៉ាន់ស៊ុយស្ងួតជាតែដើម្បីទទួលទានក៏បាន។
៣. បន្លែភ្លៅកង្កែប
ក៏ព្រោះតែលក្ខណៈសម្បត្តិជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិ បន្លែភ្លៅកង្កែបជួយបំបាត់ក្លិនខ្លួនមិនល្អដោយកម្ចាត់ជាតិពុលផ្សេងៗចេញពីរាងកាយតាមរយៈទឹកនោម។
៤. ក្រូចឆ្មារ និងផ្លែក្រូចដទៃទៀត
ក្រូចមានក្លិនឈ្ងុយស្រស់ស្អាត ហើយងាយនឹងស្រូបយកបានដោយរាងកាយ។ លើសពីនេះទៅទៀត ក្រូច និងក្រូចឆ្មារ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសរសៃមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិពុលផ្សេងៗដែលបង្កបញ្ហាក្លិនខ្លួនមិនល្អចេញពីប្រព័ន្ធរាងកាយ។ ដូច្នេះដើម្បីជៀសផុតបញ្ហាក្លិនខ្លួនមិនល្អ ចូរព្យាយាមទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ជាប្រចាំ។ រីឯការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក ក៏អាចជួយដោះស្រាយបញ្ហាក្លិនមាត់បានយ៉ាងឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។
៥. តែបៃតង
ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុ tannin ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង, រាងកាយ និងសូម្បីតែខ្យល់ដង្ហើម។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ។
៦. ប៉េងប៉ោះ
ប៉េងប៉ោះ ជួយក្នុងការកម្ចាត់នូវពពួកបាក់តេរីដែលបង្កបញ្ហាក្លិនខ្លួនបានយ៉ាងឆាប់រហ័សតាមរយៈលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីពីធម្មជាតិដែលវាមានផ្ទុក។ ការទទួលទានទឹកប៉េងប៉ោះស្រស់ត្រឹមតែ ១ ពែង ជួយកាត់បន្ថយសីតុណ្ហភាពនៃរាងកាយដែលនឹងធ្វើឱ្យការបែកញើសថយចុះតាមនោះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com