កីឡាអន្តរជាតិ
អន្តរជាតិ
Marcelo ត្រូវរ៉ូវ​លក្ខខណ្ឌ​ផ្ទេរ​ទៅ Juventus ជាមួយ​ប្រាក់​ឈ្នួល​១៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ
08, Mar 2019 , 12:10 pm        
រូបភាព
​ក្លិប​យក្ស​អ៊ីតាលី Juventus បាន​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់​ជាមួយ Marcelo ដើម្បី​ផ្ទេរ​យក​ខ្សែការពារ​ឆ្វេង​រូបនេះ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ ដោយ​យល់ព្រម​ផ្តល់ប្រាក់​ឈ្នួល​១៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។​



​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​៣០​រូបនេះ បាន​បាត់បង់​តំណែង​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​ទៅលើ​កីឡាករ​វ័យក្មេង Sergio Reguilon ដែល​ទើប​វិវត្តន៍​ខ្លួន​ពី​ក្រុមយុវជន ចាប់តាំងពី​លោក Santiago Solari ឡើងមក​ដឹកនាំ​។ មូល​ហេតុនេះ​បានធ្វើ​ឲ្យ Marcelo មាន​ទំនាក់ទំនង​ខ្លាំង​ទៅនឹង​ការផ្លាស់​ទៅកាន់​ក្លិប Juventus​។​



​កាសែត​អ៊ីតាលី La Stampa បាន​បញ្ជាក់ថា ក្រុម​រហស្សនាម​សេះបង្កង់ បាន​យល់ព្រម​លើ​លក្ខខណ្ឌ​សម្រាប់ Marcelo ខណៈដែល​រូបគេ​កំពុងមាន​បំណង​ចង់​ចាក​ចេញពី​ក្រុម​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ដើម្បី​ទៅ​ចូលរួម​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Cristiano Ronaldo​។​

​កាសែត​ដដែល​នេះ​រាយការណ៍​ទៀតថា នាយក​ប្រតិបត្តិ​ក្លិប Real Mdrid លោក Jose Angel Sanchez បាន​ជួប​ជាមួយ Marcelo ហើយ​រូបគេ​បាន​សុំ​ចាក​ចេញពី​ក្រុម​រួចហើយ​ដែរ​។​

La Stampa បញ្ជាក់ថា Marcelo ដែល​ចូលរួម​ជាមួយ​ក្រុម​ស្តេច​ស កាលពី​ឆ្នាំ​២០០៧ បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៤​ឆ្នាំ​ជាមួយ​ម្ចាស់​ការពារ​ជើងឯក​អ៊ីតាលី Serie A ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​ជាង ១៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ហើយ​ទំនាក់ទំនង​របស់គេ​មួយ Ronaldo នឹង​បង្កើនល្បឿន​នៃ​កិច្ចព្រមព្រៀង​នៅ​រដូវ​កាល​នេះ​តែម្តង​៕


Tag:
 បាល់ទាត់​
  Juventus
  Marcelo
© រក្សាសិទ្ធិដោយ thmeythmey.com