ទស្សនាវដ្តី Forbes កាលពីពេលថ្មីៗកន្លងមកនេះ បានចេញផ្សាយបញ្ជីឈ្មោះមហាសេដ្ឋី (Billionaires, The Richest People in the World សម្រាប់ឆ្នាំ២០១៩ ដែលមានចំនួន២១៥៣នាក់នៅលើពិភពលោក។ លោក Jeff Bezos និងគ្រួសារ ឈរលំដាប់លេខមួយដោយនាំមុខ លោក Bill Gates និងលោក Warren Buffet ខណៈគ្រួសារ Ambani នៅឥណ្ឌា មានជាងគេនៅអាស៊ី។ ជាមួយគ្នានេះ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏មានមហាសេដ្ឋីចំនួន៣៧៦រូបនៅក្នុងបញ្ជីរបស់ Forbes ផងដែរ។
ថៃ ជាប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេនៅតំបន់អាស៊ាន ពោលគឺមានរហូតដល់ទៅ៣១នាក់ ជាមួយទ្រព្យសម្បត្តិសរុប ៩៤,៨ពាន់លានដុល្លារអាមេរិក។ សិង្ហបុរី មាន២២នាក់ (ទ្រព្យរួម ៧១,៣ពាន់លានដុល្លារអាមេរិក), ឥណ្ឌូណេស៊ី មាន២១នាក់ (ទ្រព្យរួម៧៨,៥ពាន់លានដុល្លារអាមេរិក), ហ្វីលីពីនមាន១៧នាក់ (ទ្រព្យរួម ៤៧,៧ពាន់លានដុល្លារអាមេរិក), ម៉ាឡេស៊ី មាន១៣នាក់ (ទ្រព្យរួម ៦១,៦ពាន់លានដុល្លារអាមេរិក) និងវៀតណាម៥នាក់ (ទ្រព្យរួម ១៣,៦ពាន់លានដុល្លារអាមេរិក)។
ក្នុងចំណោមបញ្ជីឈ្មោះមហាសេដ្ឋីទាំង២១៥៣នាក់លើពិភពលោក ទស្សនាវដ្តី Forbes បានបញ្ជាក់ថា ១៩៥នាក់ ត្រូវដាក់ចូលក្នុងបញ្ជីជាលើកដំបូង ដែលក្នុងនោះ មាន៧រូបពីហ្វីលីពីន ៤រូបពីថៃ ២រូបពីសិង្ហបុរី ២រូបពីវៀតណាម និង១រូបពីឥណ្ឌូណេស៊ី។
នៅឥណ្ឌូណេស៊ី នាំមុខដោយលោក R. Budi Hartono (លេខ៥៤ពិភពលោក) មហាសេដ្ឋីជំនួញផ្នែកថ្នាំជក់ និងធនាគារ ដោយមានទ្រព្យសម្បត្តិ ១៨,៦ពាន់លានដុល្លារអាមេរិក រីឯលោក Michael Hartono (លេខ៥៦ពិភពលោក) ដែលជាបងប្រុស មានទ្រព្យ ១៨,៨ពាន់លានដុល្លារអាមេរិក និងមានភាគហ៊ុននៅ Bank Central Asia ផងដែរ។
នៅថៃ លោក Dhanin Chearavanont ប្រធានក្រុមហ៊ុនលក់ចំណីសត្វ Charoen Pokphand Group ស្ថិតក្នុងចំណាត់ថ្នាក់ទី៧៥លើពិភពលោក ដោយមានទ្រព្យសម្បត្តិ ១៥,២ពាន់លានដុល្លារអាមេរិក។ លោកCharoen Sirivadhanabhakdi (លេខ៨៧) កូនស្ថាបនិកក្រុមហ៊ុន Chang Beer មានទ្រព្យ ១៤,៥ពាន់លានដុល្លារអាមេរិក។ លោក Aiyawatt Srivaddhanaphrabha និងគ្រួសារ (លេខ២៩០) ដែលបានស្នងមរតកពីលោក Vichai Srivaddhanaprabha មានទ្រព្យ៥,៩ពាន់លានដុល្លារអាមេរិក។ លោក Vichai ស្ថាបនិកក្រុមហ៊ុន King Power និងជាម្ចាស់ក្លិប Leicester City បានទទួលមរណភាពក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែតុលា ឆ្នាំ២០១៨។
នៅសិង្ហបុរី អ្នកមានជាងគេគឺ លោក Robert & Philip Ng (លេខ១១២), លោក Goh Cheng Liang (លេខ២០៣) និងលោក Zhang Yong (លេខ២២៤)។ នៅម៉ាឡេស៊ី មានលោក Robert Kuok (លេខ១០៤) លោក Quek Leng Chan (លេខ១៤៩) និងលោក The Hong Piow (លេខ២៣៣) ដែលនាំមុខគេ។
ហ្វីលីពីននាំមុខដោយ លោក Manuel Villar (លេខ៣១៧) លោក John Gokongwei (លេខ៣៤៣) និងលោក Enrique Razon (លេខ៣៧៩)។ រីឯលោក Pham Nhat Vuong ជាមហាសេដ្ឋីលំដាប់ទីមួយនៅវៀតណាម និងមានចំណាត់ថ្នាក់លេខ២៣៩លើលោក ហើយអ្នកបន្ទាប់រួមមាន លោកស្រី Nguyen Thi Phuong Thao (លេខ១០០៨) និងលោក Ho Hung Anh (លេខ១៣៤៩)៕