អន្តរជាតិ
​អ្នកកាសែត​ស្ត្រី​ចំនួន​២៧​នាក់​កំពុង​ជាប់ឃុំ​នៅ​ទូទាំង​ពិភពលោក​
08, Mar 2019 , 8:39 pm        
រូបភាព
ដោយ: រួបរួម
​នាឱកាស​នៃ​ទិវា​នារី​អន្តរជាតិ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (RSF) បានស្នើ​ឲ្យ​មានការ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​ចំពោះ​អ្នកកាសែត​ស្ត្រី​ចំនួន​២៧​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​កំពុង​ជាប់ឃុំ​ខ្លួន​។​


 
​ក្នុងចំណោម​អ្នកសារព័ត៌មាន​៣៣៤​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​គិត​ត្រឹម​ចុងខែ​កុម្ភៈ មាន​២៧​នាក់ ឬ​៨​ភាគរយ ជានា​រី​។ នេះ​បើតាម​ការអះអាង​របស់ RSF ដោយបាន​ប្រៀបធៀប​ថា កាលពី​៥​ឆ្នាំមុន អ្នកកាសែត​ស្ត្រី​ដែល​ជាប់ឃុំ មាន​ត្រឹមតែ​៣​ភាគរយ​ប៉ុណ្ណោះ​។​

​ប្រទេស​ចំនួន​៩​ដែលមាន​អ្នកកាសែត​ស្ត្រី​កំពុង​ជាប់ឃុំ ដោយ​អ៊ីរ៉ង់ និង​ចិន មាន​ចំនួន​ច្រើនជាង (៧​នាក់​រៀងៗ​ខ្លួន​)​។ តួ​ក​គី​ស្ថិតនៅ​លំដាប់​បន្ទាប់ ដោយមាន​ចំនួន​៤​នាក់ បើទោះបីជា​ពួកគេ​ទើប​ដោះលែង​អ្នកកាសែត​អំបូរ​ឃើ​ដ Zehra Dogan កាលពីពេល​ថ្មីៗ​កន្លែង​មកនេះ​ក៏ដោយ​។​

​អារ៉ាប់​ប៊ី​សា​អូឌីត មាន​អ្នកកាសែត​ស្រី​ចំនួន​៣​នាក់​កំពុង​ជាប់ឃុំ ខណៈ​វៀតណាម មាន​២​នាក់ អេ​ហ្ស៊ី​ប បា​រ៉ែ​ន ស៊ី​រី និង​នី​កា​រ៉ា​ហ្គា មាន​ម្នា​ក់រៀងៗ​ខ្លួន​។ ស្ត្រី​ទាំងនោះ ត្រូវបាន​ជាប់ឃុំ និង​កាត់ទោស​ពាក់ព័ន្ធ​នឹង​អត្ថបទ​របស់ខ្លួន ដោយ​អ្នកខ្លះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ថែម​ទៀតផង​។​

​នៅ​អ៊ីរ៉ង់ Narges Mohammadi និង Hengameh Shahidi ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​១០​ទៅ​១២​ឆ្នាំ ពីបទ​សមគំនិត​ប្រឆាំង​សន្តិសុខ​ជាតិ និង​រដ្ឋ​ឥស្លាម ខណៈ Roya Saberi Nagad Nabokht ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​២០​ឆ្នាំ កាលពី​ឆ្នាំ​២០១៤ សម្រាប់​ការ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​ក្រោយមក​កាត់បន្ថយ​ចំនួន​៥​ឆ្នាំ​។​


​នៅ​ចិន Gulmira Imin ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ពាក់ព័ន្ធ​នឹង​ចលនា​បំបែក​ខ្លួន​អ៊ុយ​ហ្គួ​រ ខណៈ Nazli Illicak នៅ​តួ​ក​គី មាន​វាសនា​ដូចគ្នា​ពីបទ​រិះគន់​វាយប្រហារ​រដ្ឋាភិបាល​។​

​ករណី​ជាច្រើន​ទៀត​ដែល​ធ្វើ​អ្នកកាសែត Blogger ស្ត្រី ត្រូវបាន​ចាប់ខ្លួន និង​ផ្តន្ទាទោស ហើយ​អ្នក​ទាំងនោះ​តែងតែ​បន្ត​រង​ទារុណកម្ម ការគំរាមកំហែង និង​ការ​បៀតបៀន​ផ្លូវភេទ​ផងដែរ​៕

Tag:
 អ្នកកាសែត​
  សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com