អន្តរជាតិ
ប្រទេស៦ ក្នុងពិភពលោកផ្តល់សិទ្ធិពេញលេញឲ្យស្ត្រីស្មើគ្នានឹងបុរស រូបភាព៖ CNN
× កាលពី១០ឆ្នាំកន្លងទៅ គ្មានប្រទេសណាមួយក្នុងពិភពលោកចាត់ទុកស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នាដែលស្ថិតក្រោមច្បាប់ឡើយ។ នេះបើយោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍សមភាពយេឌ័ររបស់ធនាគារពិភពលោក។ យ៉ាងណាមិញ បច្ចុប្បន្ននេះ គឺមានប្រទេសចំនួន៦ដែលសុទ្ធសឹងជារដ្ឋអឺរ៉ុបដែលបានសម្រេចជោគជ័យក្នុងការផ្តល់សិទ្ធិការងារពេញលេញឲ្យស្ត្រីស្មើគ្នានឹងបុរស។
របាយការណ៍ធនាគារពិភពលោកដែលចេញផ្សាយចុងខែកុម្ភៈ បានវាយតម្លៃថា ប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗ ដែលជិះឥទ្ធិពលលើស្ត្រីនៅរាល់ដំណាក់កាលក្នុងជីវិតកាងាររបស់ពួកគេ។ ក្នុងនោះគឺរាប់ចាប់ពី ការដាក់ពាក្យធ្វើការងារ, ពេលមានកូន, ទទួលបានសោធននិវត្តន៍ និងភាពរីកចម្រើននៃសមភាពយ៉េនដ័រក្នុងរយៈពេលចុងក្រោយនេះ។
ការសិក្សា បង្ហាញថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ប្រទេសភាគច្រើនលើពិភពលោកធ្វើដំណើរឆ្ពោះទៅក្បែរសមភាពយេនឌ័រដែលស្ថិតក្រោមច្បាប់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ មធ្យមភាគនៃពិន្ទុជាសកលកើនឡើងពី ៧០,០៦ ទៅ ៧៤,៧១ នាពេលបច្ចុប្បន្ននេះ។
យោងតាមសន្ទស្សន៍ដដែលនេះ បណ្តាប្រទេសចំនួន៦ដែលបច្ចុប្បន្នមានច្បាប់ការពារបុរសនិងស្ត្រីដោយស្មើភាពគ្នា រួមមាន បែលហ្ស៊ិក, ដាណឺម៉ាក, បារាំង, ឡេតូនី, លុចសំបួ និងស៊ុយអែត។
ការសិក្សាដែលមានចំណងជើង «ស្ត្រី, ជំនួញ និងច្បាប់ឆ្នាំ២០១៩៖ មួយទសវត្សរ៍នៃការធ្វើកំណែទម្រង់» បានគណនាពិន្ទុរបស់ប្រទេសនីមួយៗ ដោយប្រើប្រាស់សូចនាករចំនួន ៣៥ ខុសៗគ្នា។ ក្នុងនោះគឺផ្តោតសំខាន់លើ ច្បាប់ដែលជិះឥទ្ធិពលលើសមត្ថភាពស្ត្រីក្នុងការរស់នៅ និងប្រកបការងារដោយសេរី។ ចំណុចទិន្នន័យនីមួយៗត្រូវបែងចែកទៅជាក្រុមចំនួន៨ ដូចជា ការដើរហើរ, ចាប់ផ្តើមប្រកបការងារ, ទទួលប្រាក់កម្រៃ, រៀបការ, មានកូន, ធ្វើជំនួញ, ចាត់ចែងទ្រព្បសម្បត្តិ និងទទួលប្រាក់ចូលនិវត្តន៍។
សូមបញ្ជា្កក់ថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ តំបន់ដែលរីកចម្រើនខ្លាំងជាងគេបំផុតលើមធ្យមភាគគឺអាស៊ីខាងត្បូង និងតាមពីក្រោយដោយអាស៊ីបូព៌ា, តំបន់ប៉ាស៊ីហ្វិក និងតំបន់អាហ្វ្រិកភាគខាងលើសាហារ៉ា។ ចំណែកឯ តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរីកចម្រើនតិចតួច ដោយទទួលពិន្ទុតំបន់ជាមធ្យមត្រឹម ៤៧,៣៧ភាគរយប៉ុណ្ណោះ។ នេះមានន័យថា ស្ត្រីទទួលបានសិទ្ធិស្របច្បាប់ទាបជាងបុរសដល់ទៅជាងពាក់កណ្តាលឯណោះ។
ក្នុងចំណោមប្រទេស ដែលការសិក្សាខាងលើរកឃើញថាមានភាពរីកចម្រើនខ្ពស់បំផុតក្នុងលំដាប់ពិន្ទុនោះ ភាគច្រើននៃប្រទេសនោះបានបង្កើតច្បាប់ ដែលការពារប្រឆាំងនឹងការរំលោភបំពានផ្លូវភេទ, ការរើសអើងក្នុងទទួលគុណសម្បត្តិ និងរឹតត្បិតលើការងារប្រភេទមួយចំនួន ជាពិសេសការងារវេនយប់ជាដើម។ យ៉ាងណាមិញ ប្រទេសច្រើនជាង ៥៦នៅជុំវិញពិភពលោក ពុំទាន់អនុវត្តច្បាប់ណាមួយដើម្បីពង្រឹងសមភាពយេនឌ័រនៅឡើយទេក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។
យោងតាមអ្នកនិពន្ធនៃការសិក្សារបស់ធនាគារពិភពលោក ប្រទេសទាំងនេះកំពុងបាត់បង់ឱកាសសេដ្ឋកិច្ចដ៏ធំសម្បើមមួយ ដ្បិតទិន្នន័យបង្ហាញថា នៅពេលប្រទេសអនុម័តច្បាប់ដែលផ្តល់សិទ្ធិការពារស្មើគ្នាពេញលេញរវាងស្ត្រីនិងបុរសនោះ ស្ត្រីជាច្រើននឹងចូលរួមក្នុងកម្លាំងការងារ៕
© រក្សាសិទ្ធិដោយ thmeythmey.com