ជាតិ
ពេលខ្លះ​រង​ការ​ចំអក តែ Catherine បន្ត​ឆ្ពោះទៅមុខ​ក្នុងការ​ផ្តល់​សារ​អប់រំ​សុខភាព​បន្ត​ពូជ​
08, Mar 2019 , 4:18 pm        
រូបភាព
​បញ្ហា​សុខភាព​បន្ត​ពូជ នៅតែ​ជា​រឿង​ដ៏​រសើប​នៅក្នុង​សង្គម​កម្ពុជា​។ Catherine V Harry ​ជា​យុវតី​មួយរូប ដែល​បានចេញ​មុខមក​និយាយ​ចំៗ​ពី​សុខភាព​បន្ត​ពូជ​ដ៏​រសើប​នេះ ដោយ​ប្រើប្រាស់​ប្លុក​ផ្ទាល់ខ្លួន​ឈ្មោះថា​«A Dose of Cath»​។  ក្រៅពី​សុខភាព​ផ្លូវភេទ នាង​ក៏​លើកឡើង​ខ្លះ​ដែរ​ពី​ការលើកកម្ពស់​សិទ្ធិ​, សិទ្ធិ​ស្ត្រី​, និង​បញ្ហា​សង្គម​មួយចំនួន​ដែរ​។



A Dose of Cath បានចាប់កំណើត​នៅក្នុង​ឆ្នាំ​២០១៣ ក្នុង​ទម្រង់​ជា​សំណេរ ក្នុង​បំណង​បង្ហាញ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ទៅកាន់​សាធារណជន​។ ដោយ​មើលឃើញថា ការអាន​មិនសូវ​ពេញនិយម ដូចជា​ការមើល​វីដេអូ Catherine ក៏បាន​ផ្លាស់ប្តូរ​ទម្រង់​នៃ​ការបញ្ចេញ​គំនិត​របស់ខ្លួន ជុំវិញ​បញ្ហា​សុខភាព​បន្ត​ពូជ មកជា​វីដេអូ​វិញ នៅក្នុង​អំឡុង​ឆ្នាំ​២០១៧​។ កញ្ញា Catherine ដែលមាន​វ័យ​២៤​ឆ្នាំ បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចង់បង្ហាញ​ពី​បញ្ហា​សុខភាព​បន្ត​ពូជ​ទៅ មនុស្ស​ទាំងអស់គ្នា ព្រោះ​បញ្ហា​សុខភាព​បន្ត​ពូជ គឺជា​សុខភាព​យើង ប៉ុន្តែ​យើង​អត់​ហ៊ាន​និយាយ ដោយ​គិតថា​ខ្មាសអៀន​។ នៅពេលដែល​យើង​អត់​និយាយ ក្មេងៗ ឬ​យុវវ័យ គឺ​គាត់​អត់​ដឹង​។ អីចឹង​បើទោះជា​យើង​ឃាត់​គាត់​យ៉ាងម៉េច ក៏​គាត់​នៅតែ​ធ្វើ​អ្វីដែល​គាត់​ចង់​ដែរ​។ វា​ជា​ការល្អ ដែល​គាត់​ដឹង​ពី​លទ្ធផល​មុន គាត​ដឹង​បើ​គាត់​ធ្វើ​អីចេះ វា​អាច​មានរឿង​អី​កើតឡើង​។ អីចឹង​គាត់​អាច​ការពារ​ខ្លួនឯងបាន​»​។​



​ចាប់​តាំងតែ​ពី​ពេល​នោះមក Catherine មើលឃើញថា បញ្ហា​សុខភាព​ផ្លូវភេទ ត្រូវបាន​គេ​យក​ជជែក​កាន់តែច្រើន ហើយ​សម្រាប់​យុវតី​រូបនេះ ចាត់​ថា​វា​ជាការ​ផ្លាស់ប្តូរ​បែប​វិជ្ជមាន​ក្នុងនាម​ជា Vlogger បើទោះជា​ពេលខ្លះ នាង​ក្លាយជា​ផ្ទាំង​ស៊ី​ប​ក៏ដោយ​។

​បច្ចុប្បន្ន Catherine ក៏​ចំណាយ​ពេលវេលា​កាន់តែច្រើន និង​ធ្វើការ​បាន​ពេញដៃពេញជើង ក្នុង​កិច្ច​ការដែល​ខ្លួន​ពេញចិត្ត​មួយ​នេះ​ការងារ​នេះ ព្រោះ​ការធ្វើ​វីដេអូ​ប្លុក បានក្លាយ​ជាការ​ងារ​ពេញ​ម៉ោង​របស់​នាង​ទៅហើយ​។​

​ទោះ​រង​ការ​ចំអក តែ Catherine បន្ត​ឆ្ពោះទៅមុខ​

​នៅក្នុង​វីដេអូ​នីមួយៗ លោកអ្នក​ប្រហែលជា​បាន​ឃើញថា Catherine ជា​មនុស្ស​ហ៊ាន​និយាយ​ចំៗ ឥត​លាក់លៀម​អំពី​រឿង​ផ្លូវភេទ ហើយក៏​មាន​ចរិត​រាង​កាច​បន្តិច​ដែរ ប៉ុន្តែ​ជាទូទៅ Catherine ជា​មនុស្ស​មាន​ឫកពារ​ស្ងៀមស្ងាត់ មាន​សម្តី​ស្រទន់​។

​គិត​មកដល់​ទល់​ពេលនេះ មាន​វីដេអូ​ឃ្លី​ប​និយាយ​ពី​សុខភាព​បន្ត​ពូជ វិធីសាស្ត្រ​ពន្យារកំណើត ហិង្សា និង​ការរំលោភបំពាន​ផ្លូវភេទ សិទ្ធិ​ស្មើគ្នា និង​បញ្ហា​សង្គម​ខ្លះ​ផង ជិត​១០០​ហើយ ដែល​ត្រូវបាន​ផលិត និង​ផ្សព្វផ្សាយ​នៅក្នុង​ប្លុក A Dose of Cath ។ ក្នុងចំណោម​វីដេអូ​ទាំងអស់ មាន​ខ្លះ Cath បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប នៃ​ការ​ចំអក និង​រិះគន់​មិន​សំចៃ​ពី​សាធារណជន​រហូតដល់​មានមតិ​មួយចំនួន​លើក​ថា នាង​ជា​អ្នកធ្វើ​បដិវត្តន៍ ឲ្យ​មានការ​និយាយ​ពី​សុខ​ភាពជា​សាធារណៈ​ទៀតផង​។

​ពាក្យ​ថា​ការធ្វើ​បដិវត្តន៍​នេះ មិនបាន​ធ្វើ​អ្នក​ភ្នំពេញ​រូបនេះ បាក់​ទឹកចិត្ត ឬ​រារែក​នឹង​ការងារ​បច្ចុប្បន្ន​របស់​ខ្លួន​នោះឡើយ ផ្ទុយទៅវិញ នាង​បែរ​មាន​មោទកភាព ប្រសិនបើ​នាង​បាន​ក្លាយជា​ចំណែក​មួយ ដែល​ជំរុញ​ឲ្យ​មានការ​និយាយ​ដោយ​បើកចំហ ជុំវិញ​បញ្ហា​សុខភាព​ផ្លូវភេទ និង​សិទ្ធិ​ស្មើគ្នា​នេះ​។ ម្យ៉ាងទៀត នាង​មាន​ប្រព័ន្ធ​គាំទ្រ​ដ៏​រឹងមាំ គឺ​មិត្តភក្តិ​ជិតស្និទ្ធ គ្រួសារ និង​ដៃគូ​របស់​នាង​ដែល តែង​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួន នៅ​រាល់ពេល​មានការ​រិះគន់ វាយប្រហារ​។​

Cath បញ្ជាក់​ដូច្នេះ​៖«​បើ​គេ​និយាយថា ខ្ញុំ​ចូលរួម​ក្នុង​ការធ្វើបដិវត្ត​នៃ​ការនិយាយ​ពី​សុខភាព​ផ្លូវភេទ ឬក៏​ចូលរួម​ក្នុង​ចលនា​សិទ្ធិ​ស្មើគ្នា គឺ​ខ្ញុំ​មាន​មោទកភាព​វិញ ព្រោះ​ខ្ញុំ​គឺជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​។ ហើយ​ពិភពលោក​ត្រូវការ​ផ្លាស់ប្តូ​រហើយ ព្រោះ​អ្វីដែល​កើតឡើង​នេះ នៅតែ​ប៉ះពាល់​ដល់​សិទ្ធិមនុស្ស នៅតែ​ប៉ះពាល់​ដល់​យុវវ័យ នៅតែមាន​ផលប៉ះពាល់​ដល់​មនុស្ស​មួយចំនួន​។ អីចឹង​បើ​ខ្ញុំ​ជា​ផ្នែក​មួយ នៃ​ការធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ខ្ញុំ​មាន​មោទកភាព​ចំពោះ​រឿង​ហ្នឹង​»​។

Cath ក៏​ចង់​ឲ្យ​សាធារណជន​បើក​ចិត្ត ទទួលយក​ការផ្លាស់ប្តូរ​បន្តិច​ម្តងៗ ជាជាង​បដិសេធ​ទាំងស្រុង​។ សម្រាប់ Cath ការបើក​ចិត្ត ចំហ​ខួរក្បាល​ទទួលយក អាច​ឲ្យ​គេ​មើលឃើញ​ពិភពលោក​ពី​ជ្រុង​មួយ​ផ្សេងទៀត ហើយក៏​អាច​មើលឃើញថា គំនិត​យោបល់​ទាំងនោះ ក៏​មិន​មានបំណង​អាក្រក់​ដែរ​។​



​ជា Vlogger ត្រូវ​ក្លាហាន និង​ជឿជាក់​

​មែនទែនទៅ Vlogger ជានា​រី នៅ​មិនទាន់មាន​ច្រើន​នៅឡើយ​កម្ពុជា​។ មូលហេតុ​ចម្បង​ត្រូវ

​បាន Catherine បញ្ជាក់ថា គឺ​ខ្វះ​គំរូ​ភាព ព្រោះ Vlogger ឬ YouTuber ភាគច្រើន​ជា​បុរស ដូច្នេះ​មនុស្ស​ស្រី​គិតថា អាជីព​នេះ​សម្រាប់តែ​មនុស្ស​ប្រុស​។ ទោះជា​យ៉ាងនេះ​ក្តី Catherine លើកទឹកចិត្ត​មនុស្ស​ស្រី​ទាំងអស់ ដែល​ចង់​ក្លាយជា Vlogger ត្រូវ​ចាប់​ផ្តើមធ្វើ​វាពី​វេលា​នេះ​ទៅ ដោយ​ចាប់ផ្តើម​ពី​ការស្វែងរក​ប្រធានបទ​ដែល​ខ្លួន​ចង់​និយាយ​។ អ្វីដែល​សំខាន់ គឺ​ត្រូវ​ក្លាហាន ជឿជាក់​លើ​ខ្លួនឯង និង​ជឿជាក់​លើ​ប្រធានបទ​ដែល​ខ្លួន​នឹង​និយាយ​។ ចំណែកឯ​រឿង​បច្ចេកទេស គឺជា​រឿង​ដែល​យើង​អាច​រៀន​បាន​តាម​ក្រោយ តែ​អ្វីដែល​សំខាន់ គឺ​ត្រូវ​ចាប់ផ្តើម​សិន​។ នេះ​ជាការ​បន្ថែម​របស់ Cath​។​

​ក្រៅពីនេះ ម្ចាស់​ប្លុក A Dose of Cath ក៏​ដាស់តឿន​អ្នក​ដែល​ចង់​ក្លាយជា Vlogger ឲ្យ ត្រៀម ចិត្ត​ទទួលយក​ការរិះគន់​ផងដែរ​។ កញ្ញា Catherine ពន្យល់​ដូច្នេះ​៖«​នៅពេលដែល​យើង បង្ហាញមុខ​នៅលើ​អ៊ីនធឺណិត គឺ​ត្រូវ​ត្រៀម​ចិត្ត​ថា​នឹងមាន​ការវាយតម្លៃ​ពី​មហាជន​។ អីចឹង​ត្រូវ​ត្រៀម​ឲ្យ​ហើយ​។ ដើម្បី​យើង​អាចធ្វើ​រឿង​ទាំងអស់​ហ្នឹង​បាន ត្រូវមាន​ប្រព័ន្ធ​គាំទ្រ ដូចជា​មិត្តភក្តិ អ្នក​នៅ​ជិត​ខ្លួន ឬ​អ្នកជា​ទីស្រឡាញ់​ណា ដែល​គាត់​ជឿជាក់​លើ​អ្វីដែល​យើង​ធ្វើ​ដែរ​។​យើង​អត់​អាច​ផ្គាប់ចិត្ត​មនុស្ស​ទាំងអស់គ្នា​ទេ​។ អីចឹង​ត្រូវ​ជឿជាក់​នៅលើ​អ្វីដែល​យើង​និយាយ​។ ត្រូវ​ប្រកាន់​ជំហរ​ខ្លួនឯង​»​។​

​ទៅ​ថ្ងៃ​អនាគត កញ្ញា Catherine ចង់​ឲ្យ​ប្លុក​របស់ខ្លួន A Dose of Cath ក្លាយ​ទៅ​កន្លែង​មួយ​មួយ​ដែលមាន​សុវត្ថិភាព​សម្រាប់​ក្មេងៗ ពិសេស​ក្មេងស្រី និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អាច​បញ្ចេញមតិ​របស់​ខ្លួន​ដោយ​បើកចំហ​៕




© រក្សាសិទ្ធិដោយ thmeythmey.com