ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
យុវជន ដារ៉ាវីត យក«លូបឹងត្របែក»ជាចំណុចផ្តើមដើម្បីប្រែភ្នំពេញទៅជាទីក្រុងគ្មានសំរាម
× ភ្នំពេញ៖ យុវជនយុវនារីមួយក្រុមមានគ្នាប្រហែលជាង ២០នាក់បន្តនាំគ្នាប្រមូលសំរាមនៅតាមលូទឹកស្អុយបឹងត្របែកនៅព្រឹកថ្ងៃសុក្រ ទី ៨ខែមីនា ហើយចលនាស្ម័គ្រចិត្តនេះទទួលបានការគាំទ្រជាកម្លាំង ស្មារតី និងសម្ភារៈជាបន្តបន្ទាប់។ លោក សាន ដារ៉ាវីត ដែលបានផ្តួចផ្តើមការប្រមូលសំរាមនេះបានអះអាងថា គោលដៅចម្បងរបស់លោក គឺ កែប្រែទីក្រុងភ្នំពេញគ្មានសំរាមនៅពេលអនាគត។
យុវជន សាន ដារ៉ាវីត បានរៀបរាប់សារព័ត៌មានថ្មីៗ (Thmey Thmey) ថា ខ្លួនបានប្រមូលសំរាមលូបឹងត្របែកនេះអស់រយៈពេល ៥ថ្ងៃហើយគិតត្រឹមថ្ងៃសុក្រទី ៨ខែមីនា ដោយចាប់ផ្តើមសកម្មភាពជាមួយមិត្តភក្តិខ្លួនប្រហែលបួននាក់។
ពេលសួរនាំពីចំនួនអ្នកស្ម័គ្រចិត្តចូលរួម ដារ៉ាវីត បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា លោកមិនរំពឹងឡើយថា មានអ្នកចូលរួមច្រើនជាហូរហែរ និងមានអ្នកបន្តផ្តល់ការលើកទឹកចិត្តតាមរយៈការឧបត្ថម្ភជាលុយកាក់និងភេសជ្ជៈបែបនេះ។
ជុំវិញហេតុផលការចាប់ផ្តើមសកម្មភាពសម្អាតសំរាមនៅលូទឹកស្អុយនេះ ដារ៉ាវីត បានអះអាងប្រាប់ថ្មីៗថា លោកមានអារម្មណ៍មិនសូវស្រួលពេលជិះកាត់តាមលូម្តងៗ ហើយលោកក៏យល់ឃើញថា វាជាការចូលរួមចំណែករបស់លោកជាពលរដ្ឋម្នាក់ផង។ អ្វីដែលសំខាន់បំផុតនោះ ដារ៉ាវីតខ្លួនឯងមានមហិច្ឆតាមួយធ្វើឲ្យទីក្រុងភ្នំពេញស្អាតគ្មានសំរាម។ ដារ៉ាវីត និយាយបែបនេះ៖ «គោលដៅខ្ញុំគឺចង់ធ្វើឲ្យទីក្រុងភ្នំពេញគ្មានសំរាម និងគ្មានដីហុយ។ ខ្ញុំធានាថា ខ្ញុំនឹងធ្វើវាឲ្យបាន ទោះជាប្រើពេលយូរប៉ុនណាក៏ដោយ»។
យ៉ាងណាក៏ដោយ បច្ចុប្បន្នការប្រមូលសំរាមតាមរយៈសកម្មភាពស្ម័គ្រចិត្តនេះធ្វើបានតែពេលព្រឹកប៉ុណ្ណោះ ដ្បិតថា ពេលថ្ងៃអាកាសធាតុក្តៅខ្លាំង ហើយកន្លងមកមានអ្នកចូលរួមខ្លះឈឺផង។ ដូច្នេះសំរាមនៅសល់ច្រើន ប៉ុន្តែវាមិនមែនជាឧបសគ្គធំរារាំង ដារ៉ាវីត និងអ្នកស្ម័គ្រចិត្តផ្សេងទៀតឡើយ។ ដារ៉ាវីត ប្តេជ្ញាចិត្តថា លោកនឹងប្រមូលសំរាមទាល់តែរួចរាល់ ទោះយូរប៉ុណ្ណាក៏ដោយ។
ក្នុងបទសម្ភាសដដែល ដារ៉ាវីត បានឆ្លៀតឱកាសសំណូមពរផងដែរ ដល់ប្រជាជនទាំងអស់គ្នាកុំឲ្យប្រើប្រាស់ពាក្យសំដីអសុរស ជេរស្តី ឬតិះដៀលអ្នកបោះសំរាមចោលដោយសារគ្នាមិនបានយល់ ឬគ្នាមិនមានចំណេះដឹង ដ្បិតថា វាមិនបានធ្វើឲ្យមានការផ្លាស់ប្តូរអ្វីឡើយ។ ផ្ទុយទៅវិញ យុវជនរូបនេះចង់ឲ្យមានការចូលរួមរើសសំរាមទាំងនោះវិញ ដោយវាអាចក្លាយជាគំរូសម្រាប់អ្នកបោះសំរាមចោលផ្តេសផ្តាស និងអាចឲ្យពួកគេរៀនសូត្រហើយកែប្រែទង្វើរបស់ខ្លួនបាននៅពេលណាមួយខាងមុខផង។
«កុំប្រើប្រាស់ពាក្យដៀលត្មិះ និងពាក្យមើលងាយដល់អ្នកបោះសំរាមអី។ ខ្ញុំគិតថា បរទេសគេមើលងាយយើងឆ្អែតហើយ។ យើងជាប្រជាជនខ្មែរដូចគ្នា កុំប្រើពាក្យហ្នឹង ព្រោះវាគ្មានអ្វីចម្រើនឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com