អន្តរជាតិ
ឃាតកម្ម Khashoggi៖ អឺរ៉ុប​,​កាណាដា​,​និង​អូស្ត្រាលី រិះគន់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​វេទិកា​សិទ្ធិមនុស្ស​UN
08, Mar 2019 , 5:59 pm        
រូបភាព
ដោយ:
​កាណាដា​, អូស្ត្រាលី​,  និង​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់ ស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោះលែង​សកម្មជន​១០​នាក់ និង​រួមសហការ​ជាមួយ​ការស៊ើបអង្កេត​ដឹកនាំ​ដោយ​អង្គការសហប្រជាជាតិ​ក្នុង​រឿងក្តី​ឃាតកម្ម​អ្នកសារព័ត៌មាន Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​ខ្លួន​ប្រចាំ​ទីក្រុង Istanbul ប្រទេស​តួ​ក​គី​។



​សេចក្តីថ្លែងការណ៍​រួម​ដ៏​កម្រ​មួយ​នេះ គឺជា​ការ​ប្រតិកម្ម​លើកដំបូង​បង្អស់​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ គិត​ចាប់ពី​វា​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៦​មក​។ ហើយ​ការ​ប្រតិកម្ម​នេះដែរ ក៏​ធ្វើឡើង​ចំ​ពេលដែល​ការព្រួយបារម្ភ​អន្តរជាតិ​ចេះតែ​កើនឡើង​ជុំវិញ​ការរំលោភបំពាន​សេរីភាព​នៃ​ការបញ្ចេញមតិ​ពី​សំណាក់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ប្រេសិត​ម្នាក់​មកពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  នៅ​ថ្ងៃទី​៧ ខែមីនា​ថា​៖«​វា​គឺជា​ជោគជ័យ​មួយ​សម្រាប់​អឺរ៉ុប​ដែល​រួមដៃគ្នា​ចាត់ការ​លើ​រឿងនេះ​»​។ សេចក្តីថ្លែងការណ៍​ដែល​ពុំ​ធ្លាប់ធ្វើ​ពីមុន​មកនេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​កាណាដា និង​អូស្ត្រាលី​ផងដែរ ប៉ុន្តែ​មិនមាន​សហរដ្ឋអាមេរិក​នោះទេ​។ វា​ត្រូវបាន​អាន​ដោយ​លោក Harald Aspelund អគ្គរដ្ឋទូត​អៀរ​ឡង់​ប្រចាំ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។

​លោក Aspelund គូសបញ្ជាក់ថា​៖ «​យើង​ពិតជា​ខ្វល់ខ្វាយ​អំពី​ការប្រើប្រាស់​ច្បាប់​ទប់ទល់​នឹង​អំពើ​ភេរវកម្ម និង​ច្បាប់​សន្តិសុខ​ជាតិ​ផ្សេងៗ​ទៀត ក្នុង​គោលដៅ​ប្រឆាំងនឹង​រូបវន្តបុគ្គល​ដែល​អនុវត្ត​សិទ្ធិ​និង​សេរីភាព​របស់គេ​ដោយ​សន្តិភាព​»​។

​សេចក្តីថ្លែងការណ៍​រួម​ខាងលើនេះ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត​បង្ហាញ​ពី​ព័ត៌មាន​ទាំងអស់​ដែល​ខ្លួន​មាន​ជុំវិញ​រឿងក្តី​ឃាតកម្ម​លោក Khashoggi អតីត​អ្នកកាសែត Washington Post ដែល​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃទី​២ ខែតុលា ក្នុង​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​ទីក្រុង Istanbul តួ​ក​គី​។

​ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍​រួម​ដដែល​នេះ ក៏បាន​ស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ដោះលែង​សកម្មជន​ចំនួន​១០​នាក់​ដែល​ខ្លួន​បាន​ឃុំខ្លួន ក្នុងនោះ​រួមមាន Loujain Al-Hathloul, Eman Al-Nafjan, Aziza Al-Yousef និង Samar Badawi ។

​ជា​ចុងក្រោយ សភា​អឺរ៉ុប និង​បណ្តា​ប្រទេស​គាំទ្រ បាន​និយាយថា ពួកគេ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការសម្លាប់​លោក Khashoggi និង​ក្រើនរំឭក​ជាថ្មី​ពី​តម្រូវការ​ចាំបាច់​ក្នុងការ​ការពារ​អ្នកសារព័ត៌មាន និង​រក្សា​ឲ្យ​បាន​នូវ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​នៅ​ទូទាំង​ពិភពលោក​៕


Tag:
 អឺរ៉ុប​
  កាណាដា​
  អូស្ត្រាលី​
  អា​រ៉ា​ប៊ី​សា​អូឌីត​
  Jamal Khashoggi
© រក្សាសិទ្ធិដោយ thmeythmey.com