អន្តរជាតិ
លោក វ៉ាង យី៖ ចិនសង្ឃឹមថា អឺរ៉ុបនឹងមាននយោបាយឯករាជ្យក្នុងទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង។ (រូបភាព Xinhua)
× ប្រមុខការទូតចិន វ៉ាង យី នៅថ្ងៃទី៨ ខែមីនា បង្ហាញក្ដីសង្ឃឹមថា អឺរ៉ុបនឹងប្រកាន់ជំហរនយោបាយឯករាជ្យក្នុងទំនាក់ទំនងជាមួយចិន។ លោក វ៉ាង មិនបានបញ្ជាក់ថាទេ អឺរ៉ុបត្រូវឯករាជ្យពីប្រទេសណាឡើយ តែគេដឹងច្បាស់ថា អាមេរិកជាមុខសញ្ញាតែម្ដង។ បើតាមរដ្ឋមន្ត្រីរូបនេះ ចិន និងសហភាពអឺរ៉ុបមានចំណុចដូចគ្នាច្រើន ហើយទំនាក់ទំនងជាមួយអង្គការតំបន់មួយនេះ ក៏ជាអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិនដែរ។
ទំនាក់ទំនងចិន និងសហភាពអឺរ៉ុប ស្ថិតក្នុងដំណាក់កាលវិជ្ជមាន។ នេះជាការលើកឡើងរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី នាសន្និសីទសារព័ត៌មានក្រៅកិច្ចប្រជុំសភានៅថ្ងៃទី៨ ខែមីនា។ ទោះស្ថានភាពទូទៅនៃទំនាក់ទំនងទ្វេភាគីមានភាពល្អប្រសើរក្ដី លោក វ៉ាង យី នៅតែសង្ឃឹមថា សហភាពអឺរ៉ុបនឹងរក្សាផលប្រយោជន៍វែងឆ្ងាយរបស់ខ្លួន ហើយអនុវត្តគោលនយោបាយជាមួយចិនដែលឯករាជ្យ រឹងប៉ឹង និងសម្លឹងទៅមុខ។
ការលើកឡើងរបស់លោក វ៉ាង យី ធ្វើឡើង ស្របពេលដែលអឺរ៉ុបមានបំណងដើរតាមអាមេរិកដែលកំពុងដាក់សម្ពាធខ្លាំងលើចិនជុំវិញជម្លោះពាណិជ្ជកម្ម។ ជាមួយគ្នានេះ រដ្ឋអឺរ៉ុបខ្លះទៀតក៏ប្រុងហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ពីការអភិវឌ្ឍបច្ចេកវិទ្យាល្បឿនអ៊ីនធឺណិតជំនាន់ទីប្រាំ (5G) ក្រោមហេតុផលថា ចិនអាចលួចព័ត៌មានសម្ងាត់តាមរយៈក្រុមហ៊ុននេះ។
លោក វ៉ាង ដែលកាន់តំណែងទីប្រឹក្សារដ្ឋផងនោះ អះអាងថា ទំនាក់ទំនងចិន-សហភាពអឺរ៉ុប មានការលូកលាន់ពីខាងក្រៅ តែចិនសង្ឃឹមថា នឹងមានការជជែកគ្នាកាន់តែច្រើនថែមទៀតដើម្បីគ្រប់គ្រង និងដោះស្រាយស្ថានការណ៍ដែលលេចឡើង។ បើតាមទីភ្នាក់សារព័ត៌មានរដ្ឋចិន Xinhua ប្រមុខការទូតចិនក៏និយាយដែរថា ចិន និងសហភាពអឺរ៉ុបមានចំណុចដែលត្រូវយល់ស្របគ្នា ច្រើនជាងប្រឆាំងគ្នា ហើយក្នុងស្ថានភាពមិនច្បាស់លាស់សព្វថ្ងៃ ភាគីទាំងពីរគួរមានជំហររួម។
ក្នុងសន្និសីទសារព័ត៌មានដដែល លោក វ៉ាង ក៏ប្រកាសពីគម្រោងទស្សនកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ទៅកាន់តំបន់អឺរ៉ុប។ បារាំង និងអ៊ីតាលី ជាគោលដៅនៃដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ស៊ី ។ ប្រមុខការទូតចិនបញ្ជាក់ថា ទស្សនកិច្ចរបស់លោក ស៊ី ជាការបង្ហាញពីការផ្ដល់អាទិភាពរបស់ចិនលើអឺរ៉ុប ការគាំទ្រសមាហរណកម្មនៅទ្វីបអឺរ៉ុប ហើយចិនចង់ឃើញអឺរ៉ុបមួយខ្លាំងក្លា និងមានការរួបរួម។
ជុំវិញព័ត៌មានទាក់ទងនឹងអ៊ីតាលីដែលចង់ចូលរួមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនោះ លោក វ៉ាង ប្រកាសស្វាគមន៍ ហើយមិនមែនតែអ៊ីតាលីឡើយ ចិនទទួលប្រទេសអឺរ៉ុបទាំងអស់ចង់ចូលរួមគម្រោងមានទឹកប្រាក់មហាសាលមួយនេះ។ មុននេះ អាមេរិកក៏ប្រាប់ឲ្យអ៊ីតាលីគិតគូរលើរឿងនេះដែរ ដោយប្រាប់ថា អ៊ីតាលីមិនប្រាកដទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនៅឡើយ៕
Tag:
ចិន
សហភាពអឺរ៉ុប
អាមេរិក
វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com