ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំជាមួយក្រុមបង់ក្លាដែស នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នាពហុកីឡដ្ឋានជាតិ។ មុនជួបគ្នានៅល្ងាចនេះ ទាំងគ្រូបង្វឹកកម្ពុជា និងបង់ក្លាដែស សុទ្ធតែលើកឡើងថា ពួកគេបានមើលការប្រកួត និងសិក្សាពីចំណុចខ្លាំងគ្នាទៅវិញទៅមករួចហើយ។ គ្រូបង្វឹកទាំងពីរជឿជាក់ថា ការប្រកួតថ្ងៃនេះនឹងក្លាយជាការប្រកួតដ៏ស្វាយស្វាយនិងតានតឹងបំផុត។
ការសិក្សាពីសមត្ថភាពរបស់គូប្រកួតមុនថ្ងៃប្រកួតមកដល់ វាជាតួនាទីរបស់បង្វឹកនៃក្រុមដែលត្រូវប្រឈមមុខដាក់គ្នា។ ព្រោះការសិក្សានេះ អាចជួយឲ្យពួកគេដឹងពីកម្រិតនៃលេង និងចំណុចខ្លាំងនិងចំណុចខ្សោយគូប្រកួតរៀងៗខ្លួន។ ជាក់ស្តែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmas និងលោក Jamie Day គ្រូបង្វឹកក្រុមបង់ក្លាដែស ដែលត្រូវជួបប្រទះគ្នានៅល្ងាចនេះ សុទ្ធតែបានអះអាងថា ពួកគេបានមើលការប្រកួតនិងសិក្សាពីចំណុចខ្លាំងគ្នាទៅវិញទៅមករួចហើយ។
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
លោក Felix Dalmas បាននិយាយថា ក្រុមបង់ក្លាដែសមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើន និងជាក្រុមមានសមត្ថភាពខ្លាំង ដែលសម្បូរដោយកីឡាករមានសមត្ថភាព។ តែយ៉ាងណាលោកចាត់ទុកការប៉ះជាមួយបង់ក្លាដែសជាការប្រកួតមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការសិក្សាពីបទពិសោធ ដើម្បីអភិវឌ្ឍសមត្ថភាពនិងបច្ចេកទេសឲ្យកាន់តែប្រសើរ។
«យើងបានមើលការប្រកួតខ្លះៗរបស់បង់ក្លាដែស គេជាក្រុមខ្លាំង ដែលអាចធ្វើការប្រកួតមានការប្រកួតប្រជែងខ្លាំង។ ហើយគេមានកីឡាករខ្លាំងគួរឲ្យចាប់មួយចំនួន និងមានចំណុចគួរឲ្យចាប់អារម្មណ៍ច្រើន។ តែអ្វីដែលសំខាន់ គឺក្រុមនេះមានគ្រូបង្វឹកដ៏ល្អ ដូច្នេះវានឹងក្លាយជាការប្រកួតមួយដ៏ល្អសម្រាប់យើង»។
ទន្ទឹមនឹងគ្រូបង្វឹកកម្ពុជាអះអាងពីការប្រើសុទ្ធតែកីឡាករយុវជនអាយុក្រោម២២ឆ្នាំ លោក Jamie Day បានបញ្ជាក់់ថា សម្រាប់ជំនួបនៅល្ងាចនេះ ក្រុមបង់ក្លាដែសមានកីឡាករជាយុវជនប្រមាណ៨០ភាគរយ។ គ្រូបង្វឹករូបនេះបន្ថែមថា ការផ្តល់ឱកាសដល់យុវជននេះ គឺដោយសារក្រុមយុវជនបង់ក្លាដែស ត្រូវប្រកួតវគ្គជម្រុះ AFC U23 Championship ដូចកម្ពុជាដែរ។ បង់ក្លាដែស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះបារ៉ែន, ប៉ាឡេស្ទីន និងស្រីលង្កា។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖«ខ្ញុំគិតថា គ្រប់គ្រូទាំងអស់សុទ្ធតែធ្វើការស្រាវជ្រាវព័ត៌មានអំពីគូប្រកួតរបស់ខ្លួន។ ខ្ញុំគិតថា ការជួបគ្នានៅល្ងាចនេះវានឹងក្លាយជាការប្រកួតមួយដ៏តានតឹង។ យើងបានស្រាវជ្រាវ និងមើលការប្រកួតរបស់កម្ពុជាធ្វើឲ្យយើងមានអារម្មណ៍ថាអាចឈ្នះការប្រកួត ហើយក៏អាចចាញ់ការប្រកួតផងដែរ បើយើងធ្វើមិនបានល្អ។ តែយ៉ាងណា ខ្ញុំសង្ឃឹមថា កូនក្រុមខ្ញុំនឹងធ្វើបានល្អនៅថ្ងៃនេះ»។
ក្រុមជម្រើសជាតិកម្ពុជាដែលសុទ្ធសឹងជាយុវជនអាយុក្រោម២២ឆ្នាំ ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមជម្រើសជាតិបង់ក្លាដែស សម្រាប់ជំនួបមិត្តភាពអន្តរជាតិកម្តៅសាច់ដុំ នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩នេះ។ បើតាមប្រវត្តិក្រុមទាំងពីរធ្លាប់គ្នាចំនួន៣លើករួចមកហើយ តែកម្ពុជាមិនធ្លាប់យកឈ្នះបង់ក្លាដែសនោះទេ ដោយស្មើ១ និងចាញ់២ប្រកួត។ តែមើលពីចំណាត់ថ្នាក់ក្នុងតារាងបាល់ទាត់ពិភពលោកកម្ពុជា(១៧២)ឈរលើបង់ក្លាដែស(១៩២)៕